ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៥ ខែសីហា បានគូសបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន សូណាវិទ្យ (SONAVITH Co., Ltd.) របស់កម្ពុជា បានសហការវិនិយោគជាមួយក្រុមហ៊ុនផលិតទឹកដោះគោខ្នាតយក្សរបស់ម៉ាឡេស៊ី Farm Fresh Malaysia និងក្រុមហ៊ុន Alpha Group ដើម្បីវិនិយោគលើកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រ ដោយចាប់ផ្តើមវិនិយោគលើផ្ទៃដីចំនួន១ពាន់ហិកតា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមឈ្មោះ Farm Fresh Pursat។ ឯកឧត្តម បានអះអាងថា នេះជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំបំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ខេត្តពោធិ៍សាត់ ដែលនឹងជួយបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋ។
បើតាមការអះអាងរបស់លោកស្រី សុខ ចាន់សូណា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SONAVITH នៅក្នុងពីធីចុះហត្ថលេខាលើកិច្ចសន្យាជួលដីវិនិយោគនៅខេត្តពោធិ៍សាត់ថ្មីៗនេះ ក្រុមហ៊ុន FARM FRESH PURSAT នឹងបោះទុនវិនិយោគចំនួន៦៨លានដុល្លារលើការបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងសាងសង់រោងចក្រកែច្នៃ។
ជាមួយគ្នានេះលោក Loi Tuan Ee នាយកក្រុមហ៊ុន Farm Fresh Malaysia បានលើកឡើងថា ក្រុមហ៊ុនរបស់លោកមានសេចក្តីរីករាយក្នុងការវិនិយោគនៅខេត្តពោធិ៍សាត់ ដោយសារទទួលបានការលើកទឹកចិត្ត និងការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពីឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់។ លោកបានបន្ថែមថា ក្នុងនាមជាក្រុមហ៊ុនផលិតទឹកដោះគោឈានមុខមួយនៅតំបន់អាស៊ីអាគ្នេយ៍ ការមកបណ្តាក់ទុននៅខេត្តពោធិ៍សាត់ នឹងជួយភ្ជាប់ឈ្មោះរបស់ខេត្តទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក៕