ដោយសារតែទុនបម្រុងអន្តរជាតិកាន់តែមានតិចទៅៗ ប្រទេសស្រីលង្កាបានសម្រេចចិត្ត កាត់បន្ថយការនាំចូលទំនិញជាច្រើនរួមទាំងទំនិញផលិតផលគីមីសម្រាប់កសិកម្ម រថយន្ដ និងសូម្បីតែម្សៅរមៀតដែលជាគ្រឿងទេសដ៏ពេញនិយមប្រើប្រាស់នៅក្នុងប្រទេសនេះ ក៏ត្រូវបានកាត់បន្ថយការនាំចូលដែរ។ បញ្ហាទុនបម្រុងអន្តរជាតិថយចុះនេះ វាគឺជាកត្តារារាំងមួយដល់សមត្ថភាពក្នុងការសងបំណុលដ៏ច្រើនសម្បើមរបស់ប្រទេសស្រីលង្ការផងដែរ។
រដ្ឋាភិបាលស្រីលង្កាបានសម្រេចផ្អាកនាំចូល និង រឹតត្បិតលើផលិតផលនាំចូលពីបរទេសមួយចំនួន ដើម្បីព្យាយាមធ្វើយ៉ាងណាកុំឲ្យមានឱនភាពពណិជ្ជកម្មរីកកាន់តែធំ ដែលជាផ្នែកមួយរុញឲ្យសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្ការកប់កាន់តែជ្រៅទៅក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។
សូមជម្រាបត្រង់កន្លែងនេះបន្តិច កាលពីខែមេសារដ្ឋាភិបាលស្រីលង្កាបានសម្រេច ហាមឃាត់ការនាំចូលផលិតផលគីមីសម្រាប់ធ្វើកសិកម្ម ដើម្បីបង្វែរកសិករឲ្យធ្វើកសិកម្មសរីរាង្គវិញ ហើយការផ្អាការនាំចូលផលិតផលទាំងនេះ ឃើញថាប្រទេសស្រីលង្កាអាចសន្យំថវិកាបានប្រមាណ ៤០០លានដុល្លារ ពីការនាំចូលក្នុងមួយឆ្នាំ។
បញ្ហាកង្វះខាតការផ្គត់ផ្គង់ បានធ្វើឲ្យទំនិញលើទីផ្សារមានការឡើងថ្លៃខ្ពស់សម្រាប់អ្នកប្រើប្រាស់ រាប់ចាប់តាំងពីទំនិញហូបចុក សម្ភារៈសំណង់ និង ប្រេងឥន្ធនៈជាដើម បញ្ហាទាំងនេះហើយ វាបានធ្វើឲ្យមានការផ្ទុះការតវ៉ាពីសំណាក់ពលរដ្ឋស្រីលង្កាដើម្បីឲ្យរដ្ឋជួយដោះស្រាយនៅគ្រាដែលវិបត្តិនេះកំពុងបន្ដអូសបន្លាយ។
មែនទែនទៅ ប្រទេសស្រីលង្កាមួយនេះ បានជួបបញ្ហាតាំងពីមុនមានជំងឺកូវីដ-១៩ចូលលុកលុយរាលដាលឆ្លងប្រទេសរបស់ខ្លួនទៅទៀត ដោយវិស័យទេសចរណ៍មានការធ្លាក់ចុះទាប ខណៈដែលឧស្សាហកម្មនេះ គឺជាប្រភពធនធានសំខាន់មួយ ហើយវិស័យទេសចរណ៍ជាទូទៅបានផ្ដល់ការងារប្រមាណជាង៣លាននាក់សម្រាប់ពលរដ្ឋស្រីលង្កា និង មានការចូលរួមចំណែកប្រហែល ៥% នៃ ផលិតផលក្នុងស្រុកសរុប។
បច្ចុប្បន្ននេះ ទុនបម្រុងអន្តរជាតិរបស់ប្រទេសស្រីលង្កាបានធ្លាក់ចុះមកនៅកាន់តែតិចមែនទែនហើយ ដែលវាអាចធានាការចំណាយគ្រប់គ្រាន់សម្រាប់ការនាំចូលបានត្រឹមតែ៣ខែប៉ុណ្ណោះ នៅគ្រាជាមួយគ្នានេះ រដ្ឋាភិបាលស្រីលង្ការ ក៏ត្រូវទូទាត់សងបំណុលយ៉ាងច្រើនសម្បើមរបស់ខ្លួន ដែលបានជំពាក់បរទេសផងដែរ ហើយបញ្ហានេះកំពុងដាក់សម្ពាធដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសនេះកាន់តែខ្លាំង។ រដ្ឋមន្ត្រីក្រសួងប្រេងឥន្ធនៈស្រីលង្កា លោក អូដាយ៉ា ហ្គាមម៉ាផីឡា (Udaya Gammapilla) បាននិយាយថ្មីៗថា រដ្ឋាភិបាលមិនមានប្រាក់គ្រប់គ្រាន់ដើម្បីចំណាយលើការនាំចូលប្រេងនោះទេ។
ដោយឡែករបាយការណ៍ពីធនាគារកណ្ដាលស្រីលង្ការបង្ហាញថា ស្រីលង្កាត្រូវការសងបំណុលជំពាក់បរទេសសរុបប្រមាណ ៣ពាន់៧រយលានដុល្លារនៅក្នុងឆ្នាំនេះ ដោយមកទល់ពេលនេះ ទើបតែសងបានជាង១ពាន់៣រយលានដុល្លារប៉ុណ្ណោះ។ ក្រៅពីនោះ ក៏មានបំណុលក្នុងស្រុកបន្ថែមផងដែរ។ រូបិយបណ្ណរបស់ប្រទេសស្រីលង្កាក៏កំពុងចុះអន់ខ្សោយជាងបណ្ដារូបិយបណ្ណរបស់ប្រទេសធំៗជាច្រើនទៀតដែរ ដែលវាកំពុងធ្វើឲ្យការសងបំណុលកាន់តែត្រូវចំណាយខ្ពស់នៅក្នុងលក្ខខណ្ឌក្នុងស្រុក។
ស្ថាប័នចាត់ចំណាត់ថ្នាក់ និង វិភាគទីផ្សារហិរញ្ញវត្ថុរបស់អាមេរិក Fitch Ratings បានឲ្យដឹងថា កាតព្វកិច្ចសងបំណុលបរទេសរបស់ស្រីលង្កានឹងកើនដល់ទៅជិត ៣០ពាន់លានដុល្លារ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត។
ជាមួយគ្នានេះ ប្រទេសស្រីលង្ការ ក៏កំពុងប្រឈមនឹងការបាត់បង់នូវភាពអនុគ្រោះពន្ធលើការធ្វើពាណិជ្ជកម្ម សម្រាប់ការនាំចេញទំនិញទៅកាន់សហភាពអឺរ៉ុបផងដែរ ដោយសារតែមានការរិះគន់លើច្បាប់ភេរវកម្ម ដែលក្រុមអ្នករិះគន់មើលឃើញថាជាការរំលោភសិទ្ធិមនុស្ស៕