នៅចំពោះមុខ សោកនាដកម្មសង្គ្រាមដែលមនុស្សរាប់ពាន់នាក់ត្រូវបាត់បង់ជីវិត រាប់លាននាក់ភៀសខ្លួន និងទណ្ឌកម្មផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរពីលោកខាងលិខ បុរសខ្លាំងពូទីន បានផ្តើមរិតចំណងទំនាក់ទំនងពាណិជ្ជកម្ម និងនយោបាយកាន់រឹងមាំជាមួយមហាអំណាចផ្សេងទៀតដូចជា ចិន ឥណ្ឌា និងចុងក្រោយនេះ ជាមួយអ៊ីរ៉ង់។
មិនទាន់គ្រប់គ្រាន់នៅឡើយទេ វិមានក្រឹមឡាំងកំពុងសំឡឹងឃើញប្រទេសតូចៗ ផ្សេងទៀតពិសេសប្រទេសដែលធ្លាប់ជាអតីតសហភាពសូវៀត ដែលភាគច្រើនស្ថិតក្នុងតំបន់អាស៊ីកណ្តាល។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់វិមានក្រឹមឡាំង ប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា លោកពូទីននឹងធ្វើទស្សនកិច្ចនៅប្រទេស តាជីគីស្ថាន និងទួមិននីស្ថាននៅក្នុងសប្តាហ៍នេះ បន្ទាប់មក ទើបលោកពូទីនទទួលជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo សម្រាប់កិច្ចពិភាក្សានៅទីក្រុងមូស្គូ។
លោកពូទីនក៏មានគម្រោងទៅទស្សនាទីក្រុង ក្រូដូ(Grodno) នៃប្រទេសបេឡារុសផងដែរ នៅថ្ងៃទី៣០ខែមិថុនា និងថ្ងៃទី០១ខែកក្កដាខាងមុខ ដើម្បីចូលរួមក្នុងវេទិកាមួយ ជាមួយប្រធានាធិបតីបេឡារុសលោក លូកាសឆេនកូ។
គួររំឭកថា ដំណើរទស្សនកិច្ចចុងក្រោយរបស់លោកពូទីនទៅក្រៅប្រទេស គឺជាដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីដើមខែកុម្ភៈ ពោលគឺនៅតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដែលរុស្ស៊ីផ្តើមលើកទ័ពចូលប្រទេសអ៊ុយក្រែន។ កាលនោះលោកពូទីន និងប្រធានាធិបតីចិនលោកស៊ី ជីនពីង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្មានដែនកំណត់ថ្មីមួយផងដែរ។
បើក្រឡេកមកមើលសង្គ្រាមអ៊ុយក្រែនវិញ ចូលដល់ខែទី៥នៃសង្គ្រាម អ៊ុយក្រែនបាត់បង់ក្រុងសំខាន់នៅដុនបាស ខណៈក្រុងផ្សេងទៀតកំពុងគ្រោះថ្នាក់
គិតមកដល់ចុងខែមិថុនានេះ សង្គ្រាមរវាងរុស្ស៊ី នឹងអ៊ុយក្រែនបានឈានចូលដល់ខែទី៥ទៅហើយ។ ស្ថានការណ៍សង្គ្រាមនៅក្នុងតំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែន ជាសមរភូមិក្តៅគគុកជាងគេ ដែលរុស្ស៊ីកាលពីចុងសប្តាហ៍មុន ទើបតែវាយបែក និងគ្រប់គ្រងបានទាំងស្រុង ក្រុងយុទ្ធសាស្ត្រមួយរបស់អ៊ុយក្រែន និងកំពុងបន្តរុលទៅមុខ ដើម្បីវាយយកក្រុងក្បែរនោះបន្ថែមទៀត។
បន្ទាប់ពីវាយបានក្រុង សៀវវីរ៉ូដូណេក កាលពីចុងសប្តាហ៍មុន កងកម្លាំងរុស្ស៊ីកំពុងបន្តប្រយុទ្ធ ដើម្បីសម្រេចបាននូវគោលបំណងយុទ្ធសាស្ត្រមួយទៀតរបស់ពួកគេ គឺការកាន់កាប់ក្រុងក្បែរនោះឈ្មោះថា លីស៊ីចាន់(Lysychansk) ដែលជាទីក្រុងសំខាន់ចុងក្រោយបន្តស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន នៅខេត្ត លូកហាន់(Luhansk) នៃតំបន់ដុនបាស។
ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ី បានរាយការណ៍ថា កងកម្លាំងរបស់ទីក្រុងមូស្គូបានព្យាយាមវាយចូលទៅក្នុងទីក្រុង Lysychansk ពីទិសដៅចំនួនប្រាំ។ ដោយឡែកភាគី អ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងប្រើកាំភ្លើងធំ ដើម្បីផ្លោងកាត់ផ្តាច់ទីក្រុង Lysychansk ពីទឹកដីភាគខាងត្បូង ប៉ុន្តែមិនបាននិយាយអំពីការចូលមកក្នុងទីក្រុងពីប្រាំទិសនោះទេ។ ស្រពេលភ្លើងសង្គ្រាមកំពុងវិវត្តកាន់តែឆេះសន្ធោសន្ធៅឡើងនោះ ប្រទេស ជាសម្ព័ន្ធមិត្តអ៊ុយក្រែន រួមទាំងសហភាពអឺរ៉ុប អាមេរិក និងអង្គការណាតូក៏កំពុងស្វះស្វែងកផ្ដល់ជំនួយបន្ថែមទៅដល់រុស្ស៊ីពិសេសសព្វាវុធទំនើបៗ ហើយប្រទេសលោកខាងលិចទាំងនេះ ក៏មិនភ្លេចដែរ ចំពោះការដាក់សម្ពាធបន្ថែមទៀតទៅលើរុស្ស៊ី ដោយក្នុងនោះ ក៏មានការហាមឃាត់ការនាំចូលមាសពីរុស្ស៊ីផងដែរ៕