ម្យ៉ាងទៀត សម្តេចតេជោ មិនចង់ឲ្យគេរិះគន់រាជរដ្ឋាភិបាលថា អត់ពូជស្រូវ និងដំណាំផ្សេងៗឲ្យកសិករឡើយ ខណៈគិតមកទល់ពេលនេះ រាជរដ្ឋាភិបាលបានបញ្ចេញពូជស្រូវប្រមាណ៧ពាន់តោនសម្រាប់ចែកជូនប្រជាពលរដ្ឋចំនួន២០ខេត្តក្រុង ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។
នាពិធីសំណេះសំណាល និងប្រគល់ស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ជាង១ម៉ឺន១ពាន់គ្រួសារនៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ តុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជំរុញឲ្យឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សិក្សាស្រាវជ្រាវរកវិធីសាស្ត្រ និងបច្ចេកទេសផលិតពូជស្រូវល្អៗសម្រាប់ចែកជូនកសិករពេលមានគ្រោះធម្មជាតិណាមួយកើតឡើង។ ការជំរុញនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានាថា រាជរដ្ឋាភិបាលមានស្រូវពូជគ្រប់គ្រាន់សម្រាប់ចែកជូនប្រជាកសិករក្នុងការបន្តការបង្កបង្កើនផលក្នុងករណីមានគ្រោះទឹកជំនន់ ឬរាំងស្ងួតកើតឡើង។
សម្រាប់ការផលិតពូជស្រូវ សម្តេចតេជោ បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មសិក្សាពីរបៀបផលិតនៅនឹងមូលដ្ឋានខេត្តនីមួយៗផ្ទាល់តាមរយៈការប្រើកម្លាំងកសិករ ដ្បិតថា រាជរដ្ឋាភិបាលពុំមានដីគ្រប់គ្រាន់សម្រាប់ផលិតពូជស្រូវនោះទេ។ ម្យ៉ាងការធ្វើបែបនេះ ព្រោះសម្តេចតេជោចង់ឲ្យខេត្តនីមួយៗមានពូជស្រូវបម្រុងទុកសម្រាប់ចែកជូនកសិកររៀងៗខ្លួន ពេលជួបគ្រោះធម្មជាតិម្តងៗ ជាជាងដឹកពូជស្រូវពីខេត្តមួយទៅខេត្តមួយ។ លើសពីនេះសម្តេចចង់ឲ្យប្រជាពលរដ្ឋទទួលបានពូជស្រូវល្អៗ សម្រាប់ដាំដុះក្នុងការបង្កបង្កើនផលរបស់ពួកគេ។ តាមរយៈគម្រោងនេះ កសិករ ក៏អាចពូជស្រូវមិនសូវល្អ មកប្តូរយកពូជស្រូវល្អៗផងដែរ។
ទន្ទឹមនឹងឲ្យស្វែងរកវិធីសាស្ត្រផលិតពូជស្រូវ និងដំណាំ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីសិក្សា និងបណ្តុះបណ្តាលបច្ចេកទេសការប្រើប្រាស់ជី ថ្នាំ និងគ្រាប់ពូជដល់កសិករ ក្នុងន័យធ្វើយ៉ាងណាឲ្យការដាំដុះស្រូវទទួលបានទិន្នផលខ្ពស់ និងប្រាក់ចំណេញ។ ការជំរុញនេះ ធ្វើឡើងក្រោយសម្តេចតេជោសង្កេតឃើញប្រជាពលរដ្ឋមានការប្រើប្រាស់បរិមាណពូជស្រូវ និងជីកសិកម្មខុសៗគ្នាស្របពេលផ្ទៃដីមានទំហំប៉ុនគ្នា។
បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន មកទល់ពេលនេះរាជរដ្ឋាភិបាលបានបញ្ចេញពូជស្រូវអស់ប្រមាណ៧ពាន់តោន សម្រាប់ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ទាំង២០ខេត្តក្រុងក្នុងចំណោម២៥រាជធានីខេត្តទូទាំងប្រទេស។ សម្តេចបានគូសបញ្ជាក់ថា គ្រោះទឹកជំនន់ឆ្នាំ២០២២ នេះបានបង្កផលប៉ះពាល់ និងមានទំហំប៉ះពាល់ធំជាងគ្រោះទឹកជំនន់កាលពីឆ្នាំមុនៗ។
បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងចំណោមខេត្តដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទាំងអស់ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ និងពោធិ៍សាត់ជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេនៅឆ្នាំនេះ។ ក្នុងនោះខេត្តបន្ទាយមានជ័យ ប៉ះពាល់ប្រជាពលរដ្ឋជាង១ម៉ឺន២ពាន់គ្រួសារ ដែលបណ្តាលឲ្យលិចស្រូវជិត៣ម៉ឺន២ពាន់ហិកតា និងលិចដំណាំរួមផ្សំជិត៣ហិកតា។ ចំណែកខេត្តបាត់ដំបងបានប៉ះពាល់ប្រជាពលរដ្ឋជាង១ម៉ឺន៥ពាន់គ្រួសារ បណ្តាលឲ្យលិចស្រូវជាង១ម៉ឺន៨ពាន់ហិកតា និងលិចដំណាំរួមផ្សំជាង២ម៉ឺន៤ពាន់ហិកតា។
ដោយឡែក ខេត្តកំពង់ធំទឹកជំនន់បានបង្កផលប៉ះពាល់ប្រជាពលរដ្ឋជាង១ម៉ឺន៨ពាន់គ្រួសារ, លិចស្រូវជាង២ម៉ឺន៦ពាន់ហិកតា និងលិចដំណាំរួមផ្សំជិត៧រយហិកតា។ រីឯខេត្តសៀមរាប បង្កផលប៉ះពាល់ប្រជាពលរដ្ឋជាង២ម៉ឺន៥ពាន់ហិកតាលិចស្រូវជាង៣ម៉ឺន៦ពាន់ហិកតា,៥៨៦ហិកត និងខេត្តពោធិ៍សាត់ បង្កផលប៉ះពាល់ប្រជាពលរដ្ឋ ជាង៦ពាន់៦រយគ្រួសារ និងលិចស្រូវជាង១ម៉ឺន១ពាន់ហិកតា៕