វិស័យកសិកម្ម

ប្រាក់ចំណេញ និងទិន្នផលស្រូវរបស់កសិកររងការគំរាមកំហែងពីទឹកជំនន់ និងថ្លៃដើមផលិតកើនឡើង ទោះតម្លៃស្រូវហក់ឡើង


នៅពីក្រោយការកើនឡើង នៃតម្លៃស្រូវនៅរដូវប្រមូលផលឆ្នាំនេះ កសិករនៅតែបន្តប្រឈមនឹង​បញ្ហាជាច្រើន ដែលធ្វើឱ្យការរំពឹងទុកទទួលបានប្រាក់ចំណេញពីការធ្វើស្រែនៅមានកម្រិត​។ ទោះបីតម្លៃស្រូវមានការកើនឡើងជាងឆ្នាំមុនក៏ដោយ តែការកើនឡើងនៃថ្លៃដើមផលិតកម្ម ទឹកជន់លិច និងអាកាសធាតុមិនអំណោយផល បានគំរាមកំហែងដល់ទិន្នផលស្រូវ និងប្រាក់ចំណេញរបស់កសិករ។ ទន្ទឹមនឹងនេះកសិករស្នើឱ្យរដ្ឋាភិបាលពិចារណាដាក់ចេញយន្តការរក្សាស្ថិរភាពតម្លៃស្រូវនៅលើទីផ្សារ ដើម្បីធានាឱ្យពួកគេទទួលបានប្រាក់ចំណេញសមរម្យពីការធ្វើស្រែ។
វិស័យកសិកម្ម
ដោយ

លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិ នៃសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម បានលើកឡើងថា បច្ចុប្បន្នកសិករកំពុងមមាញឹកប្រមូលផលស្រូវវស្សា ប៉ុន្តែតំបន់មួយចំនួនបានរងផលប៉ះពាល់ដោយសារទឹកជន់លិច ដែលបង្កការលំបាកដល់ការប្រមូលផលរបស់កសិករ។ បើតាមលោក សុខ សុថា បច្ចុប្បន្នតម្លៃស្រូវសនៅលើទីផ្សារអាចលក់បានចន្លោះពី៦០០រៀលទៅ១,០០០រៀលក្នុង១គីឡូក្រាម ខណៈស្រូវក្រអូបមានតម្លៃចន្លោះពី៩០០រៀលទៅ១,២០០រៀលក្នុង១គីឡូក្រាម។ តែយ៉ាងណាតម្លៃនេះមិនបានផ្តល់ប្រាក់ចំណេញច្រើនដល់កសិករនោះទេ ដោយសារថ្លៃដើមផលិតកម្មបន្តកើនឡើង ជាពិសេសតម្លៃជីកសិកម្ម ពូជស្រូវ និងធាតុចូលកសិកម្មផ្សេងៗទៀត។ យ៉ាងណាមិញលោក សុខ សុថា ស្នើឱ្យកសិករពិចារណាងាកមកប្រើប្រាស់ជីសរីរាង្គក្នុងស្រុក ដែលមានតម្លៃសមរម្យជាងជីគីមីនាំចូល ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងបង្កើនឱកាសទទួលបានប្រាក់ចំណេញ។

ដោយឡែកលោក នួន ណារិន្ទដា កសិករធ្វើស្រែនៅខេត្តឧត្តរមានជ័យបានឱ្យដឹងថា បច្ចុប្បន្នតម្លៃស្រូវនៅតំបន់របស់លោកមានការកើនឡើង ដោយស្រូវប្រភេទស្រូវកែងអាចលក់បានក្នុងតម្លៃជាង៨០០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីឆ្នាំមុនមានតម្លៃត្រឹមជាង៦០០រៀលប៉ុណ្ណោះ។ តែយ៉ាងណាកសិកររូបនេះបានអះអាងថា ទោះបីតម្លៃស្រូវនៅឆ្នាំនេះមានការកើនឡើងក៏ដោយ តែកសិករនៅតំបន់របស់លោកបានជួបប្រឈមនឹងបញ្ហាអាកាសធាតុ ដែលជះឥទ្ធិពលដល់ទិន្នផលស្រូវ។ លោកបន្ថែមថា ដើម្បីឱ្យកសិករអាចទទួលបានប្រាក់ចំណេញពីការធ្វើស្រែ តម្លៃស្រូវគួរតែអាចលក់បានក្នុងតម្លៃចាប់ពី៩០០រៀលក្នុងមួយគីឡូក្រាមឡើងទៅ។

ជាមួយគ្នានេះលោក វង្ស ប៉ោយយ៉ង់ កសិករធ្វើស្រែនៅខេត្តបាត់ដំបងបានគូសបញ្ជាក់ថា ស្រូវប្រភេទអូអឹមនៅតំបន់របស់លោកលក់បានតម្លៃជាង៨០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែស្រែទំហំ២០ហិកតារបស់លោកកំពុងរងការជន់លិចដោយទឹកជំនន់ ហើយប្រសិនបើទឹកមិនស្រកទាន់ពេលទេនោះ លោកប្រឈមនឹងខាតបង់ទឹកប្រាក់រហូតដល់ប្រមាណ២លានរៀលក្នុងមួយហិកតា។ ក្រៅពីគ្រោះធម្មជាតិ លោកក៏បានទម្លាយពីការលំបាកក្នុងការលក់ស្រូវផងដែរ ដោយសារឈ្មួញកណ្តាលជាអ្នកកំណត់តម្លៃស្រេចតែអំពើចិត្ត ដោយកសិករមិនមានលទ្ធភាពក្នុងការតថ្លៃនោះឡើយ ហើយប្រសិនបើមិនព្រមលក់តាមតម្លៃដែលពួកគេកំណត់ នោះកសិករអាចប្រឈមនឹងគ្មានឈ្មួញទិញស្រូវរបស់ពួកគេ។ ទន្ទឹមនឹងនេះ លោក ស្នើឱ្យរាជរដ្ឋាភិបាលជួយអន្តរាគមន៍កំណត់តម្លៃស្រូវឱ្យបានច្បាស់លាស់ ដើម្បីការពារប្រាក់ចំណេញរបស់កសិករ។

បើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី២៨ ខែតុលា នៅក្នុងខេត្តមួយចំនួនដូចជា ខេត្តព្រះវិហារ ពោធិ៍សាត់ កំពង់ស្ពឺ ព្រៃវែង និងកំពង់ចាម តម្លៃស្រូវសើមប្រភេទស្រូវកែង មានតម្លៃក្នុងរង្វង់៨៤០រៀលដល់៨៩០រៀលក្នុងមួយគីឡូក្រាម ខណៈស្រូវផ្ការំដួល មានតម្លៃក្នុងរង្វង់១,០៤០រៀល ដល់១,១១០រៀលក្នុងមួយគីឡូក្រាមដោយផ្អែកទៅតាមគុណភាពស្រូវនីមួយៗ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អាជ្ញាធរថៃចាប់ខ្លួននាយកក្រុមហ៊ុនចិន Taobao ក្រោមបទចោទផ្តល់សេវាផ្ទេរប្រាក់ខុសច្បាប់

ការបង្ក្រាបលើសេវាកម្មហិរញ្ញវត្ថុអនឡាញខុសច្បាប់នៅប្រទេសថៃបានឈានដល់ការចាប់ខ្លួននាយកក្រុមហ៊ុនចិន Taobao សាខាប្រទេសថៃ។ ប៉ូលិសថៃចោទប្រកាន់ថា…

​រោងចក្រកាត់ដេរនៅបង់ក្លាដែស ជាង៥០០ត្រូវបានបិទទ្វារ ក្រោយកម្មករផ្ទុះការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល

វិបត្តិឧស្សាហកម្មកាត់ដេរដ៏ធ្ងន់ធ្ងរមួយកំពុងញាំញីប្រទេសបង់ក្លាដែស ក្រោយពេលដែលការតវ៉ារបស់កម្មករបានបង្ខំឱ្យរោងចក្រជាង៥០០កន្លែងត្រូវប្រកាសបិទទ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ