ព្រឹត្តិបត្រប្រចាំខែចុងក្រោយបង្អស់របស់ធនាគារកណ្តាលអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា បំណុលឯកជននៅប្រទេសអារ៉ាប៊ីសាអូឌីត បានកើនឡើងដល់ជិត៧០០ពាន់លានដុល្លារ នៅឆ្នាំ២០២៣ កើនឡើង១០% បើធៀបនឹងឆ្នាំមុន។
ក្នុងនោះការផ្តល់ឥណទានលក្ខណៈបុគ្គលមានទំហំ៤៨% នៃប្រាក់កម្ចីសរុប កើនឡើង៧% ខណៈកម្ចីផ្តល់ឱ្យសាជីវកម្ម និងសកម្មភាពផ្សេងមានការកើនឡើង១៣% បើធៀបនឹងឆ្នាំ២០២២។ ជាមួយគ្នានេះការទទួលប្រាក់បញ្ញើមានកាលកំណត់ និងប្រាក់បញ្ញើបន្ទាប់បន្សំរបស់គ្រឹះស្ថានធនគារ និងហិរញ្ញវត្ថុមានការកើនឡើង៨% ដោយឡើងដល់ជាង៧១៧ពាន់លានដុល្លារ ដែលជំរុញភាគច្រើនដោយសារកំណើនប្រាក់បញ្ញើមានកាលកំណត់។
វិស័យអចលនទ្រព្យជាវិស័យមួយដែលស្រូបទាញឥណទានបានច្រើនជាងគេបើធៀបនឹងវិស័យមិនលក់រាយធំៗដទៃទៀតនៅក្នុងឆ្នាំ២០២៣ ដោយមានចំនួនសរុបជិត៦៧ពាន់លានដុល្លារកើនឡើង២០% បើធៀបនឹងតួលេខឆ្នាំ២០២២ ដែលមានចំនួនជិត៥៦ពាន់លានដុល្លារ។
បើទោះជាចំណែកភាគរយនៃប្រាក់កម្ចីធនាគារបានធ្លាក់ចុះក៏ដោយ ប៉ុន្តែវិស័យមួយចំនួននៅតែទទួលបានកំណើនឥណទានប្រចាំឆ្នាំខ្ពស់បំផុតនៅពេលនេះ ហើយវិស័យទាំងនោះ គឺពាក់ព័ន្ធនឹងសកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកទេសដោយទទួលបានប្រាក់កម្ចីជាង១.៥ពាន់លានដុល្លារ។ ជាពិសេស វិស័យអប់រំទទួលបានឥណទានច្រើនជាងគេរហូតដល់ជាង១.៦ពាន់លានដោយបានកើនឡើង៥១%។
ការកើតឡើងការទទួលបានឥណទានសម្រាប់វិស័យអប់រំនេះ បានកើតឡើងនៅចំពេលដែលវិស័យអប់រំឧត្តមសិក្សានៅអារ៉ាប៊ីសាអូឌីតកំពុងតែរះឡើងជាទីផ្សារអប់រំកម្រិតបុគ្គលដ៏ធំជាងគេនៅក្នុងតំបន់ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនេះ។ នេះបើតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនគ្រប់គ្រងវិនិយោគ ខូលីយើ (Colliers)។
លោក ម៉ាន់សួ អះម៉េត (Mansoor Ahmed) នាយកប្រតិបត្តិសម្រាប់ការថែទាំសុខភាព និងការអប់រំនៅក្រុមហ៊ុន Colliers ប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកបានពន្យល់ថា កម្មវិធីបំប្លែងសេដ្ឋកិច្ច និងការធ្វើពិពិធកម្មក្រោមចក្ខុវិស័យឆ្នាំ២០៣០ និងយុទ្ធនាការសាអូឌីតភាវូបនីយកម្ម (Saudization) ត្រូវបានគេរំពឹងថា នឹងជួយជំរុញតម្រូវការសម្រាប់កម្រិតឧត្តមសិក្សាកាន់តែច្រើនថែមទៀត៕
អត្ថបទ៖ សុខ ជា