រុស្ស៊ីបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅហ្វាំងឡង់

រុស្ស៊ីបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅហ្វាំងឡង់ ក្រោយប្រទេសនេះស្នើសុំចូលណាតូ


ក្រុមហ៊ុន Gazprom របស់រុស្ស៊ីនាចុងសប្ដាហ៍មុននេះ បានសម្រេចបញ្ឈប់ការនាំចេញឧស្ម័នទៅកាន់ប្រទេសហ្វាំងឡង់ហើយ ក្រោមហេតុផលថា ប្រទេសនេះមិនយល់ព្រមទូទាត់តម្លៃថាមពលឧស្ម័នជាប្រាក់រូប្លតាមការទាមទាររបស់ទីក្រុងម៉ូស្គូ ហើយវាក៏ជាផ្នែកមួយ ដើម្បីព្រមានទៅកាន់បណ្តាប្រទេសលោកខាងលិចផ្សេងៗទៀត ដែលរឹងទទឹងមិនរណបធ្វើតាមរុស្ស៊ី ជុំវិញរឿងជម្លោះការទូទាត់ថាមពលជាប្រាក់រូប្ល។
រុស្ស៊ីបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅហ្វាំងឡង់ ក្រោយប្រទេសនេះស្នើសុំចូលណាតូ

ការកាត់ផ្ដាច់ឧស្ម័នរុស្ស៊ី ទៅកាន់ហ្វាំងឡង់នេះទៀត គឺធ្វើឡើងក្រោយពេលដែល ប្រទេសហ្វាំងឡង់នេះ កំពុងដុតដៃដុតជើងខ្លាំងណាស់ក្នុងការឲ្យណាតូទទួលយកខ្លួនជាសមាជិកឲ្យបានឆាប់ ខណៈដែលទីក្រុងម៉ូស្គូចាត់ទុកការពង្រីកសមត្ថភាពយោធារបស់ណាតូ គឺជាការគំរាមកំហែងដល់សន្ដិសុខរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំជាច្រើន។

ក្រុមហ៊ុន Gazprom រុស្ស៊ីបានទាមទារឱ្យបណ្តាប្រទេសអ៊ឺរ៉ុបទាំងអស់បង់ប្រាក់សម្រាប់ការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនជាប្រាក់រូប្ល ដើម្បីជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិច ដែលបានដាក់លើទីក្រុងម៉ូស្គូយ៉ាងចាស់ដៃ ដោយសារការឈ្លានពានលើអ៊ុយក្រែន។

កាលពីថ្ងៃទី ២១ឧសភា ប្រទេសរុស្ស៊ីបានប្រកាសថា ខ្លួនបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅឲ្យប្រទេសហ្វាំងឡង់ហើយ ខណៈប្រទេសនេះបានបដិសេធមិនធ្វើតាមការទាមទាររបស់រុស្ស៊ីលើការទូទាត់ការទិញឧស្ម័នជាប្រាក់រូប្លដែលជារូបិយបណ្ណរបស់ខ្លួន។

ម៉្យាងវិញទៀត សេចក្តីប្រកាសរបស់ក្រុមហ៊ុន Gazprom រុស្ស៊ីបានកើតឡើង ស្របពេលដែលហ្វាំងឡង់កំពុងដាក់ពាក្យស្នើសុំចូលរួមជាសមាជិកជាមួយសម្ព័ន្ធមិត្តយោធាណាតូ ដែលបណ្តាលឲ្យរុស្ស៊ីឃ្នើសចិត្តជាខ្លាំង ហើយបញ្ហារសើបនេះ ក៏ជាផ្នែកមួយនៃការជំរុញឲ្យទីក្រុងម៉ូស្គូឈានដល់ការកាត់ផ្តាច់ឧស្ម័នពីប្រទេសនេះផងដែរ។

គួររំឭកថា កាលពីខែមុន ទីក្រុងម៉ូស្គូក៏បានកាត់ផ្តាច់ឧស្ម័នទៅប្រទេសប៊ុលហ្គារី និងប៉ូឡូញរួចហើយ បន្ទាប់ពីប្រទេសទាំងពីរនេះបានបដិសេធមិនគោរពតាមលក្ខខណ្ឌបង់ប្រាក់ថ្មីរបស់ខ្លួន។

ប្រតិបត្តិករប្រព័ន្ធហ្គាសហ្វាំងឡង់ Gasgrid Finland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២១ឧសភាថា ការនាំចូលឧស្ម័នតាមរយៈច្រកចូលអ៊ីម៉ាត្រា (Imatra) ត្រូវបានបញ្ឈប់ត្រឹមព្រឹកថ្ងៃទី ២១ឧសភា ខណៈច្រកនេះ គឺជាច្រកចូលតែមួយគត់សម្រាប់ឧស្ម័នរុស្ស៊ីចូលទៅក្នុងប្រទេសហ្វាំងឡង់។

គួរកត់សម្គាល់ថា ឧស្ម័នភាគច្រើនដែលប្រើប្រាស់នៅក្នុងប្រទេសហ្វាំងឡង់ គឺមកពីប្រទេសរុស្ស៊ី ប៉ុន្តែឧស្ម័នមានត្រឹមតែប្រហែល ៥% ប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់សម្រាប់ថាមពលប្រចាំឆ្នាំក្នុងប្រទេសនេះ។

យ៉ាងណាមិញ ក្រុមហ៊ុនរដ្ឋ Gasum របស់ប្រទេសហ្វាំងឡង់ នឹងផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់អតិថិជនរបស់ខ្លួនពីប្រភពនៃបំពង់ឧស្ម័ន Balticconnector ដោយបំពង់នេះ នឹងភ្ជាប់ហ្វាំងឡង់ទៅបណ្តាញឧស្ម័នរបស់អេស្តូនីដែលជាប្រទេសជិតខាង នៅគ្រាដែលឧស្ម័នរុស្ស៊ីត្រូវបានកាត់ផ្ដាច់។

គួរបញ្ចាក់ថា ប្រទេសហ្វាំងឡង់កាលពីថ្ងៃទី ២០ឧសភា បានអះអាងថា ខ្លួនបានចុះកិច្ចព្រមព្រៀងនូវនាវាផ្ទុកប្រេង និងកែច្នៃឡើងវិញ ពីក្រុមហ៊ុន Excelerate Energy ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីជួយជំនួសការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ដោយចាប់ផ្តើមនៅត្រីមាសទី ៤ ក្នុងឆ្នាំនេះផងដែរ៕

None



អត្ថបទបន្ទាប់


ថៃបង្ហាញឆន្ទៈមុតមាំក្នុងការចូលរួមក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក

រាជរដ្ឋាភិបាលថៃ បានស្នើទៅកាន់ក្រសួងការបរទេសរបស់ខ្លួនឲ្យមានការប្រកាសជាផ្លូវការមួយអំពីគោលបំណងរបស់ថៃ ក្នុងការចូលរួមពិភាក្សាលើសំណើកិច្ចព្រម…

ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Hyundai Motor គ្រោងវិនិយោគ១០ពាន់លានដុល្លារនៅអាមេរិកនៅត្រឹមឆ្នាំ២០២៥

ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង Hyundai Moto Group បានអះអាងថា ក្រុមហ៊ុនគ្រោងរោងនឹងវិនិយោគបន្ថែមប្រហែល ១០ពាន់លានដុល្លារអាមេរិកនៅក្នុងស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ