ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ដោយមានការណែនាំពីក្រសួងមហាផ្ទៃឲ្យរៀបចំច្រកចេញចូលតែមួយ ក្នុងរាជធានី ខេត្តក្រុង ស្រុកខណ្ឌ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបំរើសេវាសាធារណៈដល់ប្រជាពលរដ្ឋ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញមានការខ្វះចន្លោះខ្លះ ក្នុងការបំរើសេវានៅតាមសង្កាត់។ឯកឧត្តមថា «រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើសេចក្តីណែនាំជូនដល់រដ្ឋបាលខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ឲ្យក្នុងសង្កាត់នីមួយៗរៀបចំក្រុមការងារបដិសណ្ឋារកិច្ច ដែលចាំទទួលប្រជាពលរដ្ឋមករកសេវាសាធារណៈនៅក្នុងសង្កាត់របស់ខ្លួន ព្រោះកន្លងមកយើងតែងតែលឺពាក្យនិយាយតៗគ្នា សឹងតែទៅជាទំនៀមទៅហើយ ដែលពាក្យមួយម៉ាត់ថា រកចៅសង្កាត់ពិបាកជាងរករដ្ឋមន្ត្រី »។
ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា «ក្រោយពីការរៀបចំក្រុមបដិសណ្ឋារកិច្ចជា២ក្រុម ដែលមានចៅរងទី១(ចៅសង្កាត់រងទី១)និងចៅរងទី២(ចៅសង្កាត់រងទី២) ជាប្រធានមក សំលេងដែលថា រកចៅសង្កាត់ពិបាកជាងរករដ្ឋមន្ត្រីនេះត្រូវបានសាបរលាប ហើយបាត់សូន្យពីរាជធានីភ្នំពេញ ហើយដោយសារសំលេងនេះមិនលឺតទៀត យើងសន្និដ្ឋានថា ចំណុចដែលយើងធ្វើនេះប្រជាពលរដ្ឋពិតជាគាំទ្រ»។
តែយ៉ាងណាមិញ ឯកឧត្តមអភិបាលរាជធានីរូបនេះ អះអាងថា បើសិនជាចៅសង្កាត់នៅតែកន្លែងដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ នោះចៅសង្កាត់នឹងក្លាយទៅជាចៅសង្កាត់ជើងដប់ ព្រោះថា មិនបានចុះទៅមូលដ្ឋាន។
គួរបញ្ជាក់ថា ការបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ មានគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានឲ្យបានឆាប់រហ័ស តាមនីតិវិធីសាមញ្ញ ប្រកបដោយតម្លាភាព គុណភាព គណនេយ្យភាព និងកាត់បន្ថយអំពើពុករលួយ៕