ក្រៅពីនេះ លោកក៏មានចំណុចពិសេសអំពីយុទ្ធសាស្ត្រការយកលុយទៅបង្កើតលុយ និងជាអ្នកនិពន្ធសៀវភៅ “Rich Dad, Poor Dad” បានជំរុញឱ្យវិនិយោគលើមាស ប្រាក់ និងរូបិយប័ណ្ណឌីជីថល Bitcoin នៅក្នុងឆ្នាំ២០២៤ នេះ។ តើមានហេតុផលអ្វីខ្លះ នៅពីក្រោយរឿងនេះ?
លោក រ៉ូបឺត គីយ៉ូសាគិ (Robert Kiyosaki) ដែលជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញ "Rich Dad Poor Dad" (ឪពុកអ្នកមាន និងឪពុកអ្នកក្រ) បានធ្វើការព្រមានមិនសំចៃមាត់ទេចំពោះការកើនឡើងយ៉ាងឆាប់រហ័សនូវបំណុលជាតិរបស់អាម៉េរិក ដោយជំរុញឱ្យបណ្ដាវិនិយោគិនធ្វើពិពិធកម្មការវិនិយោគទៅលើមាស ប្រាក់ និង រូបិយប័ណ្ណឌីជីថល Bitcoin។ ហើយទន្ទឹមនឹងការផ្ដល់ដំបូន្មានបែបនេះ លោក រ៉ូបឺត គីយ៉ូសាគិ (Robert Kiyosaki) ខ្លួនឯងផ្ទាល់ក៏បានបង្កើនការវិនិយោគលើ Bitcoin ផងដែរកាលពីពេលថ្មីៗនេះ។
ការព្រមានបែបនេះធ្វើឡើងក្រោយ កាលពីពេលថ្មីៗនេះ លោក រ៉ូបឺត គីយ៉ូសាគិ (Robert Kiyosaki) ដែលមហាជនចាត់ទុកលោកថា ជាកំពូលអ្នកទ្រឹស្ដីខាងចំណេះដឹងហិរញ្ញវត្ថុ ឬ ដែលខ្មែរយើងនិយមហៅថា គ្រូជោគជ័យនោះ លោកបានទទួលស្គាល់គួរឱ្យភ្ញាក់ផ្អើលថា លោកខ្លួនឯងផ្ទាល់ក៏បានជំពាក់បំណុលគេដល់ទៅ ១ពាន់ ២០០លានដុល្លារឯណោះ។
លោក រ៉ូបឺត គីយ៉ូសាគិ (Robert Kiyosaki) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបំណុលជាតិរបស់សហរដ្ឋអាម៉េរិក ដែលបានកើនឡើងចំនួន ១ពាន់ពាន់លានដុល្លារ (១ទ្រីលានដុល្លារ) ទៀតក្នុងរយៈពេលដ៏ខ្លី។ លោក រ៉ូបឺត គីយ៉ូសាគិ បានសង្កត់ធ្ងន់ថា វិនិយោគិនចាំបាច់ត្រូវវិនិយោគលើមាស ប្រាក់ និង Bitcoin ជាបន្ទាន់ដើម្បីការពារទប់ទល់នឹងបញ្ហាប្រឈមសេដ្ឋកិច្ចនានាដែលអាចកើតមានឡើង។
លោក រ៉ូបឺត ឃីយ៉ូសាគិ (Robert Kiyosaki) កាលពីពេលថ្មីៗនេះបានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ដើម្បីបង្ហាញការខកចិត្តរបស់លោកចំពោះការកើនឡើងយ៉ាងឆាប់រហ័សនូវបំណុលជាតិអាម៉េរិក ដោយលោកបានអំពាវនាវឱ្យបណ្ដាវិនិយោគិនការពារខ្លួនពីអំពើពុករលួយ និង អសមត្ថភាពក្នុងការដឹកនាំប្រទេសតាមរយៈការធ្វើពិពិធកម្មការវិនយោគរបស់ពួកគេ។
ក្រុមអ្នករិះគន់ចំពោះគោលនយោបាយសារពើពន្ធរបស់រដ្ឋាភិបាលអាម៉េរិក ក៏បានសម្ដែងការព្រួយបារម្ភស្រដៀងគ្នានេះដែរចំពោះផលប៉ះពាល់នៃបំណុលជាតិ ដែលអាចកើតមានទៅលើសេដ្ឋកិច្ចអាម៉េរិក និងប្រាក់ដុល្លារអាម៉េរិក។
យោងតាមក្រសួងរតនាគារអាម៉េរិក បង្ហាញថា បំណុលជាតិរបស់សហរដ្ឋអាម៉េរិក នាពេលបច្ចុប្បន្នមានរហូតដល់ទៅជាង ៣៤ពាន់ពាន់ (៣៤ទ្រីលានដុល្លារ) ដោយកើនឡើងជាង១ពាន់ពាន់លានដុល្លារ (១,០២ទ្រីលានដុល្លារ) បើធៀបនឹងខែកញ្ញាឆ្នាំមុន។
អ្នកជំនាញសេដ្ឋកិច្ចជាច្រើនរួមទាំងលោក ភីតធ័រ ស៊ីហ្វ (Peter Schiff) ដែលជាអ្នកចូលចិត្តវិនិយោគលើមាសផងដែរនោះ បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងយ៉ាងរហ័ស នូវបំណុលជាតិអាម៉េរិក។ លោក ថែមទាំងបានព្យាករថា ការកើនឡើងខ្ពស់បំផុតមិនធ្លាប់មាននូវបំណុលជាតិអាម៉េរិក ក្នុងឆ្នាំ២០២៤ នេះអាចនឹងនាំទៅរកវិបត្តិបំណុល ឬ វិបត្តិប្រាក់ដុល្លារ៕
ដោយ: តែម សុខុម