ទេសប៉ូឡូញ និងប៊ុលហ្គារី នឹងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលត្រូវបានរុស្ស៊ីសម្រេចកាត់ផ្តាច់ឈប់ផ្គត់ផ្គង់ឧស្ម័ន ចាប់តាំងពីទីក្រុងមូស្គូបានចាប់ផ្ដើមនូវសកម្មភាពដែលខ្លួនហៅថា ជាប្រតិបត្តិការយោធានៅប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ ការឈានដល់ការកាត់ផ្ដាច់ការផ្គត់ផ្គងប្រេងនេះ គឺធ្វើឡើងបនញទាប់ពីទីក្រុង Warsaw ប្រទេសប៉ូឡូញ បានដាក់ទណ្ឌកម្មលើការ បុគ្គល និង ក្រុមហ៊ុនរបស់រុស្ស៊ីជាច្រើននាពេលកន្លងទៅនេះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទាមទារឱ្យប្រទេសនានា ដែលលោកចាត់ទុកថា មិនមែនជាមិត្ត ឲ្យយល់ព្រម ចំពោះគម្រោងបើកការទូទាត់សម្រាប់ការនាំចូលឧស្ម័នពីរុស្ស៊ីដែលធ្លាប់តែជា ប្រាក់អឺរ៉ូ ឬ ប្រាក់ដុល្លារ ឲ្យប្តូមកប្រើប្រាក់រូប្ល ដែលជារូបិយបណ្ណរបស់រុស្ស៊ីវិញ។
កាលពីសប្ដាហ៍មុននេះ គណកម្មការអឺរ៉ុប បាននិយាយថា ក្រុមហ៊ុនអឺរ៉ុប អាចនឹងធ្វើកិច្ចការជុំវិញការទាមទាររបស់រុស្ស៊ី ដើម្បីទទួលបានការទូទាត់ឧស្ម័នជាប្រាក់រូប្ល ដោយមិនមានការបំពានទណ្ឌកម្ម ប្រសិនបើពួកគេទូទាត់ជាប្រាក់អឺរ៉ូ ឬប្រាក់ដុល្លារ ហើយបន្ទាប់មកប្ដូរទៅជារូបិយវត្ថុរុស្ស៊ីវិញ។
ដោយឡែក ក្រុមហ៊ុនឧស្ម័នប៉ូឡូញ PGNiG ដែលបានចុះកិច្ចព្រមព្រៀងឧស្ម័នជាមួយរុស្ស៊ីនឹងត្រូវផុតកំណត់នៅចុងឆ្នាំនេះ បាននិយាយថា ខ្លួននឹងមិនអនុវត្តតាមគ្រោងការណ៍នៃការទូទាត់ថ្មីដូចការទាមទារបស់រុស្ស៊ីទាមទារនោះឡើយ ហើយនឹងមិនបន្តកិច្ចសន្យាថ្មីនោះទេ។ ខណៈការបដិសេធមិនធ្វើតាមបែបនេះ បានបង្កើនភាពមិនសប្បាយចិត្តកាន់តែខ្លាំងឡើងរសម្រាប់ទីក្រុងម៉ូស្គូទៅលើប៉ូឡូញ។
សម្រាប់ប្រទេសប៉ូឡូញ កិច្ចសន្យានៃការផ្គត់ផ្គង់ឧស្ម័នរបស់ប្រទេសប៉ូឡូញពីរុស្ស៊ី គឺមានប្រមាណជាង ១០ ពាន់លានម៉ែត្រគូប (bcm) ក្នុងមួយឆ្នាំ ដែលអាចគ្របដណ្តប់បានប្រហែល ៥០% នៃការប្រើប្រាស់ក្នុងស្រុក។
ក្រសួងធាតុអាកាសរបស់ប៉ូឡូញនិយាយថា ការផ្គត់ផ្គង់ថាមពលរបស់ប្រទេសនេះ គឺមានសុវត្ថិភាព និងមិនចពាច់ទាញយកឧស្ម័នបម្រុងមកប្រើនោះដែរ ហើយការផ្គត់ផ្គង់សម្រាប់អ្នកប្រើប្រាស់ក៏មិនមានការកាត់បន្ថយដូចគ្នា។
គួរកត់សម្គាល់ថា ក្រុមហ៊ុន Gazprom របស់រុស្ស៊ីក៏បានជូនដំណឹងដល់ក្រុមហ៊ុនឧស្ម័នរដ្ឋ Bulgargaz របស់ប្រទេសប៊ុលហ្គារីផងដែរ ដោយអះអាង ទីក្រុងម៉ូស្គូ នឹងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នសម្រាប់ប្រទេសនេះចាប់ពីថ្ងៃពុធនេះផងដែរ។ ក្នុងនោះប្រទេសប៊ុលហ្គារីក៏មានកុងត្រាដែរដែលត្រូវផុតកំណត់នៅចុងឆ្នាំនេះដែរ ខណៈឧស្ម័នរបស់រុស្ស៊ីអាចបំពេញតម្រូវការឧស្ម័នជាងបានដល់ជាង ៩០% សម្រាប់ការប្រើប្រាស់ក្នុងប្រទេសប៉ុលហ្គារី ហើយក្រុមហ៊ុន Gazprom របស់រុស្ស៊ី បាននាំចេញឧស្ម័នទៅប្រទេសប៊ុលហ្គារីប្រហែល៣ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ។
ស្របពេលជាមួយគ្នានោះដែរ បណ្ដាញនិយតករបស់ប្រទេសអាឡឺម៉ង់បាននិយាយដែរថា ខ្លួនកំពុងតាមដានស្ថានភាពដឹកជញ្ជូនឧស្ម័នពីប្រទេសរុស្ស៊ី បន្ទាប់ពីការគំរាមកំហែងដល់ការផ្គត់ផ្គង់សម្រាប់ប៉ូឡូញ ដើម្បីប្រាកដថា ការផ្គត់ផ្គង់ទៅប្រទេសអាល្លឺម៉ង់បច្ចុប្បន្នត្រូវបានធានា ខណៈដែលប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុបមួយនេះ មានការពឹងផ្អែកខ្លាំងមែនទែនលើការប្រើប្រាស់ឧស្ម័នពីរុស្ស៊ី។
គួរជម្រាបថា កាលពីព្រឹកថ្ងៃអង្គារ ប្រទេសប៉ូឡូញបានប្រកាសបញ្ជីឈ្មោះ និងក្រុមហ៊ុនរបស់រុស្ស៊ីចំនួន ៥០ រួមទាំងក្រុមហ៊ុន Gazprom ដែលនឹងត្រូវទទួលរងទណ្ឌកម្មក្រោមច្បាប់ ដែលបានអនុម័តកាលពីដើមខែនេះ ដើម្បីបង្កកទ្រព្យសម្បត្តិបុគ្គល និង ក្រុមហ៊ុនរបស់រុស្ស៊ី ។ ច្បាប់នេះ គឺដាច់ដោយឡែកពីទណ្ឌកម្ម ដែលដាក់រួមគ្នាដោយបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន