រុស្ស៊ីថាឡាវនឹងក្លាយងជាភ្ញៀវកំពូលនៅក្នុងវេទិកាសេដ្ឋកិច្ច

រុស្ស៊ីចាត់ទុកប្រទេសឡាវ ជាភ្ញៀវកំពូលនៅក្នុងវេទិកាសេដ្ឋកិច្ច ដែលនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ


រុស្ស៊ីបាននិយាយកាលពីថ្ងៃទី៩ខែកញ្ញាថា ភ្ញៀវបរទេសកំពូលនៅក្នុងវេទិកាសេដ្ឋកិច្ច ដែលនឹងរៀបធ្វើឡើងនៅទីក្រុង វ្លាដីវូស្តុក (Vladivostok) នៅសប្តាហ៍ក្រោយ គឺជាអនុប្រធានាធិបតីនៃប្រទេសឡាវ។ ការប្រកាសនេះធ្វើឡើង ក្រោយពេលដែលប្រធានវេទិកាធុរកិច្ចអាស៊ាន-រុស្ស៊ីបានជំរុញឱ្យកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-រុស្ស៊ី ឆ្នាំ២០២៤ គួរធ្វើឡើងនៅក្នុងប្រទេសឡាវ ចំពេលដែលឡាវ នឹងត្រូវធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
រុស្ស៊ីថាឡាវនឹងក្លាយងជាភ្ញៀវកំពូលនៅក្នុងវេទិកាសេដ្ឋកិច្ច
ដោយ

យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានឱ្យដឹងថា ភ្ញៀវបរទេសជាន់ខ្ពស់នៅក្នុងព្រឹត្តិការវេទិកាសេដ្ឋកិច្ចនៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី គឺលោក Pany Yathotou អនុប្រធានាធិបតីឡាវ ហើយដែលលោក ពូទីន នឹងមានកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកផងដែរ។ ក្នុងនោះ លោក Zhang Guoqing ឧបនាយករដ្ឋមន្ត្រីចិន ក៏នឹងអញ្ជើញមានវត្តមាននៅក្នុងវេទិកានៅសប្តាហ៍ក្រោយនេះដែរ។


គួរជម្រាបថា វេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំនេះ គឺសំដៅអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងតំបន់ និងជំរុញការវិនិយោគបរទេស។ អ្នកចូលរួមកន្លងមករួមមាននាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីចិន ប៉ុន្តែ ដោយសារទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងម៉ូស្គូ នាពេលកន្លងមក បានកាត់បន្ថយភ្ញៀវចូលរួមបរទេសនៅក្នុងព្រឹត្តិការណ៍បែបនេះ។ កាលពីឆ្នាំមុន ខណៈពេលដែលរុស្ស៊ីកំពុងធ្វើសង្គ្រាមនៅអ៊ុយក្រែន វិមានក្រឹមឡាំងបានអញ្ជើញនាយករដ្ឋមន្ត្រីប្រទេសអាមេនី ម៉ុងហ្គោលី និងមីយ៉ាន់ម៉ា ដែលស្ថិតក្នុងចំណោមភ្ញៀវសំខាន់ ស្របពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានចូលរួមតាមប្រព័ន្ធអនឡាញតែប៉ុណ្ណោះ។

ជាមួយគ្នានេះ នៅថ្ងៃបិទបញ្ចប់នៃកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន (ABIS-2023) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី៧ខែកញ្ញាកន្លងទៅ ភាគីរុស្ស៊ីលោក Ivan Polyakov ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-រុស្ស៊ី បាននិយាយថា កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីនៅឆ្នាំក្រោយ គួរតែប្រព្រឹត្តធ្វើឡើងនៅប្រទេសឡាវ។ យោងតាមលោក Polyakov ប្រទេសរុស្ស៊ីត្រូវធ្វើការជាមួយសមាជិកប្លុកអាស៊ានក្នុងវិស័យជាច្រើន ដើម្បីជួយជំរុញការអភិវឌ្ឍប្រកបដោយភាពស្វាហាប់ក្នុងតំបន់ និងពង្រីកលទ្ធភាព ក៏ដូចជាបើកផ្លូវឱ្យអាជីវកម្មអាស៊ាន ទៅកាន់ទីផ្សាររុស្ស៊ី និងតំបន់អឺរ៉ាស៊ី (អឺរ៉ុប-អាស៊ី)។


លោកក៏បានកត់សម្គាល់ថា ប្រទេសឡាវមានកំណត់ត្រាល្អក្នុងការសម្របសម្រួលភាពជាដៃគូសន្ទនារវាងប្រទេសរុស្ស៊ី និងប្រទេសអាស៊ានទាំង១០។


នៅក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ីកាលពីថ្ងៃទី៧ កញ្ញា នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានទទួលការប្រគល់តំណែងជាប្រធានអាស៊ានប្ដូរវេនជាផ្លូវការ ពីប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo។ ក្នុងនាមជាប្រធាននៅឆ្នាំក្រោយ ឡាវបានប្តេជ្ញាកសាងអាស៊ានឱ្យទំនាក់ទំនងឱ្យកាន់តែផ្សាភ្ជាប់គ្នា និងរឹងមាំជាងមុន។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីឡាវលោក Siphandone ក៏បានលើកឡើងដែរថា ឡាវនឹងខិតខំពង្រីកទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ពង្រឹងភាពជាកណ្តាល និងឯកភាពរបស់អាស៊ាន ព្រមអភិវឌ្ឍស្ថាបត្យកម្មក្នុងតំបន់សម្រាប់ស្ថិរភាព សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់អាស៊ានអំឡុងពេលធ្វើជាប្រធាននៅឆ្នាំក្រោយ។




អត្ថបទបន្ទាប់


UN ប្រាប់ទីក្រុងម៉ូស្គូថា ធនាគារកសិកម្មរុស្សីអាចចូលប្រើប្រព័ន្ធទូទាត់ប្រាក់ SWIFT ក្នុងរយៈពេល៣០ថ្ងៃទៀត

ធនាគារបុត្រសម្ព័ន្ធរបស់ធនាគារកសិកម្មរុស្សីមួយ នៅក្នុងប្រទេសលុចសំបួ អាចដាក់ពាក្យទៅកាន់ប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT ភ្លាមៗ ដើម្បីសុំ …

មេដឹកនាំពិភពលោកបង្ហាញពីកិច្ចព្រមព្រៀងផ្លូវដែក និងកំពង់ផែថ្មី ជាលទ្ធផលក្នុង កិច្ចប្រជុំG20នៅឥណ្ឌា

មេដឹកនាំពិភពលោកបានប្រកាសកិច្ចព្រមព្រៀងផ្លូវដែក និងកំពង់ផែថ្មី តភ្ជាប់តំបន់ មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង កាលពីថ្ងៃទី៩ខែកញ្ញា នៅខាងក្រៅកិច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ