ហេតុការណ៍នេះបានធ្វើឱ្យ តម្លៃ Bitcoin បានធ្លាក់ចុះមកនៅត្រឹម ៧៧ ៦៤៦ ដុល្លារក្នុងមួយកាក់ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៦ សប្តាហ៍។ ចំណែក Ether បានធ្លាក់ចុះមកនៅជាង ២ ២៣៨ ដុល្លារក្នុងមួយកាក់ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ២ ខែ។ រីឯ BNB ដែលជាកាក់ឌីជីថលរបស់ Binance បានធ្លាក់ថ្លៃជាង ៨% ក្នុងរយៈពេល ២៤ ម៉ោង មកនៅត្រឹម ៦៩៤ ដុល្លារក្នុងមួយកាក់។
យោងតាមរបាយការណ៍របស់ Reuters និង CNBC ក្រុមហ៊ុន Binance បានឱ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតបញ្ហានេះ និងធានាថា ទ្រព្យសកម្មរបស់អ្នកប្រើប្រាស់នៅមានសុវត្ថិភាព។ ទោះជាយ៉ាងណា ក្រុមហ៊ុនមិនទាន់បញ្ជាក់ជាផ្លូវការថា តើប្រព័ន្ធរបស់ខ្លួនត្រូវបានវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រ ឬយ៉ាងណានោះទេ។
ការគំរាមកំហែងដោយបញ្ហាសន្ដិសុខអ៊ីនធើណែតនេះ បានធ្វើឱ្យក្រុមហ៊ុនរូបិយបណ្ណឌីជីថលជាច្រើន បានសម្រេចបង្កកទ្រព្យសកម្មឌីជីថលរបស់ខ្លួន រួមមាន ក្រុមហ៊ុន Tether ដែលជាអ្នកចេញផ្សាយកាក់ Stablecoin USDT បានបង្កកទ្រព្យសកម្មមានតម្លៃជិត ១,៦ ពាន់លានដុល្លារ ខណៈក្រុមហ៊ុន Circle ដែលជាអ្នកចេញផ្សាយកាក់ USDC បានបង្កកទ្រព្យសកម្មមានតម្លៃជាង ៨០០ លានដុល្លារ។ ក្រុមហ៊ុន Ripple ក៏បានចូលរួមបង្កកទ្រព្យសកម្មប្រមាណ ២០០ លានដុល្លារផងដែរ។
ការបង្កកនេះមានគោលបំណងរារាំងការផ្ទេរ ឬការប្រើប្រាស់ទ្រព្យសកម្មដែលអាចមានទំនាក់ទំនងនឹងហេតុការណ៍នេះ ខណៈក្រុមហ៊ុនពាក់ព័ន្ធកំពុងសហការជាមួយអាជ្ញាធរ និងអ្នកជំនាញតាមដានប្រតិបត្តិការលើបណ្តាញ Blockchain ដើម្បីស្វែងរកប្រភព និងទិសដៅនៃមូលនិធិទាំងនោះ។ Binance បានបញ្ជាក់ថា ចំនួនទ្រព្យសកម្មដែលត្រូវបានបង្កកអាចកើនឡើងបន្ថែមទៀត។
លោក Changpeng Zhao សហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ Binance បានលើកឡើងថា ហេតុការណ៍នេះមើលទៅដូចជាការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រ។ ចំណែកលោកស្រី Yi He សហស្ថាបនិក Binance បានបញ្ជាក់ថា ក្រុមហ៊ុននឹងទទួលខុសត្រូវលើការខាតបង់ដែលបណ្តាលមកពីការលួចចូលប្រព័ន្ធ ប្រសិនបើការវាយប្រហារត្រូវបានបញ្ជាក់។
ហេតុការណ៍នេះបានបង្ហាញជាថ្មីពីហានិភ័យសន្តិសុខក្នុងវិស័យរូបិយប័ណ្ណគ្រីបតូ និងឥទ្ធិពលនៃព័ត៌មានអវិជ្ជមានលើទំនុកចិត្តរបស់វិនិយោគិន។ ទោះបីជាក្រុមហ៊ុនពាក់ព័ន្ធបានបង្កកទ្រព្យសកម្មមួយចំនួន និង Binance អះអាងថា ទ្រព្យសកម្មរបស់អតិថិជនមានសុវត្ថិភាពក៏ដោយ ក៏មូលហេតុពិតប្រាកដ និងទំហំខូចខាតសរុបនៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយដែរ។