Advertisement
ខ្សែក្រវាត់ និងផ្លូវ -ចិន-កម្ពុជា

ចិន បោះសម្តីចេញមុខជួយកម្ពុជា ករណីបើ ប្រព័ន្ធអនុគ្រោះពន្ធ EBA ពិតជាត្រូវបានព្យួរមែន


ប្រមុខរដ្ឋាភិបាលចិន បានបោះពាក្យសម្តី មកកាន់កម្ពុជាដែលខ្លួនចាត់ទុកថាជាមហាមិត្តគ្រប់ជ្រុងជ្រោយ ក្នុងការជួយដោះស្រាយនូវការខាតបង់ ក្នុងករណីដែលប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបលើទំនិញគ្រប់ប្រភេទនាំទៅកាន់ទីផ្សារអឺរ៉ុប អ្វីៗទាំងអស់លើកលែងតែសព្វាវុធ (EBA) ពិតជាត្រូវបានព្យួរមែននោះ។
សម្ដេច ហ៊ុន សែន ជួបពិភាក្សាការងារ​ទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន អំឡុង​ឱកាសចូលរួម វេទិកា ខ្សែក្រវាត់ និង ផ្លូវលើកទី២ នៅប៉េកាំង (រូបភាព៖ ហ្វេសប៊ុកសម្ដេច ហ៊ុន សែន)
ដោយ
Advertisement

នៅក្នុងវេទិកា ខ្សែក្រវាត់ និងផ្លូវ លើកទី២ របស់​មហាយក្ស​ចិន ដែលទើបតែ​បិទបញ្ចប់​ថ្មីៗ​នេះ លោក លី ខឺឈាង នាយក​រដ្ឋមន្រ្តី​នៃសាធារណៈរដ្ឋ​ប្រជាមានិត​ចិន បានចេញ​មុខអះអាង​ថា នឹងចាប់​ផ្តើម​ការពិភាក្សា​ទាក់ទិន​ទៅនឹង សហភាពអឺរ៉ុប ដែល កំពុង​បើកដំណើរការ​ឆ្ពោះទៅរក​ការ​ដក EBA ពីកម្ពុជា និងបង្ហាញ​ពី ឆន្ទៈច្បាស់លាស់ ក្នុងការជួយ​ដល់ប្រទេស​កម្ពុជា ហើយនឹង​ពិនិត្យ​លទ្ធភាព​គ្រប់បែប​យ៉ាង ក្នុងការ​ទទួលនូវ ផលិតផលពី ប្រទេសកម្ពុជា លើអ្វីដែល​ប្រទេស​ចិន មាន​តម្រូវការ​ចាំបាច់​នោះ។

ទាក់ទងទៅនឹង​រឿងការព្យួរ​ប្រព័ន្ធអនុគ្រោះ​ពន្ធ​​នេះដែរ លោក វ៉ាន់ ហូនីង ដែលជា​សមាជិក​គណៈអចិន្ត្រៃយ៍ នៃការិយាល័យ​នយោបាយ និង ជាលេខា​ធិការ​នៃលេខាធិការដ្ឋាន​បក្សកុម្មុយនីស្ត​ចិន បានបង្ហាញ​ជំហរយ៉ាង​រឹងមាំ របស់រដ្ឋាភិបាល​ចិន ក្នុងការ​ជួយដោះស្រាយ​គ្រប់បញ្ហា​របស់​មិត្ត​កម្ពុជា ដែលបាន​នឹងកំពុង​ជួបប្រទះ​បញ្ហា រួមមានទាំង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះពន្ធ (EBA) ដែលសហភាព​អឺរ៉ុប កំពុង​អនុវត្ដនីតិវិធី ដែលអាច​នឹងត្រូវបាន​​ព្យួរ​នាពេល​ខាងមុខ​នេះ​ផងដែរ។

លោក វ៉ាន់ ហូនីង លេខាធិការ​នៃលេខាធិការ​ដ្ឋានបក្ស​កុម្មុយនីស្ត​ចិន បានបញ្ជាក់ថា ភាគីចិន បាន​សិក្សា​ពីផលប៉ះពាល់​នៃការដក EBA របស់​សហភាពអឺរ៉ុប​ពីប្រទេស​កម្ពុជា​ហើយ តែរកមិន​ឃើញមាន​ការប៉ះពាល់​ធ្ងន់ធ្ងរទេ ហើយចិន​នឹងរិះរក​វិធីផ្សេងៗ​ជួយដល់កម្ពុជា​ពីការបាត់បង់​ផល​ប្រយោជន៍​ធំនេះ។

កម្ពុជាចំណេញ​អ្វីខ្លះ​ពីវេទិកា ខ្សែក្រវាត់ និង ផ្លូវលើកទី២ នៅ​ប៉េកាំង?

វេទិកា​ខ្សែក្រវាត់ និងផ្លូវ លើកទី២ របស់​មហាយក្ស​សេដ្ឋកិច្ច​ពិភពលោក​ទី២ របស់ចិន បាន​បង្អើល​អស់​ពិភពលោក ឲ្យងាកមក​ចាប់កិច្ច​សហប្រតិបត្តិការ​ជាសកល​តែម្តង ។ វេទិកាខ្សែ​ក្រវាត់ និងផ្លូវ លើកទី ២​ នៅក្នុងទី​ក្រុង​ប៉េកាំង ប្រទេសចិន គេកត់​សម្គាល់ឃើញ​ថា មានការចូលរួម​ពីថ្នាក់ដឹកនាំ​កំពូលៗ មកពីបណ្តា​ប្រទេស​ជាង ១០០ប្រទេស និង អង្គការ​អន្តជាតិ​ចំនួន ២០។ 

វេទិកា​ដែលអន្តរជាតិ​ចាត់ទុកថា ជាវេទិកា​ធំមហាសាល​មួយនេះ ក៏ជាប្រទីប​ត្រួសត្រាយ​បើកផ្លូវ​ឲ្យ ប្រទេស​កម្ពុជា ចាប់បាននូវ ឱកាសមាស និង ផលចំណេញ​ជាច្រើន ដែលក្នុងនោះ​ មានកិច្ចព្រម​ព្រៀង​ជាច្រើន ត្រូវបាន​ចុះហត្ថលេខា ហើយក៏ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំងពី បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ ទៅលើ សក្តានុពល​របស់​កម្ពុជា​ផងដែរ។ ពិតណាស់​កម្ពុជា​បច្ចុប្បន្ន​កំពុងតែក្លាយ​ជាមេដែក​ស្រូបទាញ​យកវិនិយោគិន​ចិន​ជាច្រើន​មកកាន់​ប្រទេស​កម្ពុជា។

នៅក្នុងសន្និសីទ​សារព័ត៌មាន លោក ស៊ី ជីនពីង ប្រធានាធិបតី​នៃសាធារណៈរដ្ឋ​ប្រជាមានិត​ចិន បានប្រកាស​ប្រាប់ពិភពលោក​ក្តែងៗថា វេទិកាខ្សែក្រវាត់ និង ផ្លូវ លើកទី ២នេះ គឺជាមគ្គុទ្ទេសក៍​នាំផ្លូវ ទៅកាន់​កិច្ចប្រឹងប្រែង​ជាសកល ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រួមគ្នា ហើយក្នុង​ឱកាសនោះ ក៏មានចុះ​កិច្ចព្រមព្រៀង​រហូតដល់​ទៅ ២៨៣ ត្រូវបាន​សម្រេច​ផងដែរ។

Advertisement

លើសពីនេះ​ទៅទៀត កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ដែលមាន​តម្លៃជាង ៦៤ពាន់​លាន​ដុល្លារ​អាមេរិក ត្រូវបាន​ចុះហត្ថលេខា ក្នុងសន្និសីទ C E O  នាឱកាសនោះ​ផងដែរ ហើយថ្នាក់​ដឹកនាំ​កំពូលៗ និង អ្នកជំនាញ​ជាច្រើន ក៏បានកោត​សរសើរ​ចំពោះ លក្ខណៈអំណោយផល​នៃវេទិកា​នេះ ដែលបាន​លើកកម្ពស់​ការតភ្ជាប់ និង កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៅក្នុងការ​ធ្វើពាណិជ្ជកម្ម​ ការវិនិយោគ និងការអភិវឌ្ឍ​ប្រកប​ដោយចីរភាព។

សម្តេចតេជោ ហ៊ុន សែន ប្រកាស​ពីកម្ពុជា​ទទួលផល​ពីវេទិកា​ខ្សែ​ក្រវាត់ និង ផ្លូវ

ដោយឡែក​ខាងកម្ពុជា​ឯណេះវិញ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា ដែលបាន​ចូលរួមក្នុង​វេទិកាខ្សែក្រវាត់ និង ផ្លូវនេះ ក៏បាន​បង្ហាញពី លទ្ធផល​ជាវិជ្ជមាន ដែលកម្ពុជា ទទួលបាន​ផលប្រយោជន៍​ជាច្រើន រួមមាន ការចាប់​អារម្មណ៍​វិនិយោគលើ ការផលិត​ថាមពល​ដើរដោយ​ខ្យល់ និង ពន្លឺព្រះអាទិត្យ ការអ​ភិវឌ្ឍ​​ទៅលើ បច្ចេកវិទ្យាថ្មី​ 5G  ដំបូងគេ​បង្អស់នៅ​កម្ពុជា ការអភិវឌ្ឍ​ផ្លូវដែក​នៅកម្ពុជា និង ជាពិសេសគឺ ការចុះហត្ថលេខា​លើឯកសារ​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន ​៦ រវាង កម្ពុជា និង ចិនផងដែរ។

Advertisement

សម្រាប់វិស័យ​ថាមពល​នៅកម្ពុជា គឺមានក្រុមហ៊ុន​ចិន​ចំនួន ២ ចាប់អារម្មណ៍​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដោយក្នុងនោះ ក្រុមហ៊ុន​មួយ មានបំណង​បង្កើតរោងចក្រ​ផលិតបន្ទះ Solar Panel គឺជាបន្ទះ​អាច​ស្រូបយក​ពន្លឺព្រះ​អាទិត្យ បំប្លែង​ទៅជាអគ្គិសនី​សម្រាប់​ប្រើប្រាស់​ ខណៈកម្ពុជា​បច្ចុប្បន្ន​កំពុងខ្វះខាត​ថាមពល​អគ្គិសនី ដែលដើរ​ស្របទៅ​នឹងកំណើន​សេដ្ឋកិច្ច​។ ហើយក្រុមហ៊ុន​មួយទៀតគឺ ក្រុមហ៊ុន China Hauneng Group ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ ក៏បានបង្ហាញពី គម្រោងថ្មី ទាក់​ទិន​ទៅនឹងការ​ផលិតថាមពល​អគ្គិសនី​ដើរ ដោយពន្លឺ​ព្រះអាទិត្យ ដែលគ្រោង​នឹងវិនិយោគ​បង្កើត​អគ្គិសនី​ចំនួន ២០០​មេហ្គាវ៉ាត់ នាពេល​ខាងមុខ​នេះផងដែរ។

រីឯវិស័យ​បច្ចេកវិទ្យា​វិញ កម្ពុជា ជាប្រទេស​ទីមួយ​ហើយ នៅក្នុងតំបន់​អាស៊ាន ដែលបាន​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​អភិវឌ្ឍ​​ទៅលើបច្ចេក​វិទ្យា​ថ្មី 5G ជាមួយនឹង​ក្រុមហ៊ុន Huawei ហើយ​តាមរយៈ​វិស័យ​ឌីជីថលនេះ គឺពិតជាអាច​ជួយដល់ វិស័យ​អប់រំ​នៅក្នុងប្រទេស​កម្ពុជា ក៏ដូច​ជា​រាជ​​រដ្ឋាភិ​បាល​កម្ពុជា។

ក្រឡេក​ទៅមើល​វិស័យ​ដឹកជញ្ជូន​តាមផ្លូវដែក​វិញ​ម្តង សម្តេចតេជោ ក៏បាន​ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវរថភ្លើង​របស់​ប្រទេសចិន ទៅលើការ​អភិវឌ្ឍ​ផ្លូវដែក នៅប្រទេស​កម្ពុជា ដោយមាន​បំណង​ជំរុញ ​ធ្វើយ៉ាង​ណាឱ្យ កម្ពុជា មានក្រុមហ៊ុន​ផ្លូវដែក​របស់​ចិន​មួយ​ច្បាស់លាស់ ដើម្បីទៅ​ចាប់ដៃ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផ្លូវដែក​របស់​ប្រទេស​កម្ពុជា ដើម្បីឱ្យ​ការដឹក​ជញ្ជូន​តាមផ្លូវ​ដែកកាន់តែ​មាន​ប្រសិទ្ធភាព។

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ក្នុងឆ្នាំ ២០១៨ កើនដល់កម្រិតណា?

ក្នុងឆ្នាំ ២០១៨​កន្លងទៅនេះ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា-ចិន បានឈាន​ដល់ជាង ៧,៣ ពាន់​លានដុល្លារ​អាមេរិក ដែលមានការ​កើនឡើង​ជិត ២៧ភាគរយ ធៀបនឹង​ឆ្នាំ ២០១៧ ក្នុងនោះ ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា ទៅកាន់ទីផ្សារ​ប្រទេសចិន មានតម្លៃគិត​ជាទឹកប្រាក់​មានប្រមាណ​តែ ១,៣ពាន់​លានដុល្លារ​អាមេរិក។ ដោយឡែក ការនាំចូល​ទំនិញ​ពីប្រទេស​ចិនវិញ មានតម្លៃគិតជា​ទឹកប្រាក់​ប្រមាណ ៦ពាន់លាន​ដុល្លារ​អាមេរិក​ឯណោះ។ នេះបើតាម​របាយការណ៍​ពី រដ្ឋបាល​គយ​ទូទៅ នៃប្រទេសចិន។

ដោយឡែក​ របាយការណ៍​ដដែល បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល ២ខែដំបូង ឆ្នាំ ២០១៩នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា-ចិន បានឈាន​ដល់ជាង ១.១០០ លានដុល្លារ​អាមេរិក ដែលមាន​ការកើន​ឡើង​ជិត ២១ភាគរយ បើធៀប​នឹងឆ្នាំ ២០១៧ ក្នុងនោះ កម្ពុជា នាំចេញ​ទំនិញ​ទៅទីផ្សារ​ចិន ដែលគិតជា​ទឹកប្រាក់​មានតម្លៃ ១៩៧លាន​ដុល្លារ​អាមេរិក ខណៈការនាំចូល​ទំនិញ​ពី ចិន​មកវិញ គិតជាទឹក​ប្រាក់​មាន​តម្លៃ ៩៩១លាន​ដុល្លារ​អាមេរិក។

ក្រឡេកទៅមើល របាយការណ៍ពី ក្រសួងពាណិជ្ជកម្ម​ចិន បង្ហាញថា ទំហំពាណិជ្ជកម្ម​រវាង ចិន ជាមួយបណ្តា​ប្រទេស​ក្នុងគំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និងផ្លូវ បានកើន​ដល់ ១.២ទ្រីលានដុល្លារ​អាមេរិក ដែល​ស្មើនឹង ២៧ភាគរយ​នៃទំហំ​ពាណិជ្ជកម្ម​នៅក្រៅ​ប្រទេស​សរុប​របស់ ចិន។

ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៣ ដល់ ២០១៨ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្រោម​គំនិតផ្តួច​ផ្តើម​ខ្សែក្រវាត់ និងផ្លូវ បានបើកឱកាស ឲ្យប្រទេស​ចិន បង្កើត​តំបន់​សេដ្ឋកិច្ច និងពាណិជ្ជកម្ម​ចំនួន ៨២កន្លែង នៅក្នុង​ប្រទេស​ចំនួន ២៤ ដោយមាន​ការវិនិយោគ​ជាង ៣៦ពាន់​លាន​ដុល្លារ​អាមេរិក និងបង្កើត​ការងារ​ក្នុងស្រុកជាង​ ២សែនកន្លែង​ថែមទៀត​ផង៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ករត្នោតកំពង់ស្ពឺ កំពុងត្រូវប៉ាន់ បន្ទាប់ពីចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រពីអ៊ឺរ៉ុប

ព័ត៌មាន
សមាគមផលិតស្ករត្នោត ក្នុងខេត្តកំពង់ស្ពឺ ឱ្យដឹងថា ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺបានកើនឡើងខ្ពស់បន្ទាប់ពីការចុះបញ្ជីសម្គាល់ភូមិសាស្ត្រពីសហគមន៍អ...

គម្រោងអភិវឌ្ឍន៍ ផលិតផលទេសចរណ៍តម្លៃ ៧០ លានដុល្លារមួយទៀត នៅសៀមរាប នឹងត្រូវចាប់ផ្ដើមអភិវឌ្ឍឡើងនៅខែឧសភា

ព័ត៌មាន
ទឹកប្រាក់ ប្រមាណ ៧០ លានដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់ លើគម្រោងសំខាន់មួយ សាងសង់ជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ ជម្រកអភិរក្សសត្វ និងសង់សណ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ