យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា តាមផែនការសក្តានុពលទឹកសម្រាប់ស្រោចស្រពលើការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៣-២០២៤ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករក្នុងឆ្នាំ២០២៤នេះ គឺបានត្រឹមតែប្រមាណ២ម៉ឺនហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្ដែងកន្លងមករបស់ថ្នាក់ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលរបស់ប្រជាកសិករបានកើនរហូតដល់ជាង៤ម៉ឺន៦ពាន់ហិកតា ដែលលើសផែនការប្រើប្រាស់ទឹកជាង២ម៉ឺន៦ពាន់ហិកតាឯណោះ។
កត្តានេះបានជំរុញឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ណែនាំដល់កសិករដែលកំពុងបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៤នេះ ត្រូវផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពីបងប្អូនប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។
រដ្ឋបាលខេត្តពោធិ៍សាត់នឹងមិនទទួលខុសត្រូវលើការខ្វះទឹកសម្រាប់ស្រោចស្រពផលដំណាំនៅរដូវប្រាំងឡើយ ប្រសិនបើកសិករមិនធ្វើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត។ ជាមួយគ្នានេះ លិខិតដែលចុះហត្ថលេខាដោយឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ណែនាំឱ្យប្រជាពលរដ្ឋទូទាំងខេត្តត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលអាចស្តុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈជាដើម។
តែយ៉ាងណាជុំវិញបញ្ហានេះ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ការឱ្យផ្អាកការធ្វើស្រែប្រាំងលើកទីពីរនេះ វាមិនបានធ្វើឱ្យប៉ះពាល់ដល់ផែនការនាំចេញស្រូវរបស់ខេត្តនោះទេ ដ្បិតថា ការធ្វើស្រូវប្រាំងរបស់កសិករមកទល់ពេលនេះហាក់មានបរិមាណច្រើនលើសលប់ ខណៈការប្រមូលផលស្រូវរបស់ពួកគាត់កន្លងមក ក៏មានបរិមាណច្រើនសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងខេត្តក៏ដូចជាការនាំចេញផងដែរ។
បើតាមប្រធានមន្ទីរកសិកម្មរូបនេះ ការបង្កើនការដាំដុះស្រូវប្រាំងច្រើនលើសលប់របស់ប្រជាកសិករនេះ គឺបន្ទាប់ពីតម្លៃស្រូវទទួលបានតម្លៃល្អនាពេលកន្លងមក។
សូមជម្រាបថា ការប្រមូលផលស្រូវប្រាំងសរុបនៅក្នុងខេត្តពោធិ៍សាត់កាលពីឆ្នាំមុនសម្រេចបានប្រមាណជាង១៨០ពាន់តោន។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់៕