
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ដែលជាថ្ងៃប្រារព្ធខួប ២០ឆ្នាំ នៃការចាប់កំណើតរបស់ក្រុមហ៊ុន CPL ខេមបូណូមីស បានជួបសម្ភាសជាមួយលោកឧកញ៉ា ចេង ខេង ដើម្បីសាកសួរពីប្រវត្តិខ្លះៗរបស់ CPL គន្លឹះដែលនាំឲ្យក្រុមហ៊ុននេះទទួលបានជោគជ័យ និងទស្សនវិស័យនាពេលអនាគត។
ពេលរំឭកដល់កាល២០ឆ្នាំមុន លោកឧកញ៉ា ចេង ខេង ដែលអតីតក៏ធ្លាប់ជាអ្នកកាសែតមួយរូបដែរនោះ បានលើកឡើងថា ការចាប់ផ្ដើមដំបូង ពិតជាលំបាកខ្លាំងណាស់។
លោករៀបរាប់យ៉ាងដូច្នេះ ៖ «បុគ្គលិកយើងមានតែ ៣នាក់គត់ នៅក្រោយព្រះបរមរាជវាំង។ ក្នុងនាមខ្ញុំជាស្ថាបនិក និងអគ្គនាយក ខ្ញុំធ្វើការងារសព្វបែបយ៉ាង... បុគ្គលិកក៏ខ្ញុំ នាយកក៏ខ្ញុំ គណនេយ្យក៏ជាខ្ញុំ ភ្នាក់ងារទិញលក់អចលនទ្រព្យក៏ជាខ្ញុំដែរ»។

លំបាកជាន់លើលំបាក គឺថា ពេលកើតដំបូងនៅខែកក្កដា ឆ្នាំ១៩៩៧ ចំពេលដែលប្រទេសកម្ពុជាជួបវិបត្តិមួយដែលឈានទៅដល់ការផ្ទុះអាវុធបង្ហូរឈាមនៅចំកណ្ដាលរាជធានីភ្នំពេញ ដែលធ្វើឲ្យស្ថានភាពអាជីវកម្មក្រុមហ៊ុនដ៏តូចនិងក្មេងខ្ចីមួយនេះធ្លាក់ចុះដុនដាបកាន់តែខ្លាំង ស្ទើរតែក្ស័យធនទៅហើយ។
លោកឧកញ៉ាបន្តថា នឹកដល់គ្រានោះ ក្រុមហ៊ុនដាំក្បាលចុះ រហូតដល់ជំពាក់បំណុលគេច្រើន។ លោកឧកញ៉ានៅចាំបានថ្ងៃ នៅថ្ងៃមួយនោះ លោកឧកញ៉ានៅសល់ប្រាក់ក្នុងហោប៉ៅតែ ១០ដុល្លារគត់។

ប៉ុន្តែ ដោយបំណាច់នឹងស្រលាញ់ការរកស៊ីលើវិស័យនេះ លោកឧកញ៉ាបានប្ដេជ្ញាប្រាប់ខ្លួនឯង ថា ៖ «បើសិនជាយើងរកស៊ីមិនជោគជ័យទេ ខ្ញុំមានអារម្មណ៍តាំងចិត្តថា ខ្ញុំនឹងទៅបួស ព្រោះខ្ញុំមានការតាំងចិត្តខ្ពស់ ខ្ញុំដាច់ខាតមិនផ្លាស់ប្ដូរមុខរបររបស់ខ្ញុំទេ»។
ដោយសារការព្យាយាម ការតស៊ូ ការតាំងចិត្តខ្ពស់ពីពេលហ្នឹងមក បន្ទាប់ពីវេទនាខ្លាំងមួយរយៈ អាជីវកម្មយើងក៏បានជួបជោគជ័យនិងសំណាងល្អជាហូរហែ។
ដូចពាក្យគេថា ក្រោយភ្លៀង មេឃស្រឡះ ២០ឆ្នាំក្រោយ ក្រោមការគ្រប់គ្រងរបស់លោកឧកញ៉ា ចេង ខេង ក្រុមហ៊ុន CPL រីកលូតលាស់គួរជាទីមោទនៈ រហូតក្លាយជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យ ហើយថែមទាំងទទួលបានការគាំទ្រពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាន។

បច្ចុប្បន្ន ក្រុមហ៊ុន CPL មានសាខាពីរ គឺនៅព្រះសីហនុ និង សៀមរាប។ និងមានដៃគូសហការជាច្រើនប្រទេស ដូចជា ថៃ វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី សិង្ហបុរី ជប៉ុន ចិន ហុងកុង កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងឥណ្ឌា។
នៅពេលសាកសួរពីទស្សនវិស័យទៅថ្ងៃអនាគត លោកឧកញ៉ា ចេង ខេង ប្រាប់ឲ្យដឹងពីមហិច្ឆតារបស់លោកសម្រាប់ក្រុមហ៊ុន CPL យ៉ាងដូច្នេះ៖ «ទៅថ្ងៃអនាគត ខ្ញុំចង់បើកសាខា CPL ឲ្យបាន ២៥ខេត្តក្រុង។ ខ្ញុំនឹងធ្វើការងារឲ្យមានគុណភាពដល់អតិថិជនដែលបានគាំទ្រ CPL យើងខ្ញុំ។ ហើយ CPL នេះ មិនមែនតែក្នុងអាណត្តិខ្ញុំដឹកនាំទេ ខ្ញុំនឹងធ្វើយ៉ាងម៉េចដើម្បីអស់ពីខ្ញុំទៅ អ្នកជំនាន់ក្រោយៗទៀត ក៏នៅតែមានវត្តមាន CPL នៅក្នុងប្រទេសកម្ពុជា និងមានការទទួលស្គាល់ដូចគ្នា»៕