លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងថា សកម្មភាពទិញដូរអចលនទ្រព្យនៅកម្ពុជា នៅពេលនេះ បានចាប់ផ្តើមមានសកម្មភាពងើបឡើងវិញជាបណ្តើរៗហើយ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈពេលខ្លីដោយសារឥទ្ធិពលនៃជំងឺកូវីដ១៩។
លោកបញ្ជាក់ថា បច្ចុប្បន្ន ភ្នាក់ងាររបស់លោកចាប់ផ្តើមរវល់ជាមួយនឹងការងារផ្តល់សេវាកម្មឡើងវិញ ប៉ុន្តែ ចំពោះវិនិយោគធំៗមកពីបរទេសនៅមិនទាន់មានច្រើននោះឡើយ។ អ្វីដែលជាសកម្មភាពទិញលក់ច្រើនក្នុងអំឡុងខែឧសភានេះ គឺភាគច្រើនបំផុតជាវិនិយោគទុនក្នុងស្រុក។
យ៉ាងណាក៏ដោយចុះ បើទោះបីជាមានការងើបឡើងវិញបន្តិចក៏ពិតមែន ប៉ុន្តែ ប្រធានសមាគមរូបនេះនៅតែចាត់ទុកថា សកម្មភាពនេះនៅតែតិចជាងឆ្នាំទៅមិញដដែល គឺតិចជាងចន្លោះពី ២០ ទៅ ៣០ភាគរយ។ ប៉ុន្តែ សកម្មភាពទិញលក់ អចលនទ្រព្យស្ថិតនៅក្នុងកម្រិតប៉ុណ្ណឹងនៅតែអាចចាត់ទុកធម្មតា សម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជា ព្រោះបើធៀបជាមួយនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន និងអាមេរិកវិញ គឺកម្ពុជាជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ល្អជាងគេ។
លោក ច្រឹក សុខនីម បានឲ្យដឹងទៀតថា កម្ពុជាទើបតែចាប់ផ្តើមមានសញ្ញាល្អប្រសើរឡើងវិញត្រឹមពីដើមខែឧសភានេះទេ ដូច្នេះ ក៏មិនទាន់មានសញ្ញានៃការរីកចម្រើនខ្ពស់នៅឡើយ តែលោករំពឹងថា វាអាចនឹងមានកំណើនខ្ពស់ឡើងវិញចាប់ពីត្រីមាសទី៣ ឆ្នាំ២០២០នេះ តទៅ។
យ៉ាងណាក្នុងអំឡុងពេលនេះ បើទោះបីជាវិស័យអចលនទ្រព្យនៅកម្ពុជាជួបប្រឈមនឹងបញ្ហាជំងឺកូវីដ១៩ ដែលធ្វើឲ្យសកម្មភាពនៃការទិញ-លក់បានធ្លាក់ចុះក៏ពិតមែន ប៉ុន្តែ តម្លៃគឺមិនមានការធ្លាក់ថ្លៃនោះឡើយពោលគឺនៅរក្សាតម្លៃទីផ្សារដូចមុនដដែល បើទោះជាមានអ្នកប្រកាសលក់បន្ទាន់ក៏ដោយ ព្រោះបើប្រៀបធៀបតម្លៃអចលនទ្រព្យនៅកម្ពុជា ទៅនឹងប្រទេសជិតខាង អចលនទ្រព្យនៅកម្ពុជានៅតែមានតម្លៃមួយទាបដដែល។
នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងដែរថា អចលនទ្រព្យតម្លៃ ពី ១០ម៉ឺនដុល្លារ ទៅ ២០ម៉ឺនដុល្លារ រហូតតម្លៃពីកន្លះលានដុល្លារ ទៅ ១លានដុល្លារក៏នៅតែលក់ដាច់ ប៉ុន្ដែ អចលនទ្រព្យដែលលក់ដាច់ខ្លាំងជាងគេក្នុងពេលនេះ គឺតម្លៃអចលនទ្រព្យតម្លៃ ក្រោម ៧ម៉ឺនដុល្លារ ព្រោះអចលនទ្រព្យប្រភេទនេះរដ្ឋមិនតម្រូវឲ្យមានការបង់ពន្ធប្រថាប់ត្រានោះឡើយ។
បើយើងក្រឡេកទៅមើលទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់វិញ បង្ហាញថា នៅដើមឆ្នាំ២០២០នេះ គិតត្រឹមខែមេសា គឺមានគម្រោងសំណង់សរុបជាង ៥៣១គម្រោង ដែលមានទុនវិនិយោគជាង ៤៧៥លានដុល្លារ ធៀបនឹងត្រឹមខែមេសាឆ្នាំ២០១៩ មានគម្រោង ៣២១ គម្រោង ដែលមានទុនវិនិយោគជាង ១ពាន់លានដុល្លារ ពោលគឺថយចុះជាង ៥៤ភាគរយ។
ទោះយ៉ាងណា បើពិនិត្យមើលពីការអភិវឌ្ឍវិស័យសំណង់ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះវិញ បង្ហាញឲ្យឃើញថា វិស័យនេះបានបន្តរីកចម្រើនជាលំដាប់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត គឺសុទ្ធសឹងតែបានបង្ហាញពីតួលេខនៃការអភិវឌ្ឍកើនឡើងជាមួយនឹងសំណង់អគារលំនៅដ្ឋាន សំណង់អគារពាណិជ្ជកម្មខ្ពស់ៗ សំណង់សណ្ឋាគារ និងសំណង់លំនៅដ្ឋានលក្ខណៈបុរី។
របាយការណ៍បានបង្ហាញទៀតថា គិតចាប់តាំងពីឆ្នាំ២០០០ មកដល់ត្រឹមខែមេសាឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសសរុបជាង ៥ម៉ឺនគម្រោង ដែលគិតជាទឹកប្រាក់ជាង ៥ម៉ឺន៦ពាន់លានដុល្លារ ដែលក្នុងនោះមានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ ជិត ២ពាន់អគារ និងគម្រោងអគារបុរីលំនៅដ្ឋាន និងបណ្តុំលំនៅដ្ឋានលក្ខណៈបុរីមានជាង ៣០០គម្រោង៕