ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បែបនេះបានធ្វើឡើងនាឱកាសសម្ដេចអញ្ញើញថ្លែងសុរន្ទកថា ក្នុងព្រឹត្តិការណ៍ នៃកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រ៊ីកបូក (BRICS Plus) ស្ដីពីការអភិវឌ្ឍសកលក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍសកលសម្រាប់យុគ្គសម័យថ្មី ដើម្បីរួមគ្នាអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។
តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានថ្លែងសុរន្ទកថា ក្នុងព្រឹត្តិការណ៍ នៃកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រ៊ីកបូក (BRICS Plus) ស្ដីពីការអភិវឌ្ឍសកលក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍសកលសម្រាប់យុគ្គសម័យថ្មី ដើម្បីរួមគ្នាអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្លែងនាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះ ក្នុងរយៈពេលជាង ២ឆ្នាំ កន្លងមក ការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ បណ្តាលឱ្យមានការខាតបង់នូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច នៃប្រទេសកំពុងអភិវឌ្ឍ ដែលសម្រេចបានក្រោមក្របខណ្ឌ របៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
សម្ដេច ហ៊ុន សែន បានលើកឡើងទៀតថា បច្ចុប្បន្ន តំបន់ និងសកលលោក បាននិងកំពុង បន្តប្រឈមកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ដែលមិនអាចប៉ាន់ប្រមាណបាន ចំពោះការអភិវឌ្ឍ រួមមាន ការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយ, សង្គ្រាមយោធា, ពាណិជ្ជកម្ម និងបច្ចេក វិទ្យា, ការប្រែប្រួលអាកាសធាតុ, ការរឹតបន្តឹងនូវគោលនយោបាយរូបិយវត្ថុ ជាដើម។ កត្តាទាំងនេះ បាននិងកំពុងបង្កឲ្យមានការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ចសកលលោក និងបន្ទច់បង្អាក់ចរន្តសកលភាវូបនីយកម្ម ដែលធ្វើឱ្យខ្សែច្រវាក់តម្លៃសកល និងផលិតភាពសកល មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។
បើតាមសម្ដេច ហ៊ុន សែន ស្ថិតក្នុងបរិការណ៍ដែលការរីករាលនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ត និង ការខិតខំស្តារសេដ្ឋកិច្ចសកលលោក ជាអាទិភាពចំពោះមុខ ប្រ៊ីក (BRICS) ដែលជាសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងប្រកបដោយសក្តានុពល មានតួនាទីកាន់តែសំខាន់មិនអាចខ្វះបាន ក្នុងការពង្រីក និងពង្រឹងចលនានៃសកម្មភាពសេដ្ឋកិច្ចសកលលោកឲ្យត្រលប់ទៅរកកំណើនសក្តានុពល ដើម្បីពន្លឿនការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការ ប្រ៊ីកបូក (BRICS Plus) ជាកាលានុវត្ត ភាពមួយដ៏សំខាន់សម្រាប់ពង្រឹងភាពជាដៃជាមួយបណ្តាប្រទេសផ្សេងៗ ក្នុងការបង្កើតវេទិកាសម្រាប់លើក កម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងវិស័យអាទិភាពសំខាន់ៗ ដើម្បីបង្កើតឱកាសការងារ កាត់បន្ថយភាពក្រីក្រ ព្រមទាំងការធានាសន្តិសុខស្បៀង និងថាមពល ជាដើម ក្នុងការសម្រេចឱ្យបាននូវរបៀបវារៈ ឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងបរិបទនេះ សម្ដេច ហ៊ុន សែន បានជំរុញឲ្យបណ្ដាប្រទេសក្នុងតំបន់ និងប្រ៊ីក ត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និង ពង្រឹងពហុភាគីនិយម ជាពិសេស លើកកម្ពស់ការបើកចំហសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និង កាត់បន្ថយរបាំងពាណិជ្ជកម្មនានា ជាពិសេស លើទំនិញយុទ្ធសាស្ត្រ ដូចជាស្បៀងអាហារ, ថ្នាំពេទ្យ និង ថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និង ពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់ និង សកល ។ ជាមួយគ្នានេះ ការពង្រឹង និងពង្រីកកិច្ចសហការក្នុងវិស័យសង្គម-សេដ្ឋកិច្ចថ្មីៗ ក៏ជាកិច្ចការអាទិភាព។ ក្នុងនោះ យើងគួរផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការបង្កើនកិច្ចសហការក្នុង ការពង្រឹងសមត្ថភាព និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពកំណើនថ្មី ជាពិសេស ជួយប្រទេសដែលមានកម្រិតអភិវឌ្ឍន៍ទាប ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
បន្ថែមលើនេះ ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏គឺជា ផ្នែកមួយមិនអាចខ្វះបានសម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព តាមរយៈការគាំទ ការពង្រីកកិច្ចសហប្រតិបត្តិការ លើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញការធ្វើអន្តរកាលថាមពល និង ការប្រើប្រាស់បច្ចេកវិទ្យាបៃតង ជាដើម ។ សម្ដេចបានសង្កត់ធ្ងន់ទៀតថា ក្នុងនាម ជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ កម្ពុជានឹងខិតខំប្រឹងប្រែងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានជាមួយដៃគូ ក្នុងគោលដៅជំរុញការស្តារសេដ្ឋកិច្ច ឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ ដើម្បីឆ្ពោះទៅរកការសម្រេច បាននូវរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕