អន្តរជាតិ

តើការចូលចតរបស់នាវាទេសចរណ៍ខ្នាតយក្ស MV Odyssey អាចផ្តល់ផលវិជ្ជមាន​ និងអវិជ្ជមានយ៉ាងណាដល់វិស័យទេសចរណ៍កម្ពុជា?


ការប្រកាសក្ស័យធន និងការផ្អាកប្រតិបត្តិការភ្លាមៗរបស់នាវាទេសចរណ៍ខ្នាតយក្សរបស់អាម៉េរិក MV Odyssey លើទឹកដីកម្ពុជា ដោយបានទម្លាក់អ្នកទេសចរបរទេសជាង២០០នាក់ ហើយចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ក្រុមហ៊ុននាវានេះបានទម្លាក់កំហុសលើវិបត្តិហិរញ្ញវត្ថុ និងការកើនឡើងថ្លៃប្រេងឥន្ធនៈ ខណៈអាជ្ញាធរកម្ពុជា បានស្ទុះស្ទាចូលខ្លួនទៅជួយសម្របសម្រួល និងផ្តល់ជម្រកប្រកបដោយសុវត្ថិភាពដល់ភ្ញៀវទេសចរអន្តរជាតិ។
asតើការចូលចតរបស់នាវាទេសចរណ៍ខ្នាតយក្ស_MV_Odyssey_អាចផ្តល់ទាំង
ដោយ

ព្រឹត្តិការណ៍មិននឹកស្មានដល់នេះបានចោទជាសំនួរដេញដោលថា ហេតុអ្វីបានជាកើតមានរឿងនេះលើទឹកដីកម្ពុជា? ហើយតើវាជាការខាតបង់មុខមាត់ ឬជាឱកាសមាសសម្រាប់វិស័យទេសចរណ៍កម្ពុជា?

​លោកបណ្ឌិត ធួន ស៊ីណាន ​ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា យល់ឃើញថា វិបត្តិហិរញ្ញវត្ថុរបស់នាវា​ MV Odyssey និងការទម្លាក់អ្នកទេសចរបរទេស​​ជាង២០០នាក់​ក្នុងទឹកដីកម្ពុជា​ អាចផ្ដល់ទាំងភាពវិជ្ជមាន និងអវិជ្ជមានដល់វិស័យទេសចរណ៍កម្ពុជា។ បើតាមអ្នកជំនាញរូបនេះ វត្តមានរបស់អ្នកទេសចរបរទេសក្នុង​​នាវា​ MV Odyssey​ នឹងធ្វើឱ្យមានតម្រូវការនានាក្នុងសេវាកម្មទេសចរណ៍ ដែលជាសកម្មភាពសេដ្ឋកិច្ច ប៉ុន្តែការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយបរទេសអាចធ្វើឱ្យអ្នកអានមួយចំនួនមានការភាន់ច្រលំ និងបង្កភាពអវិជ្ជមានដល់វិស័យទេសចរណ៍កម្ពុជា។ ជាមួយគ្នានេះលោកបណ្ឌិត ធួន ស៊ីណាន​ ហាក់មានចម្ងល់យ៉ាងខ្លាំងចំពោះការប្រកាសក្ស័យធន​​​របស់នាវា​ MV Odyssey នៅកម្ពុជា។
​
ជាមួយគ្នានេះ ​លោកជំទាវ ឆាយ ស៊ីវលីន ​ប្រធាន​សមាគមទេសចរណ៍កម្ពុជា ​យល់ឃើញថា វិបត្តិហិរញ្ញវត្ថុរបស់នាវា​ MV Odyssey គឺជាបញ្ហាផ្ទៃក្នុងរបស់ក្រុមហ៊ុនប៉ុណ្ណោះ មិនបានជាប់ពាក់ព័ន្ធជាមួយកម្ពុជា នោះទេ។ សម្រាប់អ្នកជំនាញទេសចរណ៍រូបនេះ ការប្រកាសចូលចតនៅកម្ពុជា រួចប្រកាសក្ស័យធនអាចដោយសារតែពួកគេមានទំនុកចិត្តចំពោះសុវត្ថិភាព និងការយកចិត្តទុកដាក់ពីអាជ្ញាធរកម្ពុជា ខណៈកន្លងមក កម្ពុជា ធ្លាប់បានជួយដល់នាវាផ្សេងៗដែលមានបញ្ហាផងដែរ។ ការណ៍នេះត្រូវបានលោកជំទាវ ឆាយ ស៊ីវលីន ជឿជាក់ថា សកម្មភាពមនុស្សធម៌ដល់អ្នកទេសចរបរទេស ដែលជួបបញ្ហា​នឹងផ្ដល់ភាពវិជ្ជមានសម្រាប់កម្ពុជា។
​
ដោយឡែក លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា វិបត្តិហិរញ្ញវត្ថុរបស់នាវាទេសចរណ៍ MV Odyssey នៅក្នុងទឹកដីកម្ពុជា​ គឺជាវិបត្តិផ្ទៃក្នុងរបស់ក្រុមហ៊ុនប៉ុណ្ណោះមិនពាក់ព័ន្ធ ឬជះឥទ្ធិពលអវិជ្ជមានដល់វិស័យទេសចរណ៍កម្ពុជា នោះទេ។ សម្រាប់អ្នកជំនាញរូបនេះ ការសម្របសម្រួល ឬការផ្ដល់ភាពកក់ក្ដៅរបស់អាជ្ញាធរកម្ពុជា ដល់អ្នកទេសចរបរទេសក្នុងនាវា​ MV Odyssey​ នឹងអាច​ទាញបានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានអន្តរជាតិ ខណៈរូបភាពបែបនេះ កម្ពុជា ធ្លាប់ធ្វើរួចមកហើយចំពោះនាវា និងអ្នកទេសចរផ្សេងៗ ដែលធ្លាប់មានវិបត្តិលើផ្ទៃសមុទ្រនាពេលកន្លងមក។
​
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចាត់ទុកការប្រកាសក្ស័យធនរបស់នាវាទេសចរណ៍ MV Odyssey នៅក្នុងទឹកដីកម្ពុជា គឺជាវិបត្តិផ្ទៃក្នុងរបស់ក្រុមហ៊ុនប៉ុណ្ណោះ។ ទោះជាបែបនេះក្ដី មន្រ្តីជាន់ខ្ពស់រូបនេះអះអាងថា អាជ្ញាធរកម្ពុជា បានយកចិត្តទុកដាក់ និងជួយសម្របសម្រួលដល់អ្នកទេសចរក្នុងនាវាកម្សាន្តលំដាប់អន្តរជាតិមួយនេះ​​​​​តាមរយៈការបំពេញបែបបទចេញ-ចូល ឬការស្នាក់នៅបន្តជាដើម ខណៈ​មកទល់ពេលនេះមានអ្នកទេសចរបរទេសមួយចំនួនក្នុងនាវាទេស​ចរណ៍នេះបានចាកចេញពីកម្ពុជា តែមួយចំនួនទៀតបន្តស្នាក់នៅមួយរយៈទៀត។
​
បើតាមលោក ឡុង ឌីម៉ង់ នាវាទេសចរណ៍ MV Odyssey​ គ្រោងចាកចេញពីកម្ពុជា នៅថ្ងៃទី៣១ ខែតុលានេះ។ តែយ៉ាងណា អភិបាលរងខេត្តព្រះសីហនុ រូបនេះ បានសង្កត់ធ្ងន់ថា នាវានេះអាចចាកចេញពីកម្ពុជា​បាន ប្រសិនបើមិនមានពាក្យបណ្ដឹង និងបានបំពេញនីតិវិធី​រួចរាល់។ គួរបញ្ជាក់ថា នាវា MV Odyssey បានចេញដំណើរពីទីក្រុង Belfast ប្រទេសអៀរឡង់ខាងជើង កាលពីខែតុលា ឆ្នាំ២០២៤ ក្នុងកម្មវិធីទេសចរណ៍រយៈពេល៣ឆ្នាំកន្លះ ដោយផ្ទុកអ្នកដំណើរចំនួន២០៣នាក់ ដែលភាគច្រើនជាជនជាតិអាម៉េរិក និងបុគ្គលិកបម្រើការលើនាវាចំនួន១៥៦នាក់។ នាវានេះបានស្នើសុំចូលចតបណ្ដោះ​អាសន្ននៅកំពង់ផែក្រុងព្រះសីហនុ តាំងពីថ្ងៃសុក្រ ទី២៣ ខែតុលា មកម៉្លេះ៕




អត្ថបទបន្ទាប់


អាកាសយានដ្ឋានហុងកុង ក្លាយជាអាកាសយានដ្ឋានដំបូងគេ ប្រើប្រាស់ប្រព័ន្ធបញ្ជាក់អត្តសញ្ញាណ ដោយស្កេនមុខមនុស្ស ជំនួសការត្រួតពិនិត្យលិខិតឆ្លងដែន

អាកាសយានដ្ឋានអន្តរជាតិហុងកុង ដែលត្រូវបានជ្រើសរើសជា​អាកាសយានដ្ឋានល្អ​បំផុត​ក្នុង​ពិភពលោក​សម្រាប់ឆ្នាំ២០២៦ បានក្លាយជាអាកាសយានដ្ឋានដំបូងគេ…

ពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់នាំគ្នាធ្វើបាតុកម្ម ក្រោយមិនអាចទ្រាំទ្រនឹងវិបត្តិផ្សេងអ័ព្ទពុល និងការចំណាយខ្ពស់លើថ្លៃរស់នៅ

ដោយមិនអាចបន្តទ្រាំទ្រនឹងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិផ្សែងអ័ព្ទពុល និងបន្ទុកថ្លៃជីវភាព ដែលចេះតែហក់ឡើងខ្ពស់ ប្រជាពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ