ចំពោះកំណើននៃបុព្វលាភធានារ៉ាប់រងនៅត្រីមាសទី១នេះដែរ ត្រូវបាន លោក ហ៊ុយ វ៉ាត់ថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា ប្រាប់សារព័ត៌មានខេមបូណូមីសថា ដោយសារតែការទិញធានារ៉ាប់រងទាំង២ប្រភេទ គឺមានច្រើននៅអំឡុងខែ១ និងខែ២ ជាពេលដែលកម្ពុជាមិនប៉ះពាល់ខ្លាំងដោយសារមរោគកូវីដ១៩។
លោកបន្តថា «នៅក្នុងអំឡុងពេលហ្នឹង គឺដូចវិស័យផ្សេងៗអញ្ចឹង គឺមានផលប៉ះពាល់ដូចគ្នា គ្រាន់តែថា ផលប៉ះពាល់ដែលយើងគិត គឺពីពេលហ្នឹងទៅហើយ ពោលគឺពីខែ៣ ខែ៤នឹងទៅ តែបើគិតក្នុងដើមត្រីមាសទី១នេះតែម្តង គឺយើងនៅរក្សាបាននូវកំណើនជាធម្មតាដូចត្រីមាសមុនៗដែរ»។
លោក ហ៊ុយ វ៉ាត់ថារ៉ូ បានបន្ថែមថា «បើយើងមើលឲ្យចំទៅ ផលប៉ះពាល់គឺដោយសារកូវីដ-១៩ហ្នឹងឯង ទី១អ្នកលក់ធានារ៉ាប់រងសឹងតែទាំងអស់ មិនមានឱកាសបានជួបជាមួយនឹងអតិថិជនទេឥឡូវហ្នឹង កាត់បន្ថយច្រើនមែនទែន ដោយសារការរក្សាគម្លាតសុវត្ថិភាពហ្នឹង អញ្ចឹងគាត់មិនមានឱកាសទៅជួបពន្យល់ជាមួយអតិថិជនដូចកាលលើកមុនទៀតទេ។ អញ្ចឹងយើងឃើញថា កាលលក់ធានារ៉ាប់រងថ្មីៗ វាហាក់មានការធ្លាក់ចុះក្នុងរង្វង់ ១០%អីហ្នឹង ដែលយើងទើបតែឃើញនិន្នាការនៃការធ្លាក់ចុះក្នុងខែ៣នេះទេ» ។
យ៉ាងណាមិញ ប្រធានសមាគមគមធានារ៉ាប់រងកម្ពុជាបានបញ្ជាក់ថា បើសិនជាវិបត្តិនៃជំងឺនេះនៅតែបន្តនោះច្បាស់ណាស់វិស័យធានារ៉ាប់រងក៏មានផលប៉ះពាល់មិនចាញ់វិស័យដទៃទៀតដែរ។
លោកអះអាថា« កាលណាវាបន្តនៅអញ្ចឹង ទី១ វាបាត់បង់ឱកាសក្នុងលក់របស់យើង ទី២ វាប៉ះពាល់ដល់អតិថិជនយើង ព្រោះគាត់ត្រូវគិតពីទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់គាត់សិនហើយ។ហើយមួយទៀត ដូចជាផ្នែករោងចក្រសហគ្រាសមួយចំនួនដែលផ្អាកដំណើរការឬក៏សកម្មភាពផលិតកម្មរបស់គាត់ថយចុះ ចឹងអាទំហំនៃធានារ៉ាប់រងទៅលើទ្រព្យសម្បត្តិទាំងអស់ហ្នឹងក៏វាមានការថមថយទៅតាមហ្នឹងដែរ អញ្ចឹងវាស្របគ្នាទៅនឹងគ្នាវិវត្តន៍នៃស្ថានភាពសេដ្ឋកិច្ចរបស់យើងបច្ចុប្បន្នហ្នឹងឯង»។
របាយការណ៍ពីសមាគមធានារ៉ាប់រងបានឲ្យដឹងថា នៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២០នេះ សម្រាប់ធានារ៉ាប់រងទូទៅ បុព្វលាភដែលទទួលបានមានទំហំទឹកប្រាក់គឺមានប្រមាណ ៣២,៨លានដុល្លារ កើនឡើង២១,៤%បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៩ ។ ចំណែកបុព្វលាភធានារ៉ាប់រងអាយុជីវិតវិញ មានទំហំទឹកប្រាក់ប្រមាណជា ៣៧,៦លានដុល្លារ កើនឡើង១៨,៤% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៩។
បើតាមរបាយការណ៍ដដែលនេះ គូសបញ្ជាក់ទៀតថា មកទល់ពេលនេះ មានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៣ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានចំនួន៨ ដោយមិនរាប់បញ្ចូលក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមួយចំនួនទៀតទេ ។ កាលពីឆ្នាំ២០១៩ បុព្វលាភធានារ៉ាប់រងទូទៅ មានទំហំទឹកប្រាក់ចំនួន ១០៣លានដុល្លារ កើនឡើង១៨,៨% បើធៀបនឹងឆ្នាំ២០១៨ហើយការធានារ៉ាប់រងអាយុជីវិត មានទំហំទឹកប្រាក់ប្រមាណ១៤២,៨លានដុល្លារ កើនឡើង ៤២,៤% ។ ចំពោះសំណងដែលក្រុមហ៊ុនធានារ៉ាប់រងបានទូទាត់ជូនអតិថិជនខ្លួនក្នុងឆ្នាំ២០១៩ សម្រាប់ធានារ៉ាប់រងទូទៅ មានទំហំទឹកប្រាក់ប្រមាណ ២៩លានដុល្លារ ។ ដោយឡែក ធានារ៉ាប់រងអាយុជីវិតវិញមានទំហំទឹកប្រាក់ ៤,៨លានដុល្លារ។
វិស័យធានារ៉ាប់រងបានរួមចំណែក ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុសាធារណៈជន ក៏ដូចជាក្រុមហ៊ុន សហគ្រាស រោងចក្រផ្សេងៗ ដែលមានហានិភ័យផ្សេងដែលមិនបានព្រៀងទុក និងបានរួមចំណែកក្នុងវិស័យហិរញ្ញវត្ថុ តាមរយៈការវិនិយោគទៅក្នុងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ព្រោះថា ទ្រព្យសម្បត្តិរបស់ធានារ៉ាប់រងភាគច្រើនជាសាច់ប្រាក់ ដែលសាច់ទាំងនេះ ត្រូវបានចាក់បញ្ចូលទៅក្នុងប្រព័ន្ធធនាគារ ដែលធនាគារនឹងប្រាក់ទាំងនេះ ទៅប្រើប្រាស់បន្តទៀតនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច៕