វិស័យដឹកជញ្ជូន

វិស័យឯកជននៅតែត្រូវការរាជរដ្ឋាភិបាលជួយអន្តរាគមន៍បន្ថែមទៀត​លើថ្លៃសេវាដឹកជញ្ជូន និងកំពង់ផែ


បើទោះបីជាកន្លងមករាជរដ្ឋាភិបាលកម្ពុជា បានសម្រួលដល់ការកាត់បន្ថយការចំណាយបានមួយចំនួនលើសេវាដឹកជញ្ជូន និងកំពង់ផែក៏ដោយចុះ ប៉ុន្ដែសម្រាប់តម្លៃសេវាដឹកជញ្ជូននៅកម្ពុជានៅតែមានតម្លៃខ្ពស់ដដែលបើធៀបនឹងប្រទេសជិតខាង។ តំណាងវិស័យឯកជនបានលើកឡើងថា ពួកគេនៅតែត្រូវការឲ្យរាជរដ្ឋាភិបាលបន្តជួយអន្តរាគមន៍បន្ថែមទៀត ដើម្បីឲ្យតម្លៃសេវាដឹកជញ្ជូននេះមានតម្លៃកាន់តែទាប និងមានភាពប្រកួតប្រជែង។
វិស័យឯកជននៅតែត្រូវការរាជរដ្ឋាភិបាលជួយអន្តរាគមន៍លើថ្លៃសេវាដឹកជញ្ជូន និងកំពង់ផែ (រូបភាព៖ហ្វេសប៊ុក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ)
ដោយ

សមាគមភស្តុភាកម្ម​កម្ពុជា​បាននឹង​កំពុងរៀប​ចំដាក់​សំណើ​ទៅរាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ឲ្យ​ជួយ​អន្តរាគមន៍​លើថ្លៃសេវាកម្ម​ដឹកជញ្ជូន​ទំនិញ និងកំពង់ផែ ដែលរំពឹងថា នឹងឈាន​ទៅរក​ការលុបបំបាត់​ចំណាយ​ក្រៅផ្លូវការ​ផ្សេងៗ ខណៈដែល​តម្លៃប្រកួត​ប្រជែង​ក្នុងតំបន់ គឺកម្ពុជា​ស្ថិតនៅក្នុង​តម្លៃមួយ​ខ្ពស់​ជាង​គេ​ប្រមាណ ៣០ភាគរយ។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភស្តុភាកម្មកម្ពុជា​បានលើកឡើងថា សមាគម​ភស្តុភាកម្ម​កម្ពុជា​បាននិង​កំពុង​រៀបចំ​ឯកសារ​ព្រាង​នៃសំណើ​នេះរួច​ជាស្រេច​ហើយ ដើម្បីដាក់ជូន​ទៅក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងដំណើរ​ការ​ជួយអន្តរាគមន៍​ចំពោះថ្លៃ​សេវាសកម្មភាព​ដឹកជញ្ជូន​ទំនិញ និងកំពុងផែ និងការចំណាយ​ផ្សេងៗក្រៅផ្លូវការ ដើម្បីធ្វើឲ្យ​ថ្លៃនៃការ​ដឹកជញ្ជូន​ភស្តុភាកម្ម​កម្ពុជា​ធ្លាក់មកទាប​ជាងពីពេល​មុន ដែលអាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុងតំបន់បាន។

លោកស៊ិន ចន្ធីបានឲ្យដឹងទៀតថា ប្រសិនបើ​បញ្ហានេះ​ត្រូវបានដោះស្រាយ​រួចរំពឹងថា វិស័យ​ភស្តុភាកម្ម​កម្ពុជា​នឹងមាន​ការរីកចម្រើន និងអាចទាក់ទាញ​ការវិនិយោគ​នៅកម្ពុជា​បន្ថែម​ទៀត ខណៈកន្លង​មកបញ្ហា​ធំរបស់​អ្នកវិនិយោគ​ក្រៅពីថ្លៃ​អគ្គីសនីខ្ពស់ គឺនៅមាន​ថ្លៃដឹកជញ្ជូន​ក៏ខ្ពស់​ផងដែរ ដូច្នេះបើ​យើងអាច​ធ្វើបាន​ការប្រកួត​ប្រជែង​ក្នុងតំបន់​ក៏លែងជា​បញ្ហា​ចោទទៀតដែរ។

ជុំវិញនឹង​បញ្ហា​ដឹកជញ្ជូននេះដែរ ឯកឧត្តម សុខ សុភ័ក្រ​ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​អះអាងដែរថា បច្ចុប្បន្ន​កម្ពុជា​កំពុង​មានការអភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​សម្រាប់​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន ដូចជា​ការ​កំពុងសាងសង់​នូវ​កំពុងផែ​ទឹកជ្រៅ​ក្នុងខេត្ត​ព្រះសីហនុ ដែលអាច​ឲ្យ​នាវា​ដឹកទំនិញ​ធំៗ​អាចចូលចត​បាន និងកំពុង​សាងសង់​នូវ​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ខេត្តព្រះសីហនុ​ជាដើម។ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​រូបនេះ បានគូសបញ្ជាក់​ទៀតថា ក្រោយពី​សម្រេច​បាន​សមិទ្ធផល​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំងនេះ នោះពិតណាស់​តម្លៃ​សេវា​ដឹកជញ្ជូន និង​កំពង់​ផែ​របស់​កម្ពុជា​នឹង​មាន​តម្លៃ​ទាបជាងមុន​ប្រមាណ​ពាក់កណ្ដាល​ និងអាច​ប្រកួតប្រជែង​បាន​ជាមួយប្រទេស​ជិតខាង ក៏ដូចជា​តំបន់ផងដែរ។

អ្នកជំនាញនៅ​ក្នុងវិស័យ​ដឹកជញ្ជូន​កម្ពុជា​បានបញ្ជាក់​ផងដែរថា ចាប់ តាំងពីជំងឺ​កូវីដ-១៩ បានផ្ទុះរីករាលដាល​ខ្លាំងឡើង​តាំងពី ដើមឆ្នាំ​២០២០មក បានធ្វើឲ្យ​វិស័យ​ដឹកជញ្ជូន​នៅកម្ពុជា មានការ​ធ្លាក់ចុះ​ជាបន្ដ​បន្ទាប់ ដោយសារ​នៅតាមច្រក​ព្រំដែន​កម្ពុជា ថៃ និងវៀតណាម​គឺមាន​ការបិទច្រក​ជាបណ្តោះ​អាសន្ន ប៉ុន្តែនៅ​ចុងខែ​មិថុនា រហូតមកដល់ពេលនេះ ឃើញថា​សកម្មភាព​ដឹកជញ្ជូន​ចាប់ផ្តើម​មានសញ្ញា​ងើបឡើង​វិញ​ជាបណ្តើរៗហើយ ដោយសារនៅ​ប្រទេសចិន​ និងនៅប្រទេស​មួយចំនួន​ទៀត​ហាក់មាន​ភាពធូរស្រាល​ជាងមុន​អំពីជំងឺកូវីដ ១៩។

លោក ស៊ិន ចន្ធីបញ្ជាក់បន្ថែមថា តាមធម្មតាក្នុងអំឡុង​ខែកក្កដានេះ​ ដំណើរការដឹក​ជញ្ជូន​ គឺមានសន្ទុះ​កើនឡើងខ្លាំង តែដោយសារ​បញ្ហាកូវីដ-១៩ ធ្វើឲ្យការ​ដឹកជញ្ជូន​មានការធ្លាក់ចុះ តែយ៉ាងណា ក្នុងអំឡុងពេលនេះ ក៏អាច​និយាយ​បានថា មានល្អប្រសើរ​ឡើងកាល​អំឡុង​ត្រីមាស​ទី១ដែរ៕

None



អត្ថបទបន្ទាប់


អឺរ៉ុបនឹងដកចេញនូវបម្រាមនាំចូលផ្លែដូងពីប្រទេសថៃវិញ! ក្រោយពី​យល់ឃើញថា សត្វស្វា​មិនត្រូវបាន​​រំលោភបំពាន​ប្រើឲ្យឡើង​បេះដូង

តាមមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលថៃ បានឲ្យដឹងថា អឺរ៉ុបនឹងដកចេញនូវបម្រាមនាំចូលផ្លែដូងពីប្រទេសថៃវិញនៅពេលឆាប់ៗនេះ ក្រោយពីអឺរ៉ុបបានចាប…

សមាគមម្រេចកំពតមិនរំពឹងខ្ពស់ចំពោះទីផ្សារចិននោះទេ ទោះបីមាន FTA កម្ពុជា-ចិនក៏ដោយ

បើទោះបីជាកម្ពុជាកំពុងឈានទៅរកការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ជាមួយចិននៅពេលឆាប់ៗនេះ ដែលគេរំពឹងថាទីផ្សារចិននឹងបើកចំហរកាន់តែធំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ