ជុំវិញនឹងការបើកឲ្យមានជើងហោះហើរត្រង់ពីក្រៅប្រទេសឡើងវិញនេះដែរ ត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍មើលឃើញថា វាគឺជាជំហានមួយដ៏ល្អក្នុងការឈានទៅបើកសកម្មភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាវិស័យទេសចរណ៍ឡើងវិញ ប៉ុន្ដែ អ្នកជំនាញគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគួរតែមានការកែសម្រួលវិធានការនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។
ការសម្រេចលុបចោលបម្រាមផ្អាកបណ្តោះអាសន្នជើងហោះហើរត្រង់ពីប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីននេះ គឺបន្ទាប់ពីមានការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានណែនាំដល់ក្រសួង-ស្ថាប័នជំនាញ ដើម្បីពិនិត្យអំពីលទ្ធភាព ក្នុងបើកជើងហោះហើរឡើងវិញ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដូចជា ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពីន ជាដើម ដើម្បីទទួលភ្ញៀវទេសចរ និងអ្នកវិនិយោគមកកម្ពុជា។ បន្ថែមនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ដែរថា បើសិនកម្ពុជា មិនបើកប្រទេសពេញលេញឡើងវិញនោះទេ កម្ពុជា អាចស្លាប់ដោយសារសេដ្ឋកិច្ច ពិបាកជាងស្លាប់ ដោយសារតែកូវីដ១៩ ទៅទៀត។
ជុំវិញការសម្រេចលុបចោលបម្រាមផ្អាកបណ្តោះអាសន្ននូវជើងហោះហើរត្រង់នេះដែឬ ត្រូវបានលោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីប៉ាស៊ីហ្វិក បង្ហាញការគាំទ្រ យ៉ាងពេញទំហឹង និងសង្ឃឹមយ៉ាងមុតមាំថា ក្រោយរដ្ឋាភិបាល បានបន្ធូរបន្ថយការរឹតត្បិតនូវវិធានការមួយចំនួនដល់អ្នកដំណើរដែលចូលមកកម្ពុជា នឹងកាន់តែធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជា ឆាប់ងើបឡើងវិញ។ យ៉ាងណាក៏ដោយ អ្នកជំនាញទេសចររូបនេះ ក៏បានគូសបញ្ជាក់ទៀតថា នេះគ្រាន់តែជាជំហានដំបូងនៃការចាប់ផ្ដើមប៉ុណ្ណោះ ដោយយល់ថា កម្ពុជា គួរតែមានការកែសម្រួលវិធានការនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរបន្ថែមទៀត។
ដើម្បីឈានដល់ការសម្រេចផែនការបើកប្រទេសពេញលេញឡើងវិញនៅចុងឆ្នាំនេះ ក៏ដូចជាលើកស្ទួយវិស័យទេសចរណ៍ឱ្យងើបឡើងវិញ កាលពីពេលថ្មីៗ រាជរដ្ឋាភិបាល បានសម្រេចបន្ធូរបន្ថយ រយៈពេលការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា ដែលបានចាក់វ៉ាក់សាំងពេញលេញរួច ដោយតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស។ ខណៈអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស ត្រូវអនុវត្តរបបចត្តាឡីស័ក ចំនួន ៧ថ្ងៃ។ ដោយឡែក អ្នកដំណើរគ្រប់ប្រភេទ ដែលមិនបានចាក់វ៉ាក់សាំងកូវដី១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានពេញលេញ ត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ។
សូមបញ្ជាក់ថា បន្ទាប់ពីផែនការសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរៀងខ្លួនៗ ពេលនេះបណ្ដាប្រទេសជាច្រើនលើពិភពលោកបាននិងកំពុងចាប់ផ្ដើមបើកជើងមេឃជាបណ្ដើរៗហើយ ពិសេសបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន ដូចជា ថៃ វៀតណាម សិង្ហបុរី និងម៉ាឡេស៊ីជាដើម ដោយការអនុវត្តបើកជើងមេឃទទួលអ្នកដំណើរពីបរទេសនេះ គឺធ្វើឡើងតាមគោលការណ៍ផ្សេងៗគ្នា ហើយឃើញមានតែប្រទេសថៃមួយទេ ដែលបានកំណត់បើកអនុញ្ញាតឲ្យទេសចរទេសចូលប្រទេសខ្លួន ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក៕