ប្រេងឆៅ

រុស្ស៊ី គ្រោងបញ្ជូនប្រេងឆៅ និងប្រេងឥន្ធនៈទៅកាន់គុយបា ឆាប់ៗនេះដើម្បីសង្គ្រោះប្រទេសដែនកោះមួយនេះ


ស្ថានទូតរុស្ស៊ីប្រចាំប្រទេសគុយបាបានបញ្ជាក់ថា ប្រទេសរុស្ស៊ីកំពុងត្រៀមបញ្ជូនប្រេងឥន្ធនៈ និងឧស្ម័នទៅកាន់ប្រទេសគុយបាក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីសង្គ្រោះប្រទេសដែនកោះ ដែលកំពុងជួបវិបត្តិខ្វះប្រេងឥន្ធនៈធ្ងន់ធ្ងរ បន្ទាប់ពីសហរដ្ឋអាម៉េរិកបានចាត់វិធានការហ៊ុមព័ទ្ធការផ្គត់ផ្គង់មួយនេះ។ នេះបើយោងតាមកាសែត Izvestia ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
ប្រេងឆៅ
ដោយ

ប្រទេសគុយបាកំពុងជួបវិបត្តិខ្វះប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីសហរដ្ឋអាម៉េរិកបានចាត់វិធានការហ៊ុមព័ទ្ធការផ្គត់ផ្គង់ប្រេងដល់ប្រទេសដែនកោះផ្ដាច់ការមួយនេះ។ ប្រទេសគុយបា បានព្រមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថា ប្រេងឥន្ធនៈយន្តហោះនឹងលែងមានទៀតហើយ ដែលជាសញ្ញាចុងក្រោយនៃស្ថានភាពកាន់តែអាក្រក់ទៅៗ។

ជាយូរមកហើយដែលប្រទេសគុយបា បានពឹងផ្អែកលើប្រទេសវេណេស៊ុយអេឡា សម្រាប់ប្រេងឥន្ធនៈយន្តហោះភាគច្រើនរបស់ខ្លួន ប៉ុន្តែគុយបា មិនទទួលបានប្រេងឆៅ ឬប្រេងចម្រាញ់រួចពីសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនមួយនេះចាប់តាំងពីពាក់កណ្តាលខែធ្នូ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន បានចាត់វិធានការហ៊ុមព័ទ្ធការនាំចេញរបស់ប្រទេសវេណេស៊ុយអេឡា។

មន្ត្រីស្ថានទូតរុស្ស៊ីម្នាក់បានប្រាប់កាសែតខាងលើនេះថា ការផ្គត់ផ្គង់ប្រេងឆៅ និងប្រេងចម្រាញ់រួចត្រូវបានរំពឹងថា នឹងដឹកចេញពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសគុយបានាពេលអនាគតដ៏ខ្លីខាងមុខនេះជាជំនួយមនុស្សធម៌។ រុស្ស៊ី បានបញ្ជូនប្រេងចុងក្រោយទៅកាន់ប្រទេសគុយបា ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានដឹកជញ្ជូនប្រេងចំនួន១០០,០០០តោន។

ទោះជាយ៉ាងណា វិមានក្រឹមឡាំង បានបដិសេធមិនធ្វើអត្ថាធិប្បាយដោយផ្ទាល់ទេលើផែនការបញ្ជូនប្រេងទៅកាន់គុយបានេះ គ្រាន់តែបញ្ជាក់ថា ខ្លួនកំពុងទាក់ទងជាមួយទីក្រុងឡាហាវ៉ាន់ នៃប្រទេសគុយបា ដើម្បីពិភាក្សាអំពីការគាំទ្រដែលអាចធ្វើទៅបាន។

នៅពេលសួរថា តើទីក្រុងវ៉ាស៊ីនតោនអាចនឹងដំឡើងពន្ធលើទំនិញរុស្ស៊ីដែរឬទេ ប្រសិនបើទីក្រុងមូស្គូ ជួយគុយបា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា លោកមិនចង់ឱ្យរឿងនោះកើនឡើងទេ ប៉ុន្តែរុស្ស៊ីមិនមានពាណិជ្ជកម្មច្រើនជាមួយសហរដ្ឋអាមេរិកទេ នៅពេលនេះ។ ជាមួយគ្នានេះ រុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាម៉េរិកថា កំពុងព្យាយាមច្របាច់កខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសគុយបា។ ប៉ុន្តែរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ សប្ដាហ៍នេះថា ខ្លួននឹងផ្អាកជើងហោះហើរទៅកាន់ប្រទេសគុយបា នៅពេលភ្ញៀវទេសចររុស្ស៊ីចាកចេញពីកោះនេះ។ ទោះជាយ៉ាងណា ពេលនេះមិនទាន់មានប្រតិកម្មឆ្លើយតបពីសហរដ្ឋអាម៉េរិក នៅឡើយទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាម៉េរិក និងតៃវ៉ាន់ សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលកំពុងទាក់ទាញការរិះគន់ពីចិន

ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងកោះតៃវ៉ាន់ ត្រូវបានដោះស្រាយហើយ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ព្រមបញ្ចុះពន្ធគយលើតៃវ៉ាន់ មកនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ