សេដ្ឋកិច្ចអាស៊ាន

សម្តេច ហ៊ុន សែន៖ អាស៊ានកំពុងស្ថិតក្នុងចំណុចប្រសព្វដ៏ស្រពេចស្រពិលបំផុត


បទបើទោះបីស្ថានភាពការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ សកលមានភាពស្រាកស្រាន្តក៏ពិតមែន តែសេដ្ឋកិច្ចអាស៊ាន ក៏ដូចជាពិភពលោកនៅតែមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ ដែលទាមទារឲ្យប្រទេសនីមួយៗជាពិសេសប្រទេសជាសមាជិកអាស៊ានត្រូវតែបន្តរក្សាការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផុត។
អាស៊ានកំពុងស្ថិតក្នុងចំណុចប្រសព្វដ៏ស្រពេចស្រពិលបំផុត

នេះបើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកត់សង្កត់ធ្ងន់ថា អាស៊ានកំពុងស្ថិតលើចំណុចប្រសព្វដ៏ស្រពេចស្រពិលបំផុតក្នុងការប្រឈមនឹងបញ្ហាថ្មីៗ ដែលអាចកើតឡើងជាបន្តបន្ទាប់។ កត្តានេះទាមទារឲ្យសមាជិកអាស៊ានទាំងអស់ត្រូវបង្កើនការសហការ និងឯកភាពគ្នា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍អាស៊ានប្រកបដោយចីរភាព និងបរិយាបន្ន។ សេដ្ឋកិច្ចតំបន់អាស៊ានត្រូវបានគេរំពឹងថា នឹងអាចមានកំណើនក្នុងអត្រា៥,៣% នៅឆ្នាំ២០២២ និងអត្រា៤,៩% នៅឆ្នាំ២០២៣។

នាពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះបានគូសបញ្ជាក់ថា អាស៊ានកំពុងស្ថិតលើចំណុចប្រសព្វដ៏ស្រពេចស្រពិល ដែលជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់នេះត្រូវពឹងផ្អែកលើឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រមប្រាកដនិយមក្នុងការដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រនានា ដែលអាស៊ានកំពុងជួបប្រទះ។ សម្តេចបានគូសបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលជិត៣ឆ្នាំនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ អាស៊ានបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតមួយនេះ រហូតធ្វើឲ្យសមាជិកនីមួយៗ និងអាស៊ានទាំងមូលអាចប្រកាសដោយមោទនភាពថា អាស៊ានបានយកឈ្នះលើការគំរាមកំហែងជាសកលមួយនេះ និងបានចាប់ផ្តើមដំណើរការស្តារនូវសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញ។ ជាក់ស្តែង បើផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូក៣កាលពីខែតុលា កន្លងទៅ សេដ្ឋកិច្ចអាស៊ានត្រូវបានរំពឹងថា នឹងអាចមានកំណើនក្នុងអត្រា៥,៣% នៅឆ្នាំ២០២២ និងអត្រា៤,៩% នៅឆ្នាំ២០២៣ ដែលជាអត្រាមួយខ្ពស់បើធៀបនឹងតំបន់ផ្សេងទៀតនៃសកលលោក។ លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាកត់សម្គាល់ឃើញថា សេដ្ឋកិច្ចអាស៊ានមានការរីកចម្រើនលឿនជាងតំបន់ផ្សេងៗនៅលើពិភពលោក ហើយសេដ្ឋកិច្ចអាស៊ាននៅមានសក្តានុពលខ្ពស់សម្រាប់ការរីកចម្រើន និងការងើបឡើងវិញ ដ្បិតប្រទេសក្នុងតំបន់អាស៊ានភាគច្រើនស្ថិតក្នុងកម្រិតមានចំណូលមធ្យមកម្រិតខ្ពស់ មធ្យម និងកម្រិតទាប។ បើតាមការគូសបញ្ជាក់របស់លោក បញ្ញា សេដ្ឋកិច្ចអាស៊ានបច្ចុប្បន្នស្ថិតក្នុងលំដាប់ទី៧លើពិភពលោក ខណៈជាគោលដៅរបស់អាស៊ានចង់ប្រែក្លាយសេដ្ឋកិច្ចក្នុងតំបន់នេះឲ្យឈរលំដាប់ទី៣លើពិភពលោកនាពេលអនាគត។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថា ស្របពេលអាស៊ានកំពុងសប្បាយរីករាយជាមួយនឹងផ្លែផ្កាពីការខិតខំប្រឹងប្រែងលើវិថីឆ្ពោះទៅកាន់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព អាស៊ានក៏ត្រូវរក្សាការប្រុងប្រយ័ត្នឲ្យបានជាប់ជានិច្ច ដើម្បីត្រៀមឆ្លើយតបនឹងបញ្ហា ដែលអាចកើតមានឡើងនាពេលអនាគត។ ការក្រើនរំលឹកបែបនេះ ក៏ព្រោះតែសម្តេចតេជោមើលឃើញថា ស្ថានភាពសង្គម និងសេដ្ឋកិច្ចអាស៊ាន ក៏ដូចជាពិភពលោកនៅតែស្ថិតក្នុងភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ដោយឆ្នាំ២០២២ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាមួយនឹងដៃគូផ្សេងៗទៀត នឹងផ្ដល់នូវដំណោះស្រាយ ដើម្បីសម្រេចនូវសមិទ្ធផល និងអាទិភាពគន្លឹះ សម្រាប់ឆ្នាំ២០២២របស់អាស៊ាន និងផ្សាភ្ជាប់ជាមួយនឹងទិសដៅអនាគត។ កិច្ចប្រជុំនេះ ក៏នឹងមានអនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផលដ៏វែងចំនួន១០០ឯកសារ ដើម្បីជាមគ្គុទេសសម្រាប់សកម្មភាព និងសហប្រតិបត្តិការរបស់អាស៊ាននាឆ្នាំខាងមុខ។ សម្រាប់សម្តេចតេជោ ហ៊ុន សែន បើទោះបីអាស៊ានបានធ្វើដំណើរទៅមុខក្តី តែមិនត្រូវភ្លេចនូវអតីតកាល និងគុណតម្លៃដែលអាស៊ានបានកសាង និងថែរក្សានោះទេ។ សម្តេចជឿជាក់ថា បាវចនា«អាស៊ានចក្ខុវិស័យតែមួយ, អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ»នៅតែមានគុណតម្លៃពិតប្រាកដនាពេលនេះ។ ទន្ទឹមនឹងនេះក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យសមាជិកអាស៊ានទាំងអស់ផ្តោតលើគោលបំណងរួនៃការអភិវឌ្ឍ ដើម្បីសន្តិភាព ស្ថិរភាព និងឧត្តមភាពនៃតំបន់។ សម្តេចបានគូសបញ្ជាក់បន្ថែមថា ទំនាក់ទំនងរបស់ប្រទេសជាសមាជិក និងដៃគូសន្ទនាអាស៊ានទាំងអស់មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែតាមរយៈការប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការព្យាយាមជាច្រើនឆ្នាំ។ ដូច្នេះអាស៊ានត្រូវថែរក្សាការឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន ដែលជាអាទិភាពចម្បងបំផុត ដើម្បីធានាឱ្យតំបន់អាស៊ានមានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាននាពេលអនាគត៕




អត្ថបទបន្ទាប់


កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិជាង ៤៤ពាន់លានដុល្លារ កើនឡើងជិត ១៥% នៅរយៈពេល១០ខែឆ្នាំនេះ

នៅរយៈពេល១០ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៤៤ពាន់លានដុល្លារអាម…

អាស៊ានអនុញ្ញាតជាគោលការណ៍ឱ្យទីម័រឡេស្តេក្លាយជាសមាជិកទី១១តែគ្រោងអនុម័តជាផ្លូវការនៅកិច្ចប្រជុំអាស៊ានឆ្នាំក្រោយ

អំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ថ្នាក់ដឹកនាំអាស៊ាន បានសម្រេចជាគោលការណ៍ ឱ្យទីម័រឡេស្តេ ឬទីម័តខាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ