បើទោះបីទីផ្សារអចលនទ្រព្យបច្ចុប្បន្នហាក់មានសភាពទ្រឹងក៏ដោយ តែអ្នកជំនាញក្នុងវិស័យនេះមើលឃើញថា ទីផ្សារអចលនទ្រព្យនៅតែមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ និងឱកាសក្នុងការទទួលបានប្រាក់ចំណេញ។
ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ CPL រំពឹងថា ការចាប់ដៃគ្នាជាមួយក្រុមហ៊ុនអចលនទ្រព្យ Womeki Investors Club Private Limited មកពីប្រទេសឥណ្ឌា វានឹងជួយធ្វើឱ្យទីផ្សារអចលនទ្រព្យកម្ពុជា កាន់តែមានភាពទាក់ទាញ និងល្អប្រសើរបន្ថែមទៀត ដ្បិតភាពជាដៃគូនេះបានកើតឡើងស្របពេលរដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងចរចាបើកជើងហោះហោះត្រង់រវាងប្រទេសទាំងពីរ។
អ្នកជំនាញចាស់វស្សាក្នុងវិស័យអចលនទ្រព្យរូបនេះ អះអាងថា បើទោះបីសកលលោក ក៏ដូចកម្ពុជា បានរងនូវផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងបញ្ហាមួយចំនួនទៀតក៏ដោយ តែឱកាសសម្រាប់ការវិនិយោគលើផ្នែកអចលនទ្រព្យនៅកម្ពុជា នៅតែមានសក្តានុពលខ្ពស់ ដ្បិតរាល់បញ្ហាវាតែងបង្កប់នូវឱកាសសម្រាប់អ្នកវិនិយោគ។
ម្យ៉ាងទៀតអ្នកជំនាញរូបនេះជឿជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យនាវាកម្ពុជាកាន់តែមានការអភិវឌ្ឍកាន់តែខ្លាំង។
ជុំវិញភាពជាដៃគូនេះដែរ លោក GAURAV KUMARSINGH នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Womeki Investors Club Private Limited បានលើកឡើងពីទំនុកចិត្តរបស់ខ្លួនលើក្រុមហ៊ុនអចលនទ្រព្យ CPL ខណៈក្រុមហ៊ុនអចលនទ្រព្យដ៏ធំនៅកម្ពុជាមួយនេះមានកេរ្តិ៍ឈ្មោះបោះសំឡេង និងអនុវត្តគោរពតាមច្បាប់របស់កម្ពុជា។
អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន Womeki និងក្រុមហ៊ុន CPL នឹងអាចបំពេញតម្រូវការទីផ្សារឱ្យគ្នាទៅវិញទៅមក ក៏ដូចជារួមចំណែកជួយធ្វើឱ្យវិស័យអចលនទ្រព្យនៅប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
បើតាមការគូសបញ្ជាក់របស់ឧកញ៉ា ចេង ខេង បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យ CPL មានដៃគូសហការលើផ្នែកអចលនទ្រព្យជាមួយបណ្ដាក្រុមហ៊ុនមកពីប្រទេសក្នុងតំបន់ជាច្រើនរួមមាន ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ជប៉ុន វៀតណាម មីយ៉ាន់ម៉ា ព្រុយនេ ហុងកុង និងកូរ៉េខាងត្បូងជាដើម៕
អត្ថបទ៖ បូ ដូឡា