របាយការណ៍ចុងក្រោយដែលសេតវិមាន បានប្រកាសបានបង្ហាញថា បំណុលសាធារណៈសរុបរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានកើនឡើងដល់ទំហំ៣៤ទ្រីលានដុល្លារ ខណៈសមាជិកសភាជាន់ទាប ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ និងក្រុមសមាជិកសភាសំឡេងភាគតិចកំពុងឈានទៅរកការប្រទាំងប្រទើសគ្នាជាថ្មី នៅក្នុងការដោះស្រាយបញ្ហាវិបត្តិបំណុលនេះ។
ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានរាយការណ៍កាលពីថ្ងៃអង្គារ ទី២ ខែមករា ថា បំណុលសាធារណៈសរុបរបស់រដ្ឋាភិបាលសហព័ន្ធអាម៉េរិកបានឈានដល់ទំហំ៣៤ទ្រីលានដុល្លារ ជាលើកដំបូង ខណៈសមាជិកសភាត្រៀមខ្លួនសម្រាប់ការពិភាក្សា ដើម្បីស្វែងរកប្រភពមូលនិធិសហព័ន្ធជាបន្តបន្ទាប់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារ ដែលបានចេញកាលពីថ្ងៃសុក្រ សប្ដាហ៍មុនបង្ហាញថា នៅថ្ងៃពុធ ទី៣ ខែមករា បំណុលសាធារណៈសរុប ដែលមិនទាន់ទូទាត់សងបានកើនឡើងលើស៣៤ទ្រីលានដុល្លារ ខណ:កាលពីចុងឆ្នាំ២០២៣ បំណុលគឺមានត្រឹមតែជិត៣៤ទ្រីលានដុល្លារប៉ុណ្ណោះ។
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ពិដានបំណុលសហព័ន្ធបានកើនឡើងដល់ជាង៣៣,៧៩ទ្រីលានដុល្លារប៉ុណ្ណោះ ប៉ុន្តែដល់ថ្ងៃ២៩ ខែធ្នូ បំណុលសាធារណៈនេះបានកើនឡើងដល់ ៣៣,៨៩ទ្រីលានដុល្លារ ហើយចូលដល់ដើមខែមករា ឆ្នាំ២០២៤ វាបានកើនឡើងលើស៣៤ទ្រីលានដុល្លារ ហើយអាចនឹងបន្តកើនឡើងថែមទៀត ប្រសិនបើរដ្ឋាភិបាលអាម៉េរិកបន្តយឺតយ៉ាវនៅក្នុងការទូទាត់សង។
សារព័ត៌មានបស្ចិមប្រទេសមួយចំនួនបានរាយការណ៍ថា ទំហំបំណុលដ៏មហាសាលនេះមិនរាប់បញ្ចូលប្រភេទបំណុលមួយចំនួន និងបំណុលរបស់ភ្នាក់ងារមួយចំនួនផ្សេងទៀតនោះឡើយ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបានកើតឡើងភ្លាមៗ បន្ទាប់ពីបំណុលសហព័ន្ធបានកើនឡើងលើស៣៣ទ្រីលានដុល្លារក្នុងខែកញ្ញា ចំពេលមានការកើនឡើងនូវឱនភាពថវិកាសហព័ន្ធ ដែលជំរុញដោយការធ្លាក់ចុះប្រាក់ចំណូលពន្ធ និងការកើនឡើងនៃការចំណាយសហព័ន្ធ។
តាមការគ្រោងទុក សភាសហព័ន្ធនឹងកោះប្រជុំនៅសប្តាហ៍ក្រោយ ដើម្បីដោះស្រាយបញ្ហានេះនៅថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ដើម្បីសម្រួលដល់ការទូទាត់ការចំណាយរបស់រដ្ឋាភិបាលរហូតដល់ខែកញ្ញា ចំពេលមានការទាមទារពីគណបក្សសាធារណរដ្ឋឱ្យកាត់បន្ថយការចំណាយសារពើពន្ធឆ្នាំ២០២៤ ក្រោមកម្រិតដែលបានព្រមព្រៀងក្នុងខែមិថុនា។
សមាជិកសភាអាម៉េរិក ក៏សង្ឃឹមថា នឹងអនុម័តលើការផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែលផងដែរ។ ការខកខានក្នុងការអនុម័តថវិកាសហព័ន្ធនឹងធ្វើឱ្យក្រុងវ៉ាស៊ីនតោនធ្លាក់ចូលក្នុងវិបត្តិ និងកាន់តែពិបាក ខណ:ការបោះឆ្នោតប្រធានាធិបតីគ្រោងនឹងរៀបចំនៅខែវិច្ឆិកា ខាងមុខ៕
ដោយ: សរ សុជាតិ