លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice ដែលជាឧកញ៉ាស្រូវអង្ករវ័យក្មេង បានលើកឡើងថា មានកត្តាស្លាប់រស់មួយចំនួន ដែលអ្នកជំនួញនៅក្នុងវិស័យស្រូវអង្ករទាំងអស់គួរតែគិតគូរ មុននឹងចូលប្រឡូកក្នុងវិស័យមួយនេះ។
រកស៊ីត្រូវតែស្មោះត្រង់
ការប្រតិបត្តិអាជីវកម្ម វាមានបែបផែនផ្សេងៗគ្នាទៅតាមប្រភេទអាជីវកម្មនីមួយៗ ប៉ុន្ដែ បើតាមប្រសាសន៍របស់លោកឧកញ៉ា សុង សារ៉ន បានលើកឡើងថា មានចំណុចមួយគោលដែលសហគ្រិនទាំងអស់ត្រូវមានដូចគ្នា នោះគឺភាពស្មោះត្រង់ មានន័យថា ស្មោះត្រង់ជាមួយក្រុមការងារ អតិថិជន និងដៃគូអាជីវកម្ម។
ទោះយ៉ាងណាក៏ដោយ លោកថា មានតែ១ចំណុចនោះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ តួយ៉ាង នៅក្នុងសមរភូមិដ៏ក្ដៅគគុកនៃវិស័យអាជីវកម្មស្រូវអង្ករ ទាមទារឲ្យសហគ្រិនត្រូវមានសព្វាវុធសំខាន់ ២បន្ថែមទៀត រួមមាន៖
ការធ្វើពិពិធកម្ម (Diversification)
ការបន្ថែមនូវរូបរាងថ្មី ការវេចខ្ចប់ស្អាតប្លែកទៅលើផលិត គឺជាកំណែប្រែមួយដើម្បីទាក់ទាញអតិថិជនឲ្យកាន់តែមានការចាប់អារម្មណ៍ ហើយវាក៏ជួយឲ្យផលិតផលអាចជ្រៀតចូលទីផ្សារកាន់តែប្រសើរឡើង ផងដែរ។
បើតាមប្រសាសន៍របស់លោកឧកញ៉ា សុង សារ៉ន រហូតមកទល់ពេលនេះ ក្រុមហ៊ុនលោកបានផលិតអង្ករជាច្រើនប្រភេទដើម្បីលក់លើទីផ្សារមានដូចជា អង្ករក្រហម អង្ករស អង្ករសម្រូប អង្ករសរីរាង្គ ក៏ដូចជាប្រភេទអង្ករពិសេសៗរបស់កម្ពុជាច្រើនទៀត។
លោកបន្ថែមទៀតថា រាល់ផលិតផលរបស់លោកហាក់មិនសូវប្រឈមនឹងការប្រកួតប្រជែងខ្លាំងជាមួយផលិតផលអង្ករនៅបណ្ដាប្រទេសជិតខាងនោះទេ ព្រោះតែវាមានលក្ខណៈពិសេសដែលគូប្រជែងមិនមានដូចនោះឡើយ។
“យើងជាឈ្មួញរកស៊ីស្រូវអង្ករជាមួយកសិករ ដូច្នេះយើងមិនត្រូវធ្វើឲ្យកសិករទឹកភ្នែកដោយសារយើងទេ”
ការបង្កើតថ្មី (Innovation)
ភាពច្នៃប្រឌិត ក៏ដូចជាការបង្កើតនូវគំនិតយុទ្ធសាស្ត្រទីផ្សារថ្មីៗនៅក្នុងការធ្វើជំនួញ គឺជាអនុភាពមួយដែលសហគ្រិនទាំងឡាយត្រូវមានជាប់ខ្លួនជានិច្ច។ ទោះយ៉ាងណា លោកឧកញ៉ា សុង សារ៉ន បានបញ្ជាក់ថា ការបង្កើតថ្មីនេះ ត្រូវឈរលើគោលការណ៍គុណតម្លៃនិងគុណភាពជាចម្បង កុំផ្ដោតតែនៅលើបរិមាណខ្លាំងពេក។
ជាពិសេស សម្រាប់វិស័យអាជីវកម្មស្រូវអង្ករដែលកំពុងប្រកួតប្រជែងគ្នាខ្លាំង គឺមានតែគុណតម្លៃ និងគុណភាពនេះហើយ ដែលអាចផ្ដល់នូវទំនុកចិត្តដល់ទីផ្សារអន្តរជាតិធំៗ ឲ្យនៅតែបន្តគាំទ្រផលិតផលអង្កររបស់កម្ពុជា។
ឧកញ៉ាវ័យក្មេងដែលកំពុងមានឈ្មោះបោះសំឡេងលើវិស័យស្រូវអង្កររូបនេះ បានបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនលោកបានបង្កើតនូវផលិតផលអង្ករខុសប្លែកពីក្រុមហ៊ុននានានៃបណ្ដាប្រទេសជិតខាង ពោលគឺជាប្រភេទអង្ករពិសេសរបស់កម្ពុជា ដូចជា អង្ករសរីរាង្គគ្រាប់ខ្លី និងប្រភេទអង្ករផ្សេងៗទៀត ដែលជាពូជស្រូវអង្កររបស់ខ្មែរ តែយើងមិនបានសិក្សាយកមកកែច្នៃ។
លោកគូសបញ្ជាក់ថា ផលិតផលទាំងអស់នេះ គឺប្រៀបបីដូចជាគ្រាប់ពេជ្រដែលមិនទាន់កែច្នៃយ៉ាងដូច្នេះដែរ ហើយជាទិសដៅបន្ទាប់ នៅពេលខាងមុខ លោកថា ក្រុមហ៊ុនលោកគ្រោងស្វែងរកដៃគូក្រៅស្រុកជាច្រើនទៀត ដើម្បីទិញយកផលិតផលអង្ករពីកម្ពុជា ក៏ដូចជាជំរុញឲ្យមានជាខេត្តមួយ ផលិតផលមួយផងដែរ។
ដំបូន្មានសម្រាប់អ្នកចង់រកស៊ីវិស័យស្រូវអង្ករ
អតីតជាកូនកសិករ និងបច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុនអង្ករ Amru Rice លោកឧកញ៉ា សុង សារ៉ន បានផ្ដល់ជាដំបូន្មានសម្រាប់អ្នកមានបំណងប្រកបអាជីវកម្មជួញដូរស្រូវអង្ករថា ត្រូវមានចំណេះដឹងទាក់ទងនឹងវិស័យកសិកម្មឲ្យបានច្រើន ព្រោះរបរនេះជារបរមួយឆាប់ផុយស្រួយណាស់ និងទាមទារឲ្យមានការអត់ធ្មត់ខ្ពស់។
តួយ៉ាង មុននឹងអាចទាញចំណូលបានមកវិញបន្ទាប់ពីការប្រមូលទិញស្រូវ និងការផលិតអង្ករ យ៉ាងហោចណាស់ ក៏ចំណាយពេល ៣ ទៅ ៤ខែដែរ ហើយប្រសិនបើផលិតផលមិនអាចផ្ដល់នូវទំនុកចិត្តសម្រាប់អតិថិជនទេ នោះអ្នកមិនអាចឈរជើងបានយូរនោះឡើយ។
ទោះយ៉ាងណា លោកឧកញ៉ាបានចង្អុលបង្ហាញថា សហគ្រិនស្រូវអង្ករត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ មានសាមគ្គីភាពល្អ ក្នុងការសហការជាមួយសហគមន៍ដែលជាកសិករ ហើយត្រូវធ្វើឲ្យសហគមន៍យល់ថា ក្រុមហ៊ុននិងកសិករគឺតែមួយ ពោលគឺកសិករគឺជាបុគ្គលិក ក៏ដូចជាដៃគូផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ក្រុមហ៊ុន។
ទន្ទឹមនឹងនោះដែរ ចូរបន្តរក្សាឲ្យបាននូវអ្វីដែលជាគុណតម្លៃ និងគុណភាពរបស់ផលិតផល នោះទើបជា យុទ្ធសាស្ត្រដែលអាចឈានទៅរកនិរន្តរភាពបាន។
លោកឧកញ៉ា សុង សារ៉ន មានប្រសាសន៍យ៉ាងដូច្នេះ ៖ «យើងជាឈ្មួញរកស៊ីស្រូវអង្ករជាមួយកសិករ ដូច្នេះយើងមិនត្រូវធ្វើឲ្យកសិករទឹកភ្នែកដោយសារយើងទេ។ យើងត្រូវតែធ្វើឲ្យកសិករចំណេញ មានជីវភាពធូរធារ ទើបយើងអាចរកស៊ីយូរអង្វែងជាមួយពួកគាត់បានយូរ»។
លោកឧកញ៉ា សុង សារ៉ន តែងតែផ្សារភ្ជាប់មុខជំនួញរបស់លោកជាមួយនឹងកសិករ ដោយការបង្កើតជាសហគមន៍កសិកម្មដើម្បីជួយទ្រទ្រង់កសិករទាំងការបណ្តុះបណ្តាលបច្ចេកទេស ការស្វែងរកទីផ្សារឲ្យកសិករ និងការធានាទិញផលពីកសិករក្នុងសហគមន៍ដែលលោកទ្រទ្រង់ទាំងអស់នោះ៕