នៅពេលនេះប្រទេសជប៉ុន រួមជាមួយសហរដ្ឋអាមេរិក និង ប្រទេសនៅអឺរ៉ុប បានពួតដៃគ្នាដាក់ទណ្ឌកម្មសង្កត់សង្កិនលើសេដ្ឋកិច្ចរុស្ស៊ី ក្រោយចូលឈ្លានពានអ៊ុយក្រែន។ នៅចំពោះមុខទណ្ឌកម្មដែលធ្លាក់មកលើប្រទេសរុស្ស៊ីឥតល្ហែអត់សំចៃដៃនេះ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅដើមសប្តាហ៍នេះថា ប្រទេសជប៉ុនកំពុងបំផ្លាញផលប្រយោជន៍របស់រុស្ស៊ីហើយ។ រុស្ស៊ីបានហៅការប្រកាន់ជំហររបស់ជប៉ុនថា ជាអាក្បបកិរិយាមិនរាក់ទាក់នោះទេ ចំពោះប្រទេសដែលតែងមានទំនាក់ទំនងល្អជាមួយគ្នា ជាយូរណាស់មកហើយនោះ។
ទីក្រុងម៉ូស្កូ បានសម្រេចដកខ្លួនចេញពីការចរចាសន្ធិសញ្ញាសន្តិភាពមួយ ដែលសេសសល់តាំងពីក្រោយសង្គ្រាមលោកលើកទី២ហើយដែលបន្តចរចាគ្នាមកដល់សព្វថ្ងៃ គួបផ្សំនឹងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចពាណិជ្ជកម្មមួយចំនួនទៀត ដែលកំពុងចរចានៅឡើយផងដែរ ទុកជាការឆ្លើយតបនឹងទណ្ឌកម្មរបស់តូក្យូ ។
កិច្ចចរចាសន្តិភាពដែលសេសសល់ពីសម័យសង្គ្រាមលោកលើកទី២ ដែលរុស្ស៊ីសម្រេចដកខ្លួនឈប់និយាយជាមួយជប៉ុននៅពេលនេះ នឹងធ្វើឲ្យជប៉ុនប្រឈមមុខនឹងការលែងទទួលបានកោះចំនួនពីរមកវិញ គឺកោះ ហាបូម៉ៃ និង កោះ ស៊ីកូតាន់ (Habomai and Shikotan)។ចុះហេតុអ្វី បានជាជប៉ុននឹងអាចបាត់បង់កោះទាំងពីរនេះ?
គេនៅចាំបានថា អំឡុងសង្គ្រាមលោកលើកទី២ ជប៉ុនបានបាត់បង់កោះចំនួនពីរនេះ ពីការគ្រប់គ្រងរបស់ខ្លួន ទៅឲ្យសហភាពសូវៀត ក្នុងសម័យដែលជប៉ុនជាចក្រពត្តិវាទីនិយមធ្វើសង្គ្រាមពង្រីកទឹកដី។ ក្រោយបញ្ចប់សង្គ្រាមលោក ពោលគឺនៅអំឡុងឆ្នាំ១៩៥៦ សហភាពសូវៀតបានចេញសេចក្តីថ្លែងការណ៍រួមមួយថា នឹងប្រគល់កោះទាំងពីរ គឺ កោះ ហាបូម៉ៃ និងកោះ ស៊ីកូតាន់ មកឲ្យជប៉ុនវិញ ប្រសិនបើការចរចាសន្តិភាពនឹងគ្នាទទួលបានជោគជ័យ។ ប៉ុន្តែកិច្ចចរចាសន្តិភាពមិនបានលទ្ធផលល្អឡើយ ហើយបន្តធ្វើមកដល់សព្វថ្ងៃនេះ ពិសេសជប៉ុនបានខំប្រឹងប្រែងមែនទែនអំឡុងអាណត្តិរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ្សីន ហ្សូអាបេ ក្នុងការទាមទារកោះទាំងពីរនេះមកវិញ។ ក្នុងន័យនេះ កោះទាំងពីរនៅតែបន្តស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសរុស្ស៊ីដដែល។
បន្ថែមពីលើការដកខ្លួនពីកិច្ចព្រមព្រៀងសន្តិភាពនេះ រុស្ស៊ីនឹងបញ្ចប់រាល់ការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រជុំកោះទាំងនេះ ដែលគ្រប់គ្រងដោយរុស្សីផងដែរ។
ក្រៅពីនេះ រុស្សីក៏មានគម្រោងដកខ្លួនចេញពីការពិភាក្សាលើសកម្មភាពសេដ្ឋកិច្ចរួមគ្នាជាមួយជប៉ុន នៅតាមប្រជុំកោះទាំងនេះផងដែរ។ អ្វីដែលកាន់តែខាតបង់សម្រាប់ជប៉ុនទៀតនោះគឺ រុស្ស៊ីប្រកាសថា នឹងមិនពង្រីកតួនាទីរបស់ជប៉ុនក្នុងភាពជាដៃគូ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រខ្មៅឡើយ។
ពាក់ព័ន្ធនឹងការឆ្លើយតបរបស់រុស្ស៊ីមកលើជប៉ុនយ៉ាងចាស់ដៃដូចនេះ នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃអង្គារសប្ដាហ៍នេះ ក៏បានចេញមុខប្រតិកម្មខ្លាំងៗ ខឹងសម្បារទៅនឹងរុស្ស៊ី ដោយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានលើកឡើងថា លោកប្រឆាំងដាច់ខាតចំពោះការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ ដោយលោកចាត់ទុកថា ការសម្រេចនេះ គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានឡើយ។ នាយករដ្ឋមន្ត្រីជប៉ុនបន្ថែមថា លោកនៅតែប្រកាន់ គោលជំហរក្នុងការស្វែងរកសន្និសញ្ញាសន្ដិភាព ដោយមិនមានការផ្លាស់ប្ដូរនោះទេ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
សូមជម្រាបថា សេចក្តីសម្រេចរបស់ទីក្រុងមូស្គូនឹងបង្កការលំបាកដល់តូក្យូ ដោយសារតែកិច្ចចរចារវាងជប៉ុន និងរុស្ស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មិន ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់នោះទេ។ វិមានក្រឹមឡាំបានស្តីបន្ទោសខ្លាំងៗ ទៅលើគោលនយោបាយរបស់ជប៉ុនបច្ចុប្បន្នថាមានទំនោរបក្សពួកនិយម ប្រឆាំងនឹងរុស្ស៊ី ដែលធ្វើឲ្យមានភាពចុះខ្សោយនៃទំនាក់ទំនងទ្វេភាគី៕