ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា មកទល់ពេលនេះ អាជ្ញាធរនៅតែបន្តរុះរើទម្លាក់ផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភណភាពតាមដងផ្លូវ និងចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង ខណៈសកម្មភាពនេះធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីមកម៉្លេះ។ បើតាមថ្នាក់ដឹកនាំខេត្តរូបនេះ សកម្មភាពដាក់តាំងផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវសាធារណៈ ពុំបានផ្ដល់ផលចំណេញដល់សង្គមនោះទេ ផ្ទុយទៅវិញ វាជាការអូសទាញពលរដ្ឋឱ្យទទួលទានគ្រឿងស្រវឹង និងផ្ដល់ផលមិនល្អនៅថ្ងៃខាងមុខ។ ឯកឧត្តមអភិបាលខេត្តអះអាងថា ការដកផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវសាធារណៈ ពុំបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចឡើយ ហើយខេត្ត ក៏មិនចង់បានការរីកចម្រើនសេដ្ឋកិច្ចតាមរយៈការផ្សព្វផ្សាយអូសទាញពលរដ្ឋឱ្យប្រើប្រាស់គ្រឿងស្រវឹងនោះដែរ។
ជុំវិញការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដល់ផ្លូវសាធារណៈនេះដែរ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ទោះបីសកម្មភាពនេះពុំអាចទប់ស្កាត់មិនឱ្យមានការសេពគ្រឿងស្រវឹងក៏ពិតមែន តែវាបានបង្ហាញឱ្យឃើញពីឆន្ទៈក្នុងការកាត់បន្ថយនូវការប្រើប្រាស់គ្រឿងស្រវឹង។ អ្នកជំនាញរូបនេះបានចាត់ទុកចំណាត់ការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងរបស់ឯកឧត្តម វ៉ី សំណាង គឺជាគំរូដ៏ល្អមួយ ដែលបណ្ដារាជធានីខេត្តផ្សេងៗគួរយកធ្វើជាគំរូ និងអនុវត្តតាម។
ជាមួយគ្នានេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ឃើញថា ការដោះផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមទីធ្លាសាធារណៈ គឺជាគំរូដ៏ល្អមួយសម្រាប់សង្គមជាតិ និងជាស្មារតីក្នុងការទទួលខុសត្រូវមួយដ៏សំខាន់ក្នុងសង្គម។ ជាមួយគ្នានេះ លោក ស្នើឱ្យបណ្ដារាជធានីខេត្តនានាគួរយកគំរូតាមឯកឧត្តម វ៉ី សំណាង ក្នុងការទម្លាក់ផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមទីធ្លាសាធារណៈ ដើម្បីលើកកម្ពស់សោភណភាពតាមដងផ្លូវ។
គួរបញ្ជាក់ថា ក្រោយឡើងកាន់តំណែងជាអភិបាលខេត្តតាកែវបានចំនួន៥ថ្ងៃ ឯកឧត្តម វ៉ី សំណាង បានបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចុះរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរនៅតាមទីសាធារណៈទូទាំងខេត្តតាកែវ ដូចអ្វីដែលឯកឧត្តមបានអនុវត្តកន្លងមកពេលកាន់តួនាទីជាអភិបាលខេត្តកំពង់ស្ពឺ។ ចំណាត់ការនេះទទួលបានការសាទរ និងគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តតាកែវ៕
អត្ថបទ៖ បូ ដូឡា