អាជ្ញាធរគយនៃសមាជិកសហភាពអឺរ៉ុបកំពុងហាមឃាត់នាវាដឹកទំនិញជាប់ព្រំដែនប្រទេសរុស្ស៊ីពីការប្រើប្រាស់កំពង់ផែរបស់អឺរ៉ុប ជាពិសេសបញ្ឈប់ផ្លូវសមុទ្រដែលប្រើសម្រាប់ដឹកជញ្ជូនកុងតឺន័រជាច្រើនដែលត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសរុស្ស៊ី។ ប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប ក៏បានប្រកាសបិទការទទួលទិញទំនិញ និងបញ្ឈប់ការដឹកកុងតឺន័រទាំងទៅ និងមកពីប្រទេសរុស្ស៊ីផងដែរ។
ស្របពេលជាមួយគ្នានេះ ការដឹកជញ្ជូនតាមផ្លូវអាកាសក៏រងផលប៉ះពាល់ ដោយសារតែសហភាពអឺរ៉ុបបានហាមឃាត់យន្តហោះរុស្ស៊ីមិនឱ្យហោះហើរពីលើដែនអាកាសរបស់សហភាពអឺរ៉ុប។ ដូច្នេះរុស្ស៊ីនឹងគ្មានជម្រើសអ្វីក្រៅពីពឹងផ្អែកលើការដឹកជញ្ជូនតាមរថភ្លើងឆ្លងកាត់ស៊ីបេរី និងតាមផ្លូវគោកពីប្រទេសចិននោះទេ។
សូមជម្រាបថា ជីវភាពរស់នៅរបស់ប្រជាជនរុស្ស៊ីចាប់ផ្តើមរងផលប៉ះពាល់ដោយសារការយឺតយ៉ាវនៃ ការដឹកជញ្ជូនទំនិញ ខណៈតម្លៃផលិតផលឌីជីថលដែលរុស្ស៊ីពឹងផ្អែកលើការនាំចូលក៏បានកើនឡើងផងដែរ។ ដូច្នេះកង្វះទំនិញនៅក្នុងប្រទេសរុស្ស៊ីត្រូវបានគេរំពឹងថានឹងកាន់តែធ្ងន់ធ្ងរទៅៗ នៅពេលខាងមុខនេះ។
យ៉ាងណាមិញ កាលពីខែមករាកន្លងទៅ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីនឹងកើនឡើង ២,៨% នៅឆ្នាំនេះ។ តែក្រោយពេលដែលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនផ្ទុះជាសង្គ្រាម ក្រុមហ៊ុន Goldman Sachs បានចេញការកែសម្រួលការព្យាករផលិតផលក្នុងស្រុកសរុបរបស់ប្រទេសរុស្ស៊ីពីកំណើន២% មកដាំក្បាលចុះដល់ទៅ ៧% វិញនៅឆ្នាំ២០២២។
គួរឱ្យកត់សម្គាល់ថា ការធ្លាក់ចុះនៃការនាំចេញធនធានកម្រ និងគ្រាប់ធញ្ញជាតិពីប្រទេសរុស្ស៊ីអាចនាំឱ្យតម្លៃវត្ថុធាតុដើមកាន់តែខ្ពស់ ដែលវានឹងដាក់បន្ទុកលើក្រុមហ៊ុន និងអ្នកប្រើប្រាស់ជុំវិញពិភពលោក ដូច្នេះផលប៉ះពាល់លើសេដ្ឋកិច្ចពិភពលោកក៏នឹងកើនឡើងខ្ពស់ដូចគ្នាផងដែរ៕
អត្ថបទ ស៊ើង និមល់