សម្រាប់គម្រោងចូលរួមបោះផ្សាយលក់មូលបត្រដំបូងនេះក្រុមហ៊ុន ម៉េងលី ជេ គួច គ្រោងបោះផ្សាយលក់ភាគហ៊ុនចន្លោះពី១០%ទៅ២០%នៃភាគហ៊ុនសរុប។ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាជឿជាក់ថា តាមរយៈភាពល្បីល្បាញក្នុងការអប់រំ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ នឹងទទួលបានការគាំទ្រច្រើនពីអតិថិជន ហើយវានឹងជួយធ្វើឲ្យផ្សារមូលបត្រកម្ពុជាកាន់តែមានភាពទាក់ទាញផងដែរ។
អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិនបានគូសបញ្ជាក់ថា បើគ្មានការប្រែប្រួលទេក្រុមហ៊ុនរបស់អ្នកឧកញ៉ា នឹងចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជានៅឆ្នាំ២០២៣ខាងមុខនេះ។ តាមពិតក្រុមហ៊ុននេះគ្រោងចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះពីរបីដងរួចមកហើយ តែត្រូវបានរំខានដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ដែលធ្វើឲ្យការបោះផ្សាយលក់ត្រូវបានពន្យារមកដល់បច្ចុប្បន្ន។ ដូច្នេះអ្នកឧកញ៉ា គួច ម៉េងលី យល់ឃើញថា ឆ្នាំ២០២៣ ជាពេលមួយដ៏ស័ក្តិសមសម្រាប់ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ក្នុងការឈានជើងចូលប្រឡូកក្នុងវិស័យមួយនេះ បន្ទាប់ពីស្ថានភាពឆ្លងកូវីដ-១៩ នៅកម្ពុជាភាពល្អប្រសើរ និងសេដ្ឋកិច្ចកំពុងមានកំណើនឡើងវិញ។
អ្នកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ថា មូលហេតុ ដែលជំរុញឲ្យក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនគ្រោងចូលប្រឡូកក្នុងវិស័យមូលបត្រ គឺដោយសារក្រុមហ៊ុនត្រូវការទុនសម្រាប់ពង្រីកសាខាសាលារៀនបន្ថែមឲ្យបានគ្រប់២៥រាជធានី-ខេត្ត ដើម្បីរួមចំណែកជួយលើកកម្ពស់ការអប់រំនៅកម្ពុជា។ ម្យ៉ាង អ្នកឧកញ៉ា ចង់ឲ្យប្រជាជននៅតាមខេត្តនានាទទួលបានប្រព័ន្ធអប់រំ ដែលមានគុណភាពខ្ពស់ ដូចសិស្សនិស្សិតនៅរាជធានីភ្នំពេញដែរ។
តាមគម្រោងក្រុមហ៊ុន ម៉េង លី ជេ. គួច អេឌ្យូខេសិន អាចនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងរបស់ខ្លួននៅចុងត្រីមាសទី១ឆ្នាំ២០២៣ ខណៈចំនួនភាគហ៊ុនដែលគ្រោងបោះផ្សាយអាចចន្លោះពី១០%ទៅ២០%នៃចំនួនភាគហ៊ុនសរុបរបស់ក្រុមហ៊ុន។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គួច ម៉េងលី នាពេលខាងមុខនឹងទទួលបានការគាំទ្រច្រើនពីវិនិយោគិន ហើយវានឹងជួយទាក់ទាញក្រុមហ៊ុនផ្សេងៗឲ្យមកចូលរួមក្នុងវិស័យភាគហ៊ុនផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១៦ក្រុមហ៊ុន។ ក្នុងនោះ ៩ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៧ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ យ៉ាងណាមិញ នៅឆ្នាំ២០២២នេះ ទើបមានក្រុមហ៊ុនថ្មីចំនួន ១ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានស្នើសុំចុះបញ្ជី ខណៈកន្លងម ផ្សារមូលបត្រកម្ពុជា មានក្ដីរំពឹងថា នៅឆ្នាំ២០២២នេះ នឹងមានក្រុមហ៊ុនថ្មី ចំនួន៤ បន្ថែមទៀត មកស្នើចុះបញ្ជី។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា៕