ពូទីនប្រកាសជ័យជំនះលើក្រុងម៉ារីយ៉ូប៉ូល

ប្រធានាធិបតីរុស្ស៊ីលោកពូទីនប្រកាសជ័យជំនះលើសង្គ្រាមនៅក្រុងម៉ារីយ៉ូប៉ូល


ប្រធានាធិបតីរុស្ស៊ីលោកពូទីនប្រកាសជ័យជំនះលើក្រុងម៉ារីយ៉ូប៉ូល តែទ័ពអ៊ុយក្រែននៅសេសសល់មិនទាន់ទម្លាក់អាវុធ! ក្រោយការវាយសង្គ្រប់ បាញ់ផ្លោងយ៉ាងចាស់ដៃអស់ពេលជាច្រើនសប្តាហ៍ ទីបំផុតទៅប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀវ ពូទីន បានប្រកាសពីជ័យជំនះរបស់កងទ័ពរុស្ស៊ីលើទីក្រុងកំពង់ផែម៉ារីយ៉ូប៉ូលហើយ។
ប្រធានាធិបតីពូទីនប្រកាសជ័យជំនះលើក្រុងម៉ារីយ៉ូប៉ូល

ទោះជាយ៉ាងនេះក្ដី សារព័ត៌មានអន្តរជាតិជាច្រើនបានរាយការណ៍ថា មានទាហានអ៊ុយក្រែនចំនួនជាង ២ពាន់នាក់ទៀត កំពុងលាក់ខ្លួននៅក្រោមដីក្នុងតំបន់ឧស្សាហកម្មរោងចក្រដែក ឈ្មោះអាហ្សូវ (Azov)។

ប៉ុន្តែភាគីអ៊ុយក្រែនផ្ទាល់ ពុំបានបញ្ជាក់ពីចំនួនទាហានអ៊ុយក្រែន ដែលកំពុងលាក់ខ្លួនឡើយ ដោយគ្រាន់តែបានឲ្យដឹងថា មានជនស៊ីវិលជាង ១ពាន់នាក់ ក្នុងនោះមានស្រ្តី កុមារ ព្រមទាំងអ្នករងរបួសផង កំពុងស្ថិតនៅជាមួយក្រុមទាហានអ៊ុយក្រែន ដែលលាក់ខ្លួន ខណៈអ្នកជាប់នៅទូទាំងទីក្រុងសរុបមានជាង ១០ម៉ឺននាក់។ កងទ័ពរបស់អ៊ុយក្រែនដែលនៅសេសសល់ទាំងនោះ មិនទាន់ទម្លាក់អាវុធ សុំចុះចាញ់ឡើយ ទោះបីជាទាហានរុស្ស៊ីចល័តចូលដល់ក្រុងម៉ារីយ៉ូប៉ូល និងបានប្រកាសពីជ័យជំនះហើយក្តី។ អភិបាលក្រុងម៉ារីយ៉ូប៉ូលបាននិយាយថា ពេលនេះអាយុជីវិតពលរដ្ឋនៅម៉ារីយ៉ូប៉ូល គឺស្ថិតនៅក្នុងដៃរបស់លោកពូទីនជាអ្នកសម្រេចហើយ។

រុស្ស៊ីប្រកាសជ័យជំនះលើការក្រុងកំពង់ផែម៉ារីយ៉ូប៉ូល

ដោយមិនខ្វល់ពីទាហានអ៊ុយក្រែនដែលនៅសេសសល់ ពូនសំងំក្នុងរោងចក្រស្លរដែក លោកពូទីនបានប្រកាសជ័យជំនះលើក្រុងម៉ារីយ៉ូប៉ូល និងបានឲ្យគេលោមព័ទ្ធតំបន់រោងចក្រស្លរដែកអាហ្សូវ (Azov) តែមិនបានបញ្ជាឲ្យវាយប្រហារឡើយ។ បើតាមការអះអាងពីភាគីអ៊ុយក្រែន លោកពូទីនមិនវាយប្រហារកងទ័ពដែលនៅសេសសល់ ក៏ដោយសារតែរុស្ស៊ីខ្វះខាតកងទ័ព ដើម្បីវាយជាមួយពួកគេ។

សហរដ្ឋអាមេរិក ទាត់ចោលការអះអាងជ័យជំនះរបស់លោកពូទីន និងបានបង្ហាញភាពជឿជាក់ថា កងទ័ពអ៊ុយក្រែននៅបន្តឈរជើងក្នុងទីក្រុងនៅឡើយ គ្មានផ្លូវដែលរុស្ស៊ីត្រូវមកប្រកាសជ័យជំនះនោះទេ។ នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរបស់លោកនៅវិមានក្រឹមឡាំង ដែលបានចាក់ផ្សាយតាមទូរទស្សន៍រុស្ស៊ីផងនោះ លោកពូទីនបានអបអរសាទររដ្ឋមន្ត្រីការពារជាតិ និងកងទ័ពរុស្ស៊ីទាំងអស់សម្រាប់ កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធដែលលោកបានប្រើពាក្យថា «ដើម្បីរំដោះក្រុង Mariupol» ។ ប៉ុន្តែលោកបានបង្ហើបថា មិនមានការចាំបាច់ណាមួយក្នុងការវាយលុកតំបន់ឧស្សាហកម្ម ដូចជារោងចក្រដែកនៅ Azov នោះទេ។

គួរកត់សម្គាល់ថា ការគ្រប់គ្រងលើទីក្រុងយុទ្ធសាស្ត្រដ៏ធំ ម៉ារីយ៉ូប៉ូល នឹងអនុញ្ញាតឲ្យរុស្ស៊ី មានលទ្ធភាពភ្ជាប់ទឹកដីដែល កាន់កាប់ដោយក្រុមឧទ្ទាមបំបែកខ្លួនគាំទ្រដោយរុស្ស៊ីនៅភាគខាងកើតនៃប្រទេសគឺតំបន់ដុនបាស ភ្ជាប់ជាមួយនឹងតំបន់គ្រីមៀ ដែលទីក្រុងម៉ូស្គូបានកាត់យកកាលពីឆ្នាំ២០១៤។

ទីក្រុងកំពង់ផែមួយនេះ មានពលរដ្ឋរស់នៅសរុបជាង ៤០ម៉ឺននាក់ ខណៈអ្នកស្លាប់សរុបនៅក្នុងការប្រយុទ្ធគ្នានេះ ត្រូវបានគេប៉ាន់ស្មានថា មានចំនួនដល់ជាង១ម៉ឺននាក់។  អង្គការសហប្រជាជាតិ និងកាកបាទក្រហមបាននិយាយថា ចំនួនជនស៊ីវិលដែលបានស្លាប់ក្នុងចំណោមអ្នកស្លាប់សរុប យ៉ាងហោចណាស់ ក៏មានរាប់ពាន់នាក់ដែរ។

អភិបាលក្រុងម៉ារីយ៉ូប៉ូលលោក វ៉ាឌីម ប៉ូឆេនកូ(Vadym Boichenko) បានប្រាប់រ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ថា មានតែប្រធានាធិបតីពូទីនតែឯងប៉ុណ្ណោះ ដែលអាចសម្រេចជោគវាសនារបស់ជនស៊ីវិលទាំងអស់ដែលកំពុងពូនសំងំទូទាំងទីក្រុងជាង១០ម៉ឺននាក់។

បើតាមឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បាននិយាយថា ជនស៊ីវិល១ពាន់នាក់ និងទាហាន៥០០ នាក់ដែលរងរបួស ចាំបាច់ត្រូវតែយកចេញពីរោងចក្រស្លរដែកនៅ Azov ជាបន្ទាន់។ គេក៏បានស្តីបន្ទោសកងកម្លាំងរុស្ស៊ីថា មិនបានធ្វើតាមការព្រមព្រៀងគ្នាពីដំបូង ក្នុងការបង្កើតច្រកសុវត្ថិភាពសម្រាប់ជម្លៀសពលរដ្ឋចេញផងដែរ។ 

តើសង្គ្រាមអូសបន្លាយមកជិត២ខែមកនេះ បានបំផ្លិចបំផ្លាញអ្វីខ្លះនៅអ៊ុយក្រែន?

ប្រធានធនាគារពិភពលោក David Malpass បាននិយាយថា ការខូចខាត អគារ និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែនពីការឈ្លានពានរបស់រុស្ស៊ី គឺមានប្រហែល ៦០ពាន់លានដុល្លារ ហើយនឹងកើនឡើងបន្ថែមទៀតនៅពេលដែលសង្រ្គាមនៅតែបន្តឆាបឆេះ។ យ៉ាងណាមិញ ការប៉ាន់ប្រមាណនេះ ជាជំហានដំបូងប៉ុណ្ណោះ ហើយវាមិនបានរាប់បញ្ចូលនូវការចំណាយលើទំហំសេដ្ឋកិច្ច ដែលបានប៉ះពាល់នោះទេ។

ប្រមុខដឹកនាំអ៊ុយក្រែនថា គេត្រូវការទឹកប្រាក់ ៧ពាន់លានដុល្លារក្នុងមួយខែ ដើម្បីចំណាយលើការខាតបង់សេដ្ឋកិច្ច ដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសរបស់ខ្លួន។

លោក ហ្សេលេនស្គីបានអំពាវនាវឱ្យប្រទេសដែលបានដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី ឱ្យប្រើប្រាស់ប្រាក់នោះ ដើម្បីយកមកជួយកសាងប្រទេសអ៊ុយក្រែនឡើងវិញ បន្ទាប់ពីសង្គ្រាម និងដើម្បីទូទាត់ការខាតបង់។

សូមជម្រាបថា ភាគីអ៊ុយក្រែនបានប៉ាន់ស្មាន GDP របស់ខ្លួនថាអាចធ្លាក់ចុះពី ៣០% ទៅ ៥០% ដោយមានការខាតបង់ដោយផ្ទាល់ និងដោយប្រយោលសរុបចំនួន ៥៦០ពាន់លានដុល្លារ គិតចាប់ពីសង្គ្រាមចាប់ផ្តើមរហូតមកទល់ពេលនេះ។ នេះជាទឹកប្រាក់ខាតបង់ដ៏ធំធេងមួយ ពោលគឺមានច្រើនជាងបីដងនៃទំហំសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២០ទៅទៀត ដែលកាលនោះសេដ្ឋកិច្ចអ៊ុយក្រែនមានទំហំ ១៥៥ពាន់លានដុល្លារ។ នេះបើផ្អែកតាម ទិន្នន័យពីធនាគារពិភពលោក៕

None



អត្ថបទបន្ទាប់


ធនាគារ FTB ប្រារព្ធពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការកណ្តាលថ្មី “FTB Tower”

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អិមអេសអិនអេច អ៊ិនវេសម៉ិន ឯ.ក (MSNH Investment) បានប្រកាសពីក…

មន្ត្រីជាន់ខ្ពស់អាមេរិកទស្សនកិច្ចនៅកោះសូឡូម៉ុង ក្រោយកោះនេះមានកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន

មន្ត្រីជាន់ខ្ពស់សេតវិមានអាមេរិក លោក ឃឺត ខាមបេល (Kurt Campbell) បានទៅដល់កោះ សូឡូម៉ុងហើយនៅថ្ងៃសុក្រនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោក ធ្វើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ