បើតាមសម្ដេច ហ៊ុន សែន អាស៊ានអាចនឹងបង្ខំចិត្តគិតគូរឡើងវិញ ចំពោះអ្វីដែលបានឯកភាពជាឯកឆន្ទ ៥ចំណុច ក្នុងករណីមានអ្នកទោសដទៃត្រូវប្រហារជីវិតបន្តទៀត នៅក្នុងរបបយោធាមីយ៉ាន់ម៉ា។
ថ្លែងនៅចំពោះប្រមុខការទូតអាស៊ាន និងគណៈប្រតិភូមកពីបណ្ដាប្រទេសសរុបចំនួន៣៩ នាពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅថ្ងៃទី៣ សីហា ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរិះគន់ចំៗ ដល់ការប្រហារជីវិតមនុស្ស៤នាក់ ដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នាពេលកន្លងមក។ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ដូច្នេះ បញ្ហានៅមីយ៉ាន់ម៉ា អាស៊ានបានចំណាយពេលវេលា និងថាមពលយ៉ាងច្រើន ដោយបានពុះពារ ការលំបាក និងជំនះការរិះគន់ជាច្រើន ដើម្បីជួយប្រទេសមួយនេះ និងប្រជាជនមីយ៉ាន់ម៉ា ក្នុងការរកដំណោះស្រាយនយោបាយ ហើយអាស៊ាននឹងបន្តអនុវត្តការងារនេះ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ ឯកភាពអាស៊ាន តាមរូបភាពណាមួយឡើយ។ យ៉ាងណាក៏ដោយ ជុំវិញការអនុវត្ដកុងសង់ស៊ីស ៥ចំណុច របស់អាស៊ាន ត្រូវបានសម្ដេចគូសរំលេចថា បើទោះបី ពុំមានភាពជឿនលឿនតាមដែលគ្រប់គ្នាចង់បាន ប៉ុន្តែការខិតខំរបស់អាស៊ាន នាពេលកន្លងមក បានសម្រេចភាពជឿនលឿនខ្លះដែរ ជាពិសេសលើការងារផ្តល់ជំនួយមនុស្សធម៌ ដល់អ្នកដែលត្រូវការបំផុត។
ប៉ុន្តែបើទោះជាបែបនេះក្ដី សភាពការណ៍ពេលនេះ ប្រែប្រួលខ្លាំងដែលអាចនិយាយបានថា កាន់តែអាក្រក់ជាងមុនពេលមានការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចទៅទៀត ក្រោយពីការអនុវត្តទោសប្រហារជីវិតលើសកម្មជនប្រឆាំង ៤នាក់ ដោយរបបយោធាមីយ៉ាន់ម៉ា។
ជុំវិញបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ ក៏បានសង្កត់ធ្ងន់ដូច្នេះថា «ក្នុងករណីមានអ្នកទោសដទៃទៀត ដែលនឹងត្រូវកាត់ទោសប្រហារជីវិត យើងត្រូវបង្ខំចិត្តគិតគូរឡើងវិញ អំពីតួនាទីរបស់អាស៊ានចំពោះការព្រមព្រៀងឯកច្ឆន្ឆ ៥ចំណុច»។ សម្ដេចតេជោ ហ៊ុន សែនបន្តថា កម្ពុជា ក៏ដូចជារដ្ឋសមាជិកអាស៊ានទាំងអស់ខកចិត្ត និងរន្ធត់យ៉ាងក្រៃលែងចំពោះការ ប្រហារជីវិតសកម្មជនបក្សប្រឆាំងទាំងនេះ បើទោះបីជាសម្ដេច និងថ្នាក់ដឹកនាំដទៃទៀត បានអំពាវនាវ ឲ្យមានការពិចារណាឡើងវិញ អំពីការកាត់ទោសប្រហារជីវិតនេះ ដើម្បីជាប្រយោជន៍នៃកិច្ចសន្ទនានយោបាយ សន្តិភាព និងការបង្រួបបង្រួមជាតិ ក៏ដោយ។
ក្រៅពីបង្ហាញពីការព្រួយបារម្ភពីបញ្ហាដែលបាននិងកំពុងកើតមាននៅមីយ៉ាន់ម៉ា ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាននាឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីគំនិតផ្តួចផ្តើមចំនួន២ ហើយសម្តេចសង្ឃឹមថា កម្ពុជាអាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូច ជាប្រទេសជាសមាជិកផ្សេងទៀត។ គំនិតផ្ដួចផ្ដើមទី១ គឺការដោះស្រាយចំពោះការគំរាមកំហែងដល់ការរស់រាននៃជីវិតក្នុងតំបន់ និងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូតខាត ផ្នែកបរិស្ថាន។ សម្តេចបានលើកឡើងថា រហូតមកដល់ពេលនេះ អាស៊ាន បាន និងកំពុងដាក់ចេញនូវដំណោះស្រាយ ជាគោលនយោបាយជាច្រើន ប៉ុន្តែការឆ្លើយតប ហាក់នៅផ្តោតតែលើវិស័យជាក់លាក់ និងខ្វះការសម្របសម្រួលរវាងគ្នា។ អាស៊ាន ចាំបាច់ត្រូវជំរុញកិច្ចការនេះបន្ថែមទៀត តាមរយៈការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវលក្ខខណ្ឌថ្នាក់ជាតិផ្សេងៗ ដើម្បីផ្ដល់ជាវេទិកា សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅ។
ដោយឡែក គំនិតផ្តួចផ្តើមទី២ ត្រូវបានសម្តេចអះអាងថា គឺពាក់ព័ន្ធនឹងវិធានការ ដើម្បីស្តារ និងងើបចេញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ សម្តេចបញ្ជាក់ថា អាស៊ាន បានឯកភាពអនុវត្តគំនិតផ្តួចផ្តើម និងកម្មវិធី នានា ក្រោមយុទ្ធសាស្ត្រធំទាំង ៤ នៃក្របខណ្ឌស្តារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន។ ស្របតាមយុទ្ធសាស្ត្រធំទី៣ ដែលសំដៅបង្កើនជាអតិបរមានូវសក្តានុពលនៃទីផ្សារអន្តរ អាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ច ដែលទូលំទូលាយជាងមុន។
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានប្រារព្ធធ្វើឡើង នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលប្រពឹត្តទៅចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ខណៈតំណាងប្រទេសចំនួន ៣៩ប្រទេស បានចូលរួម។ ក្នុងនាមជាប្រធានអាស៊ាននាឆ្នាំនេះ កម្ពុជាបានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈម ដោយទាមទារឲ្យអាស៊ានត្រូវកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នា ព្រមទាំងប្រមូលផ្តុំស្មារតីនៃ ការរួបរួមគ្នា ដើម្បីអាចដោះស្រាយបញ្ហាទាំងនេះ ប្រកបដោយប្រសិទ្ធភាព ខ្ពស់បំផុត៕