សេដ្ឋកិច្ចកម្ពុជា

ក្រោយបើកប្រទេសឡើងវិញ សម្តេចតេជោ ហ៊ុន សែន រំពឹងសេដ្ឋកិច្ចកម្ពុជាមានកំណើនរង្វង់៣%ក្នុងឆ្នាំ២០២១ នឹងបន្ដកើនលើស៥%នៅឆ្នាំ២០២២


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់៣%នៅឆ្នាំ២០២១ ប្រសិនបើសេដ្ឋកិច្ចមានដំណើរការល្អនៅរយៈពេលពីរខែបន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (រូបភាព៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន)

ដោយឡែក សម្រាប់​ឆ្នាំ​២០២២​វិញ កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ការ​ព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​៤,២%  ប៉ុន្ដែ​បើ​តាម​ការ​អះអាង​របស់ សម្តេច​តេ​ជោ នៅ​ឆ្នាំ​ក្រោយ​នេះ​សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​មានកំ​ណើ​ខ្ពស់​ជាង​អ្វី​ដែល​បាន​រំពឹង​ទុក​នេះ​ទៅ​ទៀត​។

ការ​មាន​សុទិដ្ឋិនិយម​ខ្ពស់​បែប​នេះ គឺ​បន្ទាប់​ពី​សម្តេច​មើលឃើញ​ពី​កំណើន​នៃ​ការ​នាំ​ចេញ ពិសេស​ផលិតផល​កសិកម្ម​ក្នុង​ឆ្នាំ​២០២១ គួប​ផ្សំ​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់​មួយ​ចំនួន​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​ក្រោយ​នេះ ដែល​វា​នឹង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ និង​ការ​វិនិយោគ​នៅ​កម្ពុជា​។

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹង​ត្រង់​-​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៧១C នៅ​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បង្កើន​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​កម្ពុជា​ពី ២,៤% មក​រង្វង់​៣%​នៅ​ឆ្នាំ​២០២១​។ កំណើនសេដ្ឋកិច្ច​នេះ អាច​សម្រេច​ទៅ​បាន គឺ​វា​អាស្រ័យ​លើ​សេដ្ឋកិច្ច​កម្ពុជា​មានដំណើរ​ការ​ល្អ​ក្នុង​រយៈពេល​ពីរ​ខែ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ​កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១​។ 

ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ការ​ព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​៤,២%​នៅ​ឆ្នាំ​២០២២ ក៏​ប៉ុន្ដែ បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ហក់​ឡើង​លើស​៥% ពោល​គឺ​លើ​ពី​អ្វី​ដែល​បាន​រំពឹង​ទុក​ទៅ​ទៀត​។ ការ​មាន​សុទិដ្ឋិនិយម​ខ្ពស់​បែប​នេះ គឺ​បន្ទាប់​ពី​សម្តេច​មើលឃើញ​ពី​កំណើន​នៃ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ក្នុង​ឆ្នាំ​២០២១ នៅ​តែ​មាន​ស្ថិរ​ភាពល្អ ទោះបី​កម្ពុជា ក៏​ដូច​ជា​ពិភពលោក​ជួប​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

មួយវិញទៀត សម្តេច​តេ​ជោ ជឿជាក់​ថា ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ប្រទេស​ចិន នឹង​មាន​កំណើន​កាន់តែ​ខ្ពស់​នៅ​ឆ្នាំ​២០២២ ក្រោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេ​រិ​កម្ពុជា​ចិន និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់​(RCEP)​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​២០២២​។ 

ជាមួយ​គ្នា​នេះ​ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ជឿជាក់​ដែរ​ថា ការ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​ចិន ដែល​កំពុង​មាន​កំណើន នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​ក្រោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​ក្រោយ ដែល​វា​នឹង​ជួយ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ធំ​ថែម​ទៀត​។ រាជរដ្ឋាភិបាល​កម្ពុជា និង​ចិន​បាន​ប្តេជ្ញា​រួម​គ្នា​ថា ភាគី​ទាំង​ពីរ​នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​ឈាន​ដល់​១០​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ៗ​នា​ពេល​អនាគត​។   

ជុំវិញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នេះ​ដែរ ស្ថាប័ន​អន្តរជាតិ Fitch Solutions បាន​បញ្ចេញ​នូវ​របាយការណ៍​ថ្មី​ចុង​ក្រោយ​មួយ ដោយ​ក្នុង​នោះ ក៏​បាន​ព្យាករ​ពី​កំណើនសេដ្ឋកិច្ច​កម្ពុជា​ដែរ​ថា នឹង​មាន​កំណើន​២,៥% នៅ​ឆ្នាំ​២០២១​នេះ បន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​៣,១% កាលពី​ឆ្នាំ​២០២០ ហើយនឹង​បន្ត​កើនឡើង​៤,៥% នៅ​ឆ្នាំ​២០២២​។

បើ​តាម​របាយការណ៍​របស់ Fitch Solutions វិស័យ​សេវាកម្ម និង​ទេសចរណ៍​នឹង​មាន​កំណើន​យឺត​នៅ​ឆ្នាំ​២០២២ ខណៈ​វិស័យ​កម្មន្តសាល និង​កសិកម្ម​នៅ​តែ​អាច​រក្សា​បាន​នូវ​ភាព​ធន់​។ ការ​វាយតម្លៃ​បែប​នេះ ធ្វើ​ឡើង​ក្រោយ Fitch Solutions មើលឃើញ​ថា កម្ពុជា​បាន​ជួប​បញ្ហា​វិបត្តិ​កូ​វី​ដ​-១៩​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ឆ្នាំ​២០២១ នេះ​។

ទោះ​យ៉ាងណា ស្ថាប័ន​នេះ កត់សម្គាល់​ឃើញ​ថា ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ មានការ​ធ្លាក់​ចុះ​ជា​បន្ដបន្ទាប់ ក្រោយ​ពេល​ដែល​កម្ពុជា​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​បាន​កាន់តែ​ច្រើន​រហូត​ដល់​ជិត​៨៨% នៃ​ប្រជាជន​សរុប​១៦​លាន​នាក់​៕

None



អត្ថបទបន្ទាប់


នៅមុនឆ្នាំ២០៣០ កិច្ចព្រមព្រៀង RCEP នឹងបង្កើតការងារដល់ជិត៣លានកន្លែង និងបង្កើនចំណូលសម្រាប់តំបន់ជិត៣០០ពាន់លានដុល្លារ

ប្រសិនបើកិច្ចព្រមព្រៀងRCEP នឹងចូលជាធរមានដូចតាមការគ្រោងទុកនៅពេលខាងមុខមែននោះ នៅមុនឆ្នាំ២០៣០ កិច្ចព្រមព្រៀងដ៏ធំនេះ នឹងជួយបង្កើតការងារថ្មីៗ…

ប្រជាកសិកររអ៊ូរទាំពីតម្លៃស្រូវចុះថោក តែជីនិងថ្នាំកសិកម្មបែរជាឡើងថ្លៃ តើមកពីមូលហេតុអ្វី?

ក្រុមប្រជាកសិករនាំគ្នារអ៊ូរទាំពីតម្លៃស្រូវចុះថោកជាបន្តបន្ទាប់ នារយៈពេលចុងក្រោយនេះ ខណៈតម្លៃជីនិងថ្នាំកសិកម្មបែរជាឡើងថ្លៃទៅវិញ។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ