សម្រាប់ប្រទេសកម្ពុជា ក្រុមអ្នកជំនាញបានកត់សម្គាល់ថា ការបិទច្រកព្រំដែននេះបានក្លាយជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកក្នុងការពង្រីកខ្សែច្រវាក់ផលិតកម្ម និងលើកកម្ពស់ការប្រកួតប្រជែង ក្រោយពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការទំនិញថៃ ហើយងាកមកគាំទ្រផលិតផលក្នុងស្រុក។ ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញ បានបន្តក្រើនរំលឹកយ៉ាងទទូចឱ្យពលរដ្ឋរក្សាស្មារតីពហិការទំនិញថៃ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ព្រោះថា សម្ទុះនេះហាក់មានការធ្លាក់ចុះ ខណៈទំនិញថៃ នៅតែបន្តហូរចូល និងដាក់លក់នៅលើទីផ្សារកម្ពុជា។
ឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានគូសបញ្ជាក់យ៉ាងមុតមាំថា ការប្រកាសបន្តបិទព្រំដែនរបស់មេដឹកនាំថៃ គឺជាកាតាលីករផ្ដល់ផលចំណេញសេដ្ឋកិច្ចដល់កម្ពុជា ព្រោះភាគីថៃ គឺជាអ្នករងការខាតបង់ធ្ងន់ធ្ងរជាង ពោលគឺព្រំដែនបិទកាន់តែយូរ ឧស្សាហកម្មផលិតក្នុងស្រុករបស់កម្ពុជានឹងកាន់តែរីកចម្រើនលូតលាស់លឿន។ ទោះយ៉ាងណាបញ្ហាប្រឈមចម្បង គឺការបន្តលួចបន្លំនាំចូលទំនិញថៃ ខុសច្បាប់ កំពុងបំផ្លាញទឹកចិត្តពលរដ្ឋខ្មែរ ដែលខិតខំធ្វើពហិការ និងអ្នកផលិតក្នុងស្រុកយ៉ាងខ្លាំង។
សម្រាប់អ្នកជំនាញរូបនេះ ក្រៅពីការទប់ស្កាត់ការរត់ពន្ធតាមច្រកព្រំដែនឱ្យបានតឹងរ៉ឹងបំផុត ការផ្លាស់ប្ដូរផ្នត់គំនិត និងមនសិការស្នេហាជាតិរបស់ពលរដ្ឋខ្មែរក្នុងការងាកមកគាំទ្រផលិតផលជាតិខ្លួនឯង គឺជាកោសិកាគ្រឹះមិនអាចខ្វះបាន ដើម្បីជំរុញសេដ្ឋកិច្ច និងឆ្លើយតបនឹងការមើលងាយរបស់ប្រទេសជិតខាង។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម កត់សម្គាល់ឃើញថា ក្រោយព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទ វាបានជួយជំរុញឱ្យការផលិត និងការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យមានការកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីពលរដ្ឋនាំគ្នាធ្វើពហិការទំនិញថៃ ប៉ុន្តែចលនាពហិការទំនិញហាក់មានការធ្លាក់ចុះនាពេលបច្ចុប្បន្ន ខណៈទំនិញថៃ នៅតែបន្តហូរចូល និងបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជា។
ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះ ក្រើនរំលឹកពលរដ្ឋខ្មែរឱ្យបន្តធ្វើពហិការទំនិញថៃឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ព្រោះវាជាអាវុធដ៏មានប្រសិទ្ធភាពបំផុតក្នុងការដាក់សម្ពាធលើសេដ្ឋកិច្ចថៃ។ ជាការវាយតម្លៃរបស់អ្នកជំនាញរូបនេះ បញ្ហាព្រំដែនកម្ពុជា-ថៃ ទំនងជាមិនអាចបិទជាអចិន្ត្រៃយ៍នោះទេ ពោលគឺទោះបីមិនអាចបើកឡើងវិញក្នុងអាណត្តិនាយករដ្ឋមន្រ្តី អានុទីន ក៏នឹងត្រូវបើកឡើងវិញនៅអាណត្តិនាយករដ្ឋមន្ត្រីផ្សេងដែរ ព្រោះប្រទេសជិតខាងគ្នាចាំបាច់ត្រូវប្រាស្រ័យទាក់ទងគ្នាទៅលើការដោះដូរពាណិជ្ជកម្ម ដឹកជញ្ជូន និងខ្សែច្រវាក់ផលិតកម្មក្នុងនាមជាសមាជិកក្នុងតំបន់តែមួយ។
ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ យល់ឃើញថា ការបិទព្រំដែនជាមួយថៃ គឺជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកក្នុងការពង្រីកផលិតកម្ម និងការប្រកួតប្រជែងរបស់ខ្លួនជំនួសទីផ្សារទំនិញថៃ ក៏ប៉ុន្តែភាពជោគជ័យនេះទាមទារឱ្យមានការបង្កើនស្តង់ដាគុណភាពទំនិញ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលផងដែរ។ អ្នកជំនាញរូបនេះបានវាយតម្លៃថា ការបិទព្រំដែនរវាងកម្ពុជា-ថៃ អាចនឹងបន្តរយៈពេលយូរទៀត ដោយសាររដ្ឋាភិបាលថៃបច្ចុប្បន្នប្រើប្រាស់សន្លឹកបៀរព្រំដែនជាមួយកម្ពុជា ដើម្បីបន្តជីវិតនយោបាយរបស់ខ្លួន។ តែទោះយ៉ាងណា អ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា ទោះព្រំដែនបើក ឬបិទ ក៏ការធ្វើពហិការទំនិញថៃស្ថិតនៅលើស្មារតី និងមនសិការស្នេហាជាតិរបស់ពលរដ្ឋកម្ពុជា រៀងៗខ្លួន។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៦ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំទឹកប្រាក់សរុបជាង២ពាន់លានដុល្លារ ធ្លាក់ចុះជាង២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចូលទំនិញពីថៃ មានទំហំជាង១,៥ពាន់លានដុល្លារធ្លាក់ចុះជាង៣៣% ខណៈការនាំចេញទំនិញពីកម្ពុជា ទៅថៃវិញ មានទំហំជាង៥០០លានដុល្លារធ្លាក់ចុះជាង៦%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕