យោងតាមប្រភពព័ត៌មានដដែលនេះបានបង្ហាញទៀតថា តាមការប៉ាន់ស្មានផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីសម្រាប់ឆ្នាំ២០២២ ថាគឺជាបម្រែបម្រួលល្អគួរឱ្យកត់សម្គាល់មួយ ដែលការព្យាករណ៍នេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីជម្លោះរវាងអ៊ុយក្រែនបានចាប់ផ្តើម។ ដោយឡែក នៅឆ្នាំ ២០២១ សេដ្ឋកិច្ចរុស្ស៊ីត្រូវបានមើលឃើញថាមានកំណើន ៥,៦%។
ក្រសួងសេដ្ឋកិច្ចរុស្ស៊ីធ្លាប់បានព្យាករពីការធ្លាក់ចុះសេដ្ឋកិច្ចដល់ទៅជាង ១២% កាលពីឆ្នាំ២០២២ ដែលការធ្លាក់ចុះនេះខ្ពស់ជាងការធ្លាក់ចុះកាលពីពេលដែលសហភាពសូវៀតដួលរលំ និងក្នុងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ១៩៩៨ទៅទៀត។ ប៉ុន្ដែ នៅចុងក្រោយនេះ របាយការណ៍ពីស្ថាប័នស្ថិតិនៃរដ្ឋសហព័ន្ធរុស្ស៊ីបង្ហាញឲ្យឃើញថា ការធ្លាក់ចុះជាក់ស្ដែង គឺមានខុសគ្នាឆ្ងាយពីអ្វីដែលបានព្យាករ ដោយសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះត្រឹមតែក្នុងរង្វង់២%។ ធនាគារកណ្ដាលរបស់រុស្ស៊ីនៅដើមសប្ដាហ៍នេះ ក៏បានប៉ាន់ប្រមាណសេដ្ឋកិច្ចរុស្ស៊ីថា មានការធ្លាក់ចុះប្រមាណ ២,៥%ផងដែរ៕
គេនៅចាំបានថា កាលពីខែមេសា ឆ្នាំ ២០២២ ធនាគារពិភពលោកបានព្យាករដែរថា សេដ្ឋកិច្ចរុស្ស៊ីនឹងធ្លាក់ចុះ ១១,២% នៅឆ្នាំ២០២២ ហើយអាចងើបមកវិញបានតិចតួចប៉ុណ្ណោះ នៅរយៈពេល២ឆ្នាំមខាងមុខ ដោយសារតែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ប្រទេសរុស្ស៊ីអាចនឹងប្រឈមមុខជាមួយបម្រែបម្រួលជាអវិជ្ជមានផ្នែកសេដ្ឋកិច្ចដ៏ធំបំផុត ដែលមិនធ្លាប់។
គួរជម្រាបថា មុនពេលជម្លោះនៅអ៊ុយក្រែនចាប់ផ្តើម រដ្ឋាភិបាលរុស្ស៊ីបានរំពឹងថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ខ្លួននឹងមានប្រមាណ ៣% នៅឆ្នាំ ២០២២ ។ ក្នុងនោះ ឧស្សាហកម្មផលិត ក៏ដូចជាពាណិជ្ជកម្មលក់ដុំ និងរាយ កំពុងស្ថិតក្នុងចំណោមវិស័យដែលធ្លាក់ចុះខ្លាំងបំផុតក្នុងឆ្នាំ ២០២២ ខណៈដែលវិស័យកសិកម្ម បដិសណ្ឋារកិច្ច សំណង់ និងរ៉ែ សុទ្ធតែមានកំណើន។
សូមជម្រាបថា នៅក្នុងខែមករាឆ្នាំ២០២៣ អតិរេកគណនីចរន្តរបស់រុស្ស៊ីបានធ្លាក់ចុះជាង ៥៨% ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម ៨ ពាន់លានដុល្លារ។ យ៉ាងណាមិញ អតិរេកគណនីចរន្តរបស់រុស្ស៊ីបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២២ ដោយសារតែការធ្លាក់ចុះនៃការនាំចូល។ ការនាំចេញប្រេង និងឧស្ម័ន បានបណ្ដាលឲ្យសាច់ប្រាក់បរទេសហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលក្នុងប្រទេសរុស្ស៊ី ទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិច ក្រោយពីមានជម្លោះនៅអ៊ុយក្រែនក៏ដោយ។ ជាក់ស្ដែង ការនាំចេញសុទ្ធបានកើនឡើងពី ៩,៣% ដល់ជិត១៣% ដោយសារតែតម្លៃនាំចេញនៃប្រេងឥន្ធនៈ និងផលិតផលថាមពល មានខ្ពស់ជាងការនាំចូលយ៉ាងខ្លាំង៕