តួយ៉ាង បុរីលំនៅដ្ឋាន The Wood A Natha Residence ដែលចំណាយទុនវិនិយោគប្រមាណ ១៨លានដុល្លារ បានស្វែងរកដៃគូសហការពីប្រទេសសិង្ហបុរី ជាមួយក្រុមហ៊ុន International Property Advisors ដើម្បីមកជួយធ្វើឲ្យប្រសើរឡើងនូវសណ្តាប់ធ្នាប់ និងការរស់នៅក្នុងបំណងផ្គាប់ចិត្តអតិថិជនរបស់ខ្លួន និងប្រជែងក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។
អគ្គនាយកនាយិកានៃ The Wood A Natha Residence លោកជំទាវ កាំង ណៃគួយ ឲ្យដឹងថាបុរី The Wood A Natha Residence សង់លើផ្ទៃដី ៣ហិកតាកន្លះ ដោយមានលំនៅឋានចំនួន ១០៨លំនៅឋាន ហើយលក់បាន៩០ភាគរយហើយ។ លោកជំទាវបន្តថា ដោយសារតែលំនៅឋានក្នុងបុរីសាងសង់ក៏ជិតរួចរាល់ ហើយលក់ជិតអស់ផងនោះ ទើប The Wood A Natha Residence ត្រូវការអ្នកជំនាញផ្នែកអចលនទ្រព្យមកពីក្រៅប្រទេស ដើម្បីធ្វើឲ្យការរស់នៅរបស់អតិថិជនខ្លួនកាន់តែទំនើបទាន់សម័យ និងមានផាសុកភាព។
អ្នកស្រីបញ្ជាក់ថា «ការជ្រើសរើសអ្នកជំនាញមកជួយនេះ ជាវិធីមួយ ដែលធ្វើឱ្យអតិថិជន ដែលបានទិញផ្ទះស្ងប់ចិត្ត និងទាក់ទាញអ្នកដែលចង់បានផ្ទះឱ្យមកទិញផ្ទះរស់នៅ»។
ជុំវិញការសហការគ្នានេះដែរ លោក ខូ ស្វី យ៉ុង អគ្គនាយកក្រុមហ៊ុន International Property Advisors បានឲ្យដឹងថា ទីតាំងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ គឺជាទីតាំងល្អ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងអំណោយផលសម្រាប់ការរស់នៅ។ ដូនេះក្រុមហ៊ុនរបស់លោក នឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាព រៀបចំការរស់នៅក្នុង The Wood A Natha Residence ឲ្យកាន់តែមានលក្ខណៈល្អប្រសើរក្នុងការរស់នៅសម្រាប់មនុស្ស ៣ជំនាន់។
ទោះជាយ៉ាងណាក្ដីភាគីក្រុមហ៊ុនទាំងពីរ មិនបានបញ្ជាក់ថា តើគម្រោងតុបតែងលំម្អរបុរីខ្នាតធម្យមនេះត្រូវចាយប្រាក់ប៉ុន្មាននោះឡើយ។ប៉ុន្តែ ភាគទាំងពីរបានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នាមួយ នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៩។
បច្ចុប្បន្នមានបុរីជាច្រើនដូចជា បុរីប៉េងហួត បុរីហេងមានជ័យ បុរីសម្បត្តិមានហេង និងបុរីហាយតិច និងបុរី The Wood A Natha Residenceនេះជាដើម បានបោះទីតាំងក្នុងទឹកដីខណ្ឌច្បារអំពៅ។ ចំពោះការតុបតែលម្អវិញ ក្រុមអ្នកជំនួញទាំងនោះ បានជ្រើសរើសរចនាបទផ្សេងៗគ្នា ក្រុមហ៊ុនតុបតែងផ្សេងៗគ្នា ទៅតាមទំហំទឹកប្រាក់ និងធនធានរបស់ខ្លួន។ កន្លែងខ្លះរចនាងាយស្រួលរស់នៅហើយទីតាំងខ្លះទៀតក៏ត្រូវបានអតិជនរិះគុណផងក៏មាន។ ការរៀបចំតុបតែងលម្អជាយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ដើម្បីទាក់ទាញការរស់នៅក្នុងលំនៅឋាន ឬនិយាយឱ្យស្រួលស្ដាប់ គឺដើម្បីងាយស្រួលលក់ផ្ទះដាច់និងបានថ្លៃ៕
របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្នុងខែ មករាឆ្នាំ២០១៩ នេះ ក្រសួងបានផ្ដល់លិខិតអនុញ្ញាតសាងសង់ ចំនួន ៣២៣ គម្រោង ដែលមានទុនវិនិយោគជាង ៨២៩ លានដុល្លារ ធៀបនឹងខែ មករាឆ្នាំ២០១៨ តម្លៃទុនវិនិយោគបានកើនឡើងរហូត ១៧៨ ភាគរយ។ រីឯ នៅខែកុម្ភៈឆ្នាំនេះដែរគឺមានគម្រោងវិនិយោគប្រមាណ ៣៤៧ គម្រោង ដែលមានទុន វិនិយោគ ជាង ៥៥៤ លានដុល្លារ ធៀបនឹង ខែកុម្ភៈ ឆ្នាំ២០១៨ តម្លៃទុន វិនិយោគលើវិស័យសំណង់បានកើនឡើងរហូតជាង ៧០០ភាគរយ។
ជាមួយគ្នានេះ តាមរយៈការអភិវឌ្ឍនៃសំណង់នេះដែរ ក្រសួងក៏បានផ្តល់លិខិតឲ្យក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់និងសាងសង់ដែលមានសុពលភាពជិត១ ពាន់ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសិក្សាគម្រោងប្លង់ក្នុងស្រុកមាន ២៤ ក្រុមហ៊ុន និងបរទេស មាន ១៨ក្រុមហ៊ុន ចំណែកក្រុមហ៊ុនសាងសង់ក្នុងស្រុកមាន ៥៧៨ក្រុមហ៊ុន និងបរទេស ៣៦៣ ក្រុមហ៊ុន៕