អ្នកជំនាញបារម្ភថា គោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ មិនអាចសម្រេចបាន។នេះបើតាមទីភ្នាក់ងារសារព័ត៌មានរើយធើ។
តម្រូវការថាមពលសកលបានកើនឡើង ១% កាលពីឆ្នាំមុន ហើយកំណើនថាមពលកកើតឡើងវិញ ដែលដល់កម្រិតខ្ពស់បំផុត មិនបានផ្លាស់ប្តូរភាពលើសលុបនៃឥន្ធនៈហ្វូស៊ីលឡើយ។ ឥន្ធនៈហ្វូស៊ីលនៅតែមានចំណែក ៨២% នៃការផ្គត់ផ្គង់ថាមពលនៅលើពិភពលោក។ នេះបើយោងតាមរបាយការណ៍ស្ដីពីការត្រួតពិនិត្យឡើងវិញនៃស្ថិតិថាមពលពិភពលោករបស់ឧស្សាហកម្មថាមពល ដែលបាននិយាយកាលពីថ្ងៃចន្ទ។
ឆ្នាំ ២០២២ ត្រូវបានកត់សម្គាល់ដោយភាពចលាចលនៅក្នុងទីផ្សារថាមពល បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ព្រឹត្តិការណ៍នោះបានជួយជំរុញតម្លៃឧស្ម័ននិងតម្លៃធ្យូងថ្មនៅអឺរ៉ុបនិងអាស៊ីឱ្យឡើងដល់កម្រិតខ្ពស់បំផុត។
របាយការណ៍ខាងលើបាននិយាយថា ការនាំមុខគេរបស់ផលិតផលប្រេង ឧស្ម័ន និងធ្យូងថ្ម ក្នុងការគ្របដណ្តប់លើតម្រូវការថាមពលភាគច្រើន បានពង្រឹងឧត្ដមភាពថាមពលប្រភេទនេះបន្ថែមទៀតនៅក្នុងឆ្នាំ ២០២២ ទោះបីជាសមត្ថភាពផ្គត់ផ្គង់ថាមពលកកើតឡើងវិញមានការកើនឡើងដ៏ខ្លាំងបំផុតដែលមិនធ្លាប់មាន ក្នុងបរិមាណសរុប ២៦៦ ជីហ្គាវ៉ាត់ ហើយកំណើនថាមពលពន្លឺព្រះអាទិត្យខ្ពស់ជាងកំណើនថាមពលខ្យល់ក៏ដោយ។
នាយិកានៃវិទ្យាស្ថានថាមពលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស លោកស្រី ហ្ស៊ូល្លីយេ ដាវិនផត (Juliet Davenport) បាននិយាយថា "ទោះបីជាមានការកើនឡើងខ្លាំងបន្ថែមទៀតនៃថាពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ នៅក្នុងវិស័យថាមពលក៏ដោយ ក៏ការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលទាក់ទងនឹងថាមពលជាទូទៅនៅលើសកលលោក បានកើនឡើងជាថ្មីទៀត"។ លោកស្រីបញ្ជាក់ក្នុងសម្ដីដើមថា «យើងនៅតែធ្វើដំណើរក្នុងទិសដៅផ្ទុយពីទិសដៅកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស[ស្ដីពីអាកាសធាតុ]»។
អ្នកវិទ្យាសាស្ត្រនិយាយថា ពិភពលោកត្រូវការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រហែល ៤៣% ពីកម្រិតឆ្នាំ ២០១៩ នៅមុនដំណាច់ឆ្នាំ ២០៣០ ដើម្បីរក្សាក្តីសង្ឃឹមក្នុងការសម្រេចបានគោលដៅរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។ កិច្ចព្រមព្រៀងនោះកំណត់ថាត្រូវរក្សាកំណើនកម្ដៅភពផែនដីឱ្យនៅក្រោម ២ អង្សាសេ លើសកម្រិតសីតុណ្ហភាពមុនសម័យឧស្សាហកម្ម។
ប្រែសម្រួលដោយ ឯម មាឃ