ក្រុមប្រទេស G7 កំពុងស្វែងរកយ៉ាងសកម្មនូវមធ្យោបាយ ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ី ដើម្បីប្រែក្លាយជាប្រភពទុនផ្តល់មូលនិធិដល់អ៊ុយក្រែន ខណៈដែលជម្លោះនយោបាយនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុបកំពុងគំរាមកំហែងដល់លំហូរនៃការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ខ្លួនដល់ប្រទេសនេះ។
មន្ត្រីជំនាញនៃក្រុមប្រទេស G7 ដែលគេដឹងថា មានសហរដ្ឋអាម៉េរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងអង់គ្លេសកំពុងបង្កើនកិច្ចពិភាក្សានៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ លើការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលមានតម្លៃប្រហែល៣០០ពាន់លានដុល្លារ ដែលខ្លួនបានបង្កកទុកក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដើម្បីបង្វិលវាទៅជាមូលនិធិទៅជួយអ៊ុយក្រែន ដើម្បីប្រឆាំងទប់ទល់នឹងទីក្រុងម៉ូស្គូ។
សារព័ត៌មានបច្ចិមប្រទេសបានរាយការណ៍ថា ការជំរុញនេះបានកើតឡើងនៅពេលដែលកញ្ចប់ជំនួយហិរញ្ញវត្ថុដ៏សំខាន់ចំនួនពីរសម្រាប់អ៊ុយក្រែនដែលមានតម្លៃជាង១០០ពាន់លានដុល្លារកំពុងជាប់គាំងនៅសប្តាហ៍នេះ ខណៈក្រុមមកពីគណបក្សសាធារណរដ្ឋនៅក្នុងសភាសហរដ្ឋអាម៉េរិកជំទាស់ ហើយសមាជិកសហភាពអឺរ៉ុបមកហុងគ្រី ក៏បានជំទាស់នឹងការផ្តល់មូលនិធិរបស់អឺរ៉ុបដល់ទីក្រុងគៀវផងដែរ។
ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីអាចផ្តល់នូវលំហូរមូលនិធិសម្រាប់ទីក្រុងគៀវបន្តស្តារ និងការកសាងប្រទេស ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាល G7 ភាគច្រើនបានច្រានចោលចំពោះទង្វើបែបនេះ ដោយបារម្ភថា ស្ថិរភាពសេដ្ឋកិច្ចអាចនឹងមានបញ្ហា។ ពាក់ព័ន្ធនឹងបញ្ហានេះ មានការធ្លាយឯកសារពិភាក្សារបស់រដ្ឋាភិបាលអាម៉េរិក ប៉ុន្តែរតនាគារសហរដ្ឋអាម៉េរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។
មន្ត្រីអាម៉េរិកម្នាក់បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានចូលរួមនៅក្នុងការសន្ទនាយ៉ាងសកម្មលើការប្រើប្រាស់ទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ី ហើយជឿជាក់ថា មានពេលវេលាខ្លីដើម្បីសម្រេចចិត្ត។ ពួកគេបានស្នើថា កិច្ចពិភាក្សានេះគួរតែត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរបស់មេដឹកនាំ G7 ដែលចំថ្ងៃខួបពីរឆ្នាំ នៃការឈ្លានពានពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន។
នៅពេលនេះបណ្តាប្រទេសអ៊ឺរ៉ុប ជាពិសេសអាល្លឺម៉ង់ បារាំង និងបែលហ្ស៊ិកមានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត ដោយលើកឡើងពីការព្រួយបារម្ភផ្នែកច្បាប់ ខណៈដែលគេដឹងថា ភាគច្រើននៃទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ី គឺមានតម្លៃដល់ទៅ៣០០ពាន់លានអឺរ៉ូ គឺនៅអឺរ៉ុប៕
ដោយៈ សរ សុជាតិ