មិនមានរបាយការណ៍អំពីការខូចខាត ដែលបណ្តាលមកពីការបាញ់បង្ហោះកាលពីថ្ងៃពុធទី៣០ខែសីហានោះទេ។ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍និយាយថា កូរ៉េខាងជើងទំនងជាមានបំណងចង់បង្ហាញជាថ្មីម្តងទៀតថា ខ្លួនមានមីស៊ីលដែលមានសមត្ថភាពវាយប្រហារគោលដៅសំខាន់ៗ នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយប្រទេសក្បែរខាងរបស់ខ្លួនមួយនេះកំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំជាមួយបងធំអាមេរិក។
យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា ការបាញ់បង្ហោះចុងក្រោយនេះ បានកើតឡើង ចំពេលសហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-1B នៅក្នុងសមយុទ្ធ និងមួយថ្ងៃមុនពេលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រៀមបញ្ចប់សមយុទ្ធយោធារួមគ្នារយៈពេល១១ ថ្ងៃ ដែលទីក្រុងព្យុងយ៉ាងថា ជាការហាត់សមសម្រាប់សង្គ្រាម។
យោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលកូរ៉េខាងជើងទាំងពីរ បានធ្វើដំណើរបានចម្ងាយ ៣៦០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រនៃឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។ បើតាមការបញ្ជាក់ មីស៊ីលនោះត្រូវបានបាញ់ចេញពីតំបន់រដ្ឋធានីរបស់កូរ៉េខាងជើងតែម្តង។ អគ្គសេនាធិការចម្រុះនេះ បានហៅការបាញ់បង្ហោះជា «ការបង្កហេតុដ៏ធ្ងន់ធ្ងរ» ដែលគំរាមកំហែងដល់សន្តិភាពអន្តរជាតិ និងរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់ការបាញ់ផ្លោងណាមួយដោយកូរ៉េខាងជើង។
នៅព្រឹកថ្ងៃទី៣០សីហា សហរដ្ឋអាមេរិកបានហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-1B យ៉ាងហោចណាស់មួយគ្រឿង សម្រាប់សមយុទ្ធហ្វឹកហាត់លើអាកាសរួមគ្នាជាមួយយន្តហោះចម្បាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកផ្សេងទៀត។ បើយោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនៅឆ្នេរសមុទ្រភាគខាងលិចនៃឧបទ្វីបកូរ៉េនេះ បង្ហាញពីជំហរការពារជាតិរួមរបស់ប្រទេសទាំងពីរ និងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការការពារប្រទេសកូរ៉េខាងត្បូង។
ទន្ទឹមគ្នានោះ ក្រសួងការពារជាតិជប៉ុនបានប្រកាសឱ្យដឹងដែរថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកក៏បានធ្វើសមយុទ្ធលើអាកាសរួមគ្នា ដោយមានយន្តហោះ B-1B ចំនួនពីរគ្រឿងរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ លើដែនទឹករវាងប្រទេសជប៉ុន និងឧបទ្វីបកូរ៉េ។ ក្រសួងការបន្តថា សមយុទ្ធនេះ គឺដើម្បីបង្ហាញពីការតាំងចិត្តរបស់ប្រទេសទាំងពីរក្នុងការឆ្លើយតបទៅនឹងភាពអាសន្នណាមួយភ្លាមៗ និងបញ្ជាក់ពីសមត្ថភាពឆ្លើយតបនៃប្រទេសទាំងពីរ។