ក្នុងអំឡុងពេលនិយាយជាមួយមន្រ្តីជាន់ខ្ពស់ លោកប្រធានាធិបតី ពូទីន បានដឹងថា ស្ថានភាពនៃការលក់រថយន្តរបស់រុស្ស៊ីនៅពេលនេះ គឺមិនស្រួលទេ និងបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាត្រូវខ្នះខ្នែង ឱ្យរថយន្តមានតម្លៃកាន់តែសមរម្យ។
ប្រធានាធិបតីរុស្ស៊ីរូបនេះ និយាយថា លោកចង់ឱ្យមានការគ្រប់គ្រងតម្លៃរថយន្តឱ្យបាននៅក្រោមផលវិបាកទាំងនេះ ដែលគេសុទ្ធតែបានដឹងហើយថា បញ្ហាទាំងនោះ រួមមាន ឡូជីស្ទីកផង ដោយមិនឱ្យមាននរណាម្នាក់ដំឡើងថ្លៃរថយន្តស្រេចតែចិត្ត ដែលមិនត្របតាមទីផ្សារនោះទេ។
បើតាមលោក Denis Manturov រដ្ឋមន្រ្តីពាណិជ្ជកម្មរុស្ស៊ី បានប្រាប់លោក ពូទីនថា ខ្សែចង្វាក់គ្រឿងបង្គុំ ត្រូវបានបង្កើនយ៉ាងលឿននៅតាមក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក។
លោកបន្តថា ក្រុមហ៊ុនរុស្ស៊ី Moskvich ដែលបានធ្លាក់ចុះដុនដាបចាប់តាំងពីក្រោយការដួលរំលំសហភាពសូវៀតមក នឹងបន្តផលិតរថយន្តត្រឹមចុងខែវិច្ឆិកានេះ។ ការផលិតនេះ គឺនៅក្នុងរោងចក្រមួយរបស់ក្រុមហ៊ុនបារាំង Renault ក្រោយក្រុមហ៊ុននេះផ្អាកប្រតិបត្តិការ។
លោក Manturov ក៏បានកត់សម្គាល់ដែរថា ទីផ្សាររថយន្តត្រូវបានគាំទ្រដោយកម្ចី និងការឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុនផលិត។ ក្នុងនោះ មានរថយន្តប្រមាណ ៥ម៉ឺន៥ពាន់គ្រឿង ត្រូវបានលក់ចេញដោយមានការគាំទ្រពីរដ្ឋាភិបាលនៅឆ្នាំនេះ។
ចំណែកលោក Maxim Sokolov ប្រធានក្រុមហ៊ុនរថយន្តឈានមុខរបស់រុស្ស៊ី Avtovaz ឱ្យដឹងថា ការលក់រថយន្តបានធ្លាក់ចុះជាង ៦០% គិតមកដល់ពេលនេះក្នុងឆ្នាំ២០២២ ហើយត្រឹមចុងឆ្នាំនេះ វាទំនងជានឹងមានចំនួនលក់តិចជាង ១ភាគ៤ ឯណោះ នៃការលក់ក្នុងរយៈពេល១ទសវត្សរ៍កន្លងទៅ។
លោកបន្តថា ចំនួននៃការលក់រថយន្តនៅក្នុងប្រទេសរុស្ស៊ីនៅឆ្នាំនេះ នឹងធ្លាក់ចុះក្រោម ១លានគ្រឿង ដែលជាលើកដំបូងនៅក្នុងសម័យទំនើបនេះ ពោលគឺនឹងមានចំនួនលក់ពី ៦៧ ទៅ ៧០ម៉ឺនគ្រឿងតែប៉ុណ្ណោះ ខណៈឆ្នាំមុនជាង ១លាន ៦សែនគ្រឿង។
គួរកត់សម្គាល់ដែរថា ការធ្លាក់ចុះចំនួនលក់រថយន្តនៅរុស្ស៊ីឆ្នាំនេះ ក៏ដោយសារតែការចាកចេញរបស់ក្រុមហ៊ុនរថយន្តបរទេសដូចជា Renault និង Mercedes-Benz ជាដើម ដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន។ ជាមួយគ្នានោះ តម្រូវការរថយន្តក៏ធ្លាក់ចុះផងដែរ ដោយសារតែបញ្ហាជីវភាព និងតម្លៃរថយន្តកាន់តែខ្ពស់ ព្រមទាំងការពិបាករកគ្រឿងបង្គុំពីបរទេស ក្រោយការដាក់ទណ្ឌកម្មពីលោកខាងលិច៕
អត្ថបទ៖ នៅ សំភី