របាយការណ៍បានឲ្យដឹងទៀតថា នៅក្នុងខែសីហាឆ្នាំ២០២០នេះ បិរមាណ នាំចេញអង្កររបស់កម្ពុជាសម្រេចបានជាង២ម៉ឺន២ពាន់តោន ដែលមានថយចុះប្រមាណ ១ម៉ឺន២ពាន់តោន ពោលគឺធ្លាក់ចុះដល់ទៅប្រមាណ ៣៥% ធៀបនឹងខែសីហាឆ្នាំ២០១៩។
អ្នកជំនាញ នៅក្នុងវិស័យស្រូវអង្ករកម្ពុជាបានអះអាងថា ការធ្លាក់ចុះ នៃបរិមាណនាំចេញអង្កររបស់កម្ពុជានៅខែចុងក្រោយនេះ គឺដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផល។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា សម្រាប់រយៈពេលចុងក្រោយនេះ បរិមាណនាំចេញអង្កររបស់កម្ពុជាមិនអាចសម្រេចបានល្អទេ ដោយសារតែផលប៉ះពាល់បណ្ដាលមកពីរបាយទឹកភ្លៀងមានមិនស្មើគ្នា។ លោកបន្ថែមថា ការបង្កបង្កើនផលរបស់ប្រជាកសិករនៃសហគមន៍កសិកម្ម ដែលធ្វើកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុននាំចេញអង្ករកំពុងត្រូវបានផលអាក្រក់ពីបញ្ហារាំងស្ងួតនេះ។ មិនតែប៉ុណ្ណោះ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាក៏បានព្រមានដែរថា បញ្ហាអាកាសធាតុនេះ វាក៏នឹងធ្វើឲ្យគោលដៅនាំចេញអង្ករ៨០ម៉ឺនតោន ឬកៀកទៅនឹង១លានតោនរបស់កម្ពុជានៅឆ្នាំ២០២០ ទំនងជាមិនអាចសម្រេចទៅបានឡើយ។
បើទោះបីជា ការនាំចេញអង្ករនៅខែសីហាឆ្នាំនេះ មានការធ្លាក់ចុះខ្លាំងក៏ដោយចុះ ប៉ុន្ដែ សម្រាប់តួលេខនាំចេញអង្ករសរុបសម្រាប់រយៈពេល៨ខែ នៅឆ្នាំ២០២០នេះ ជារួមការនាំចេញអង្ករនៅតែសម្រេចបានជិត៤៥ម៉ឺនតោន កើនឡើងជាង៣១% ធៀបនឹង៨ខែកាលពីឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម។
របាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា នៅ៨ខែមកនេះ អង្ករកម្ពុជាបាននាំចេញទៅកាន់ទិសដៅចំនួន ៥៩ ប្រទេស ដោយក្នុងនោះ ទីផ្សារសំខាន់ៗជាងគេរួមមានសហភាពអឺរ៉ុបមានប្រមាណ ៣ម៉ឺនតោន កើនឡើងជិត២៥% ទីផ្សារចិនមានប្រមាណជាង២ម៉ឺន៦ពាន់តោន កើនជិត២០% និងទីផ្សារប្រទេសអាស៊ានមានប្រមាណជិត២ម៉ឺនតោន កើនជាង៤២%។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កម្ពុជាសម្រេចបានការនាំចេញអង្ករប្រមាណ ៦២ម៉ឺនតោនធ្លាក់ចុះជិត១% ធៀបនឹងឆ្នាំ២០១៨៕