វិធានការនេះ នឹងឈានទៅហាមប្រាមក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram មិនឱ្យធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ីទៀតឡើយ ខណៈបណ្តាញសង្គមទាំងពីរនឹងត្រូវបិទលែងឲ្យប្រើប្រាស់។ ប៉ុន្តែអនុញ្ញាតឱ្យអ្នកប្រើប្រាស់រុស្ស៊ីបន្តប្រើបណ្តាញ WhatsApp ខណៈដែល Whatsapp ក៏ជាបណ្តាញសង្គមមួយស្ថិតក្រោមក្រុមហ៊ុន Meta ផងដែរ។ ចំណាត់ការនេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់វិមានក្រេមឡាំងក្នុងការបង្ក្រាបសេរីភាពបញ្ចេញមតិ និងព័ត៌មាន ពិសេសបណ្តាញសង្គម ក្នុងអំឡុងសង្គ្រាមអ៊ុយក្រែន។
នៅក្នុងសវនាការភ្នាក់ងារសន្តិសុខរុស្ស៊ី (FSB) បានចោទប្រកាន់ក្រុមហ៊ុន Meta ថាកំពុងធ្វើសកម្មភាពដែលប្រឆាំងនឹងផលប្រយោជន៍របស់ទីក្រុងមូស្គូ និង កងទ័ពរុស្ស៊ីដែលកំពុងធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ជាក់ស្តែងគេបានរកឃើញថា មានការអំពាវនាវឱ្យមានការប្រើប្រាស់អំពើហិង្សាលើពលរដ្ឋរុស្ស៊ី និង មានការស្អប់ខ្ពើម នៅលើវេទិកាដែលគ្រប់គ្រងដោយក្រុមហ៊ុន Meta ដែលជាហេតុឈានដល់ការហាមឃាត់បណ្តាញសង្គមទាំងពីរនេះ។
គួរជម្រាបថា សេចក្តីសម្រេចខាងលើរបស់តុលាការរុស្ស៊ី ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ទីក្រុងម៉ូស្កូកាលពីថ្ងៃទី០៤ ខែមីនាថា ខ្លួននឹងឈានទៅបិទការប្រើប្រាស់ Facebook បន្ទាប់ពី ក្រុមហ៊ុន Meta បានហាមឃាត់គណនីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីជាច្រើនពីការផ្សាយព័ត៌មាន។ ដោយខឹងសម្បារនឹងការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយខ្លួន ទីក្រុងម៉ូស្គូបានប្រកាសបើកការស៊ើបអង្កេតប្រឆាំងនឹងក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកថែមទៀត។
អាជ្ញាធររុស្ស៊ីកាលពីថ្ងៃទី១១ មីនា បានចោទប្រកាន់ក្រុមហ៊ុនមេតា ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram មិនព្រមលុបសារដែលបង្កប់ន័យស្អប់ខ្ពើម ប្រឆាំងនឹងជនជាតិរុស្ស៊ី ឬក៏ប្រទេសរុស្ស៊ី ចាប់តាំងពីលោកពូទីន ផ្តើមប្រកាសបើកប្រតិបត្តិការយោធា ចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ កុម្ភៈមក។
ចាប់ពីពេលនេះទៅក្រុមហ៊ុន Meta នឹងត្រូវបានហាមឃាត់មិនឱ្យបើកសាខាការិយាល័យនៅក្នុងប្រទេសរុស្ស៊ី និងការធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី ខណៈបណ្តាញសង្គមទាំងពីររបស់ Meta គឺ Facebook និង Instagram ដែលជាបណ្តាញសង្គមដ៏ពេញនិយមសម្រាប់យុវជនរុស្ស៊ី នឹងមិនអាចបើកចូលប្រើបានទៀតឡើយចាប់ពីពេលនេះតទៅ។ ប៉ុន្តែ បណ្តាញសង្គម Whatsapp ដែលស្ថិតក្រោមក្រុមហ៊ុន Meta ដែរនោះ នៅត្រូវបានគេអនុញ្ញាតប្រើប្រាស់ជាធម្មតា។ អ្នកប្រើ Whatsapp នៅរុស្ស៊ីមានជាង ៦៥%នៃអ្នកប្រើអ៊ីនធឺណេតសរុប ដែលវាមានភាពពេញនិយមដូចបណ្តាញ Telegram របស់រុស្ស៊ីដែរ។
សូមជម្រាបថា ក្រុមហ៊ុនមេតានៅមិនទាន់ចេញមុខ ឆ្លើយតបនឹងវិធានការខាងលើ ដែលបានដាក់មកលើក្រុមហ៊ុនខ្លួននោះទេ៕