អ្នកជំនាញ និង អ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលសម្រេចការចាប់ផ្តើមអនុវត្តគិតពន្ធលើចំណេញមូលធនអចលនទ្រព្យនាពេលនេះ ជាការពិតណាស់ គឺរដ្ឋត្រូវការចំណូលបន្ថែមដើម្បីទ្រទ្រង់សកម្មភាពការចំណាយរបស់រដ្ឋ។ ទោះយ៉ាងណា នៅក្នុងអំឡុងពេលនេះ វាហាក់ដូចបន្ថែមបន្ទុកដល់អ្នកប្រើប្រាស់ច្រើន ខណៈស្ថានភាពជំងឺកូវីដ-១៩ នៅតែបន្ដអូសបន្លាយដែលធ្វើឲ្យមានប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាពិភពលោកផងដែរ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជាបានគូសបញ្ជាក់ថា រដ្ឋគួតែព្យារពេលនៃការចាប់ផ្តើមអនុវត្តយកពន្ធនេះ ដោយគួរតែរង់ចាំមើលរហូតដល់ជំងឺកូវីដ-១៩ ផុតរលត់ទៅវិញ និងស្ថានភាពសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញ។ លោកថា ការបង់ពន្ធជូនរដ្ឋ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋ ប៉ុន្តែ ក្នុងអំឡុងពេលដ៏លំបាកនេះរដ្ឋគួរពន្យារពេលតទៅទៀត រហូតដល់សេដ្ឋកិច្ចដំណើរការល្អប្រសើរឡើងវិញ។
លោកបានឲ្យដឹងទៀតថា បច្ចុប្បន្នសកម្មភាពនៃការដោះដូរអចលនទ្រព្យមានតែអ្នកនៅក្នុងស្រុក ដែលភាគច្រើនអចលនទ្រព្យ ដែលមានតម្លៃក្រោម៣០ម៉ឺនដុល្លារចុះប៉ុណ្ណោះ ចំណែកអចលនទ្រព្យធំៗ និងមានតម្លៃថ្លៃចាប់ពីកន្លះលានដុល្លារឡើងទៅមានតិចតួចបំផុត។
លោក ច្រឹក សុខនីម បានគូសបញ្ជាក់បន្ថែមថា បើសិនជារដ្ឋនៅតែសម្រេចយកពន្ធចំពេលវិបត្តិជំងឺសកលនេះមិនទាន់ផុតរលត់ទៅនេះ សកម្មភាពនៃដោះដូរអចលនទ្រព្យអាចនឹងមានការធ្លាក់ចុះទៅតាមនោះដែរ។
ដោយឡែក លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា និង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ី ភី អិល បានបញ្ជាក់ដែរថា លោកតែងតែគាំទ្ររាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែនៅក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩ជាសកលនេះ បើសិនជាអាច រដ្ឋាភិបាលកម្ពុជាគួរតែបន្ធូរបន្ថយដៃ ឬអាចពន្យារពេលការអនុវត្តការគិតពន្ធលើចំណេញមូលធននេះមួយរយៈពេលទៀត ទើបជាការល្អប្រសើរ។
លោកឧកញ៉ាបន្តថា នៅក្នុងវិបត្តិជំងឺកូវីដ-១៩ជាសកលនេះ ការលើកលែងពន្ធ ឬ បន្ធូរបន្ថយពន្ធពីរដ្ឋាភិបាលគឺជារឿងចាំបាច់បំផុត សម្រាប់អ្នកជំនួញ និង ពលរដ្ឋ វាអាចនឹងជួយសម្រួលបន្ទុកការចំណាយថែមមួយកម្រិតទៀតដល់អ្នកជំនួញ និង ពលរដ្ឋ។
យ៉ាងណាក៏ដោយចុះ អ្នកជំនាញ និង ជំនួញនៅក្នុងវិស័យអចលនទ្រព្យ សុទ្ធតែទទួលស្គាល់ថា ប្រទេសផ្សេងៗទៀតនៅលើពិភពលោកនេះ ក៏គេយកពន្ធលើចំណេញមូលធននេះដែរ ដោយប្រទេសខ្លះមានអត្រាពន្ធពី ១៥ភាគរយ និងប្រទេសខ្លះទៀតមានអត្រាពន្ធខ្ពស់ជាងកម្ពុជាពី៣០ ទៅ៤០ភាគរយឯណោះ។
ជុំវិញការសម្រេចអនុវត្តចាប់ផ្តើមគិតពន្ធលើចំណេញមូលធនអចលនទ្រព្យនេះ ត្រូវបានប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ថា ពន្ធលើចំណេញមូលធននេះ មិនមែនជាការបង្កើតពន្ធថ្មីនោះឡើយ។ ពន្ធនេះ មានក្នុងច្បាប់ថវិកាឆ្នាំ ២០១០មកម្ល៉េះ ប៉ុន្តែ រាជរដ្ឋាភិបាលអនុញ្ញាតឲ្យពន្យារពេលដល់ឆ្នាំ២០២០ ដែលគិតមកដល់បច្ចុប្បន្ន ១០ឆ្នាំហើយ។
ឯកឧត្តមគង់ វិបុល បន្ថែមថា ពន្ធចំណេញលើមូលធននេះ គឺសំដៅលើពន្ធអចលនទ្រព្យ និងមូលធនផ្សេងៗទៀតដែលមាននៅក្នុងអាជីវកម្ម ហើយពន្ធនេះ មិនមែនមានតែកម្ពុជាទេ នៅបណ្តាប្រទេសផ្សេងៗក៏គេមានដែរ ដូចប្រទេសបារាំង និងអូស្ត្រាលីជាដើម គឺត្រូវបានគេយកច្រើនជាងនៅកម្ពុជាក្នុងអត្រា រហូត ដល់ ៤០ ទៅ៧០ភាគរយ។
ឯកឧត្តមពន្យល់បន្ថែមថា ការកំណត់យកអត្រាពន្ធថេរ២០ភាគរយលើប្រាក់ចំណេញមូលធននេះ មិនមានន័យថា រដ្ឋយកពន្ធ២០ភាគរយពីប្រាក់ចំណេញទាំងមូលនោះទេ ពោលគឺរដ្ឋយកតែ២០ភាគរយនៃតម្លៃអចលនទ្រព្យដែលលក់បាននោះប៉ុណ្ណោះ ដើម្បីយកគណនាគិតពន្ធ២០ភាគរយ ដែលបានកំណត់ក្នុងច្បាប់។ ក្នុងន័យនេះ ជាឧទាហរណ៍ បើអ្នកលក់ផ្ទះ១ខ្នងបានក្នុងតម្លៃ ១លានដុល្លារ នោះ នឹងត្រូវយកតម្លៃ ២០% នៃតម្លៃផ្ទះនោះ មកគិតពន្ធ ២០% ដែលបានកំណត់ ដូច្នេះ បើអ្នកលក់ផ្ទះនោះ បានក្នុងតម្លៃ១លានដុល្លារ នោះអ្នកនឹងត្រូវបង់ពន្ធចំណេញមូលធននេះ ៤ម៉ឺនដុល្លារ៕