រូបិយប័ណ្ណរុស្ស៊ីបានធ្លាក់ចុះខ្លាំងបំផុត ជាក់ស្ដែងកាលពីថ្ងៃសុក្រនៅមានតម្លៃ ៨៣រូប្ល ដូរបាន១ដុល្លារអាមេរិក ប៉ុន្ដែថ្ងៃចន្ទនេះបានធ្លាក់មកដល់ ១១៧រូប្ល ទើបដូរបាន ១ដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យរបស់ Bloomberg ។
សហរដ្ឋអាមេរិក និងប្រទេសធំៗនៅអឺរ៉ុបបាននិយាយថា ធនាគាររុស្ស៊ីដែលបានជ្រើសរើសនឹងត្រូវដកចេញពីប្រព័ន្ធទូទាត់សកល SWIFT គឺជាធនាគារហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសំខាន់ៗរបស់រុស្ស៊ី ដែលមានប្រតិបត្តិការផ្ញើប្រាក់ឆ្លងកាត់ព្រំដែន។ ក្នុងនោះ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក៏បាននិយាយថា ប្រទេសជប៉ុននឹងចូលរួមជាមួយការដាក់ទណ្ឌកម្មនេះផងដែរ។
ឈ្មួញកណ្តាលជប៉ុនបានឈប់ទទួលយកការបញ្ជាទិញថ្មីសម្រាប់ប្រាក់រូប ចំពេលមានការព្រួយបារម្ភខ្ពស់អំពីទីផ្សារ។ ជុំវិញបញ្ហានេះ ក្រុមហ៊ុនឈ្មួញជើងសារមូលបត្រ ដែលប្រតិបត្តិការសេវាកម្មប្តូរប្រាក់បរទេសតាមអ៊ីនធឺណិតបាននិយាយថា ក្រុមហ៊ុនខ្លួននឹងមានការលំបាកក្នុងការអនុវត្តការជួញដូរ និងការផ្តល់អត្រាការប្រាក់ ដោយព្រមានថា អាចនឹងត្រូវបង្ខំឱ្យបិទការជួញដូរប្រាក់រូប្លរុស្ស៊ី ជាមួយប្រាក់យ៉េនជប៉ុនផងដែរ។
ជាមួយគ្នានេះ ទីផ្សារភាគហ៊ុន និងរូបិយប័ណ្ណអាស៊ីក៏មានភាពប្រែប្រួលដែរ នៅពេលព្រឹកថ្ងៃចន្ទនេះ ខណៈវិនិយោគិនក៏បានថ្លឹងថ្លែងពីទណ្ឌកម្មថ្មីៗលើរុស្ស៊ីដែលជាការឆ្លើយតបនឹងការលុកលុយលើអ៊ុយក្រែន ក៏ដូចជាការអភិវឌ្ឍលើកិច្ចចរចាសន្តិភាពរវាងប្រទេសទាំងពីរផងដែរ។
ជាមួយគ្នានេះ តម្លៃប្រេងនៅពេលព្រឹកនេះ បានកើនឡើងកាន់តែខ្ពស់ ចំពេលមានការព្រួយបារម្ភជុំវិញការផ្គត់ផ្គង់ពីប្រទេសផលិតប្រេងឈានមុខគេរបស់ពិភពលោក។ ក្នុងនោះ ទីផ្សារប្រេងនៅលើទីផ្សារទីក្រុងឡុងដ៍ចក្រភពអង់គ្លេស បានកើនឡើងដល់ ១០៥ ដុល្លារក្នុងមួយបារ៉ែលភ្លាមៗបន្ទាប់ពីការចាប់ផ្តើមនៃការជួញដូរនៅប្រទេសជប៉ុន នៅថ្ងៃព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ៕
អត្ថបទ ស៊ើង និមល់