អភិបាលនៃតំបន់រដ្ឋបាលសេវ៉ាស្តូពូល (Sevastopol) នៅឧបទ្វីបគ្រីមៀ លោកមីស៊ីល រ៉ាហ្សវ៉ូហ្សាយេវ (Mikhail Razvozhayev) បាននិយាយនៅលើសារថេលេក្រាមថា គ្រីមៀត្រូវបានវាយប្រហារដោយយន្តហោះដ្រូន ហើយកងកម្លាំងការពារដែនអាកាសរបស់ខ្លួនកំពុងស៊ើបអង្កេតលើរឿងនេះ។ លោក មីស៊ីល បានឱ្យដឹងទៀតថា យន្តហោះដ្រូនពីរគ្រឿងត្រូវបានបាញ់ទម្លាក់ ហើយក៏មិនមានហេដ្ឋារចនាសម្ព័ន្ធស៊ីវិលណាមួយត្រូវបានខូចខាតទេ ប៉ុន្ដែ អាជ្ញាធរបានអំពាវនាវឱ្យប្រជាជន «រក្សាភាពស្ងប់ស្ងាត់»។
ទីក្រុងមូស្គូបានដាក់បញ្ចូលឧបទ្វីបគ្រីមៀជាដែនដីរបស់ខ្លួនក្នុងឆ្នាំ២០១៤ បន្ទាប់ពីបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យទូទាំងប្រទេស ដែលនាំទៅដល់ការទម្លាក់ប្រធានាធិបតីអ៊ុយក្រែន ដែលស្និតជាមួយវិមានក្រឹមឡាំងផងដែរកាលគ្រានោះ។ ហើយក្រោយមកដែនដីដ៏ធំជាប់សមុទ្រនេះ ត្រូវបានរុស្ស៊ីបង្កើតមូលដ្ឋានយោធាជើងទឹករបស់ខ្លួនជាច្រើនកន្លែង ដែលមូលដ្ឋានទាំងនោះក៏បានចូលរួមក្នុងការវាយលុករបស់ទីក្រុងម៉ូស្គូទៅលើប្រទេសអ៊ុយក្រែននៅខែកុម្ភៈកន្លងទៅដែរ។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កងកម្លាំងអ៊ុយក្រែនបាននឹងកំពុងវាយរុញច្រានកងទ័ពរុស្ស៊ីឱ្យដកថយជាបន្តបន្ទាប់ពីភាគខាងត្បូងទៅកាន់តំបន់គ្រីមៀ ហើយក៏ដណ្តើមបានទីក្រុងខឺសុន ដែលជាទីក្រុងជាប់ព្រំប្រទល់ជាមួយគ្រីមៀមកវិញផងដែរ។ លោក គូបេឡា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុបអនុវត្តការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ប្រឆាំងនឹងរុស្ស៊ី ដោយជំរុញឱ្យចាត់វិធានការក្នុងការបន្ថយល្បឿន និងបញ្ឈប់ឧស្សាហកម្មផលិតមីស៊ីលរបស់រុស្ស៊ី។
វាមិនមែនជារឿងចៃដន្យនោះទេ ព្រោះក្នុងពេលចុងក្រោយនេះ មីស៊ីលទីក្រុងម៉ូស្គូបានធ្វើការបាញ់ស្រោចលើទីក្រុងធំៗរបស់អ៊ុយក្រែន ព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតស្ទើរតែទាំងស្រុងទៅហើយ ស្របពេលដែលរដូវរងាកំពុងឈានចូលមកដល់នោះ។
រដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃអង្គារ ទី ២២ វិច្ឆិកា នេះក៏បានសន្យាថានឹងបង្កើតជម្រកដើម្បីផ្តល់កំដៅ និងទឹក និងប្រាប់ឱ្យប្រជាជនប្រើប្រាស់ថាមពលដោយសន្សំសំចៃ ខណៈដែលរដូវរងាត្រជាក់ខ្លាំងបានកើតឡើងចំពេលមានការវាយប្រហារដោយរុស្ស៊ីមិនឈប់ឈរនោះ។
ជាមួយគ្នានោះ លោកខាងលិចបានរួមគ្នាផ្តល់ជំនួយដល់ទីក្រុងកៀវប្រមាណជាង ២ ពាន់លានដុល្លារបន្ថែមទៀតលើផ្នែកហិរញ្ញវត្ថុ និងយោធា។ ហើសហភាពអឺរ៉ុបកាលពីថ្ងៃទី ២២វិច្ឆិកា ក៏បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី និងផ្តល់ជំនួយ ៤,៥ ពាន់លានដុល្លារ ខណៈដែលសហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយជាង ៤ ពាន់លានដុល្លារផ្សេងទៀតសម្រាប់ «ការគាំទ្រសេវាកម្មស្នូលរបស់រដ្ឋាភិបាលអ៊ុយក្រែន»ផងដែរ៕