លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា និង ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ី ភី អិល បានបញ្ជាក់អះអាងថា នៅក្នុងវិបត្តិតែងតែមានឱកាសល្អ ហើយនេះជាពេលវេលាដ៏ល្អសម្រាប់ពលរដ្ឋក៏ដូចជាអ្នកវិនិយោគដែលត្រូវការទិញអចលនទ្រព្យតាមការចង់បាន និង មានតម្លៃធូថ្លៃ និង អាចមានឱកាសទទួលបានផលចំណេញក្រោយវិបត្តិជំងឺកូវីដ-១៩ ត្រូវបានស្ងប់ស្ងាត់រលាយសាបសូន្យទៅវិញ។
លោកឧកញ៉ា ចេង ខេង បានបញ្ជាក់ថា បើទោះបីជាឱកាសល្អក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ក៏ដោយចុះ ក៏វិបត្តិមួយនេះ បានធ្វើឲ្យសកម្មភាពទិញ លក់ អលនទ្រព្យនៅក្នុងប្រទេសទាំងមូលមានសភាពស្ងប់ស្ងាត់ជាងពីពេលមុនមានវិបត្តិជំងឺកូវីដ-១៩ទៅទៀត។
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា បន្តថា យ៉ាងណានៅក្នុងរាជធានីភ្នំពេញចរន្តនៃការទិញ លក់ អចលនទ្រព្យនៅតែមានសកម្មភាព ដោយក្នុងមួយថ្ងៃយ៉ាងតិចណាស់មានការទិញលក់ដោះដូរអចលនទ្រព្យ ពី ២៥០ ទៅ២៨០ ដីធ្លីផ្ទះសម្បែងដែរ ហើយនៅក្នុងនោះតំបន់ដែលមានការទិញលក់ច្រើនជាងគេ គឺ អចលនទ្រព្យ នៅតំបន់ពោធិ៍សែនជ័យ ភ្នំពេញថ្មី និង តំបន់ជ្រោយចង្វារជាដើម។
លោកឧកញ៉ា ចេង ខេង បញ្ជាក់ទៀតថា នៅក្នុងមួយរយៈពេលនៃការផ្ទុះឡើងជំងឺកូវីដ-១៩ នេះបានធ្វើឲ្យ ទីផ្សារអចលនទ្រព្យមានការធ្លាក់ចុះរហូតដល់ ៥០ភាគរយ បើធៀបនឹងពេល ដែលមិនទាន់មានវិបត្តិកូវីដ ១៩ កើតឡើង ប៉ុន្តែគិតមកដល់ខែឧសភាឆ្នាំ២០២០នេះ ភាគច្រើននៃ អាជីវកម្មបានបើកដំណើរការឡើងវិញ ដោយសង្ឃឹមថា វិស័យអចលនទ្រព្យកម្ពុជានេះអាចនឹងប្រសើរឡើងវិញ៕