កូដកម្មរបស់ក្រុមអ្នកបើករថយន្តដឹកទំនិញនៅកូរ៉េខាងត្បូង

ការផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Samsung នៅចិនរងការរំខានពីការធ្វើកូដកម្មរបស់ក្រុមអ្នកបើករថយន្តដឹកទំនិញនៅកូរ៉េខាងត្បូង


ការផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Samsung Electronics Co Ltd នៅក្នុងប្រទេសចិនប្រឈមនឹងការរំខានពីការធ្វើកូដកម្មរបស់ក្រុមអ្នកបើករថយន្តដឹកទំនិញនៅប្រទេសកូរ៉េខាងត្បូង ដែលកំពុងរាំងស្ទះដល់ការនាំចេញវត្ថុធាតុដើមសំខាន់ៗរបស់ក្រុមហ៊ុននេះ។ មកទល់ពេលនេះ ការធ្វើការកូដកម្មតវ៉ាពីសំណាក់អ្នកបើកបរឡានដឹកទំនិញ ប្រឆាំងនឹងបញ្ហាប្រេងឥន្ធនៈឡើងថ្លៃនៅកូរ៉េខាងត្បូង បាននិងកំពុងបន្ដជាងសប្ដាហ៍មកហើយ បើទោះបីជា រដ្ឋាភិបាលអំពាវនាវឲ្យមានការបញ្ឈប់ការតវ៉ានេះ និងថា ការធ្វើកូដកម្មនេះ គឺជារឿងខុសច្បាប់។ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
កូដកម្មរបស់ក្រុមអ្នកបើករថយន្តដឹកទំនិញនៅកូរ៉េខាងត្បូង

លោក នាយក​រដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង លោក ហាន ដាក់​ស៊ូ (Han Duck-soo) នៅ​ថ្ងៃ​ទី​១៤​មិថុនា​បាន​អំពាវនាវ​ឲ្យ​អ្នកបើកបរ​ឡាន​ដឹក​ទំនិញ​បញ្ចប់​ការ​ធ្វើ​កូដកម្ម​របស់​ពួក​គេ ដែល​កំពុង​បង្ករ​បញ្ហា​រំខាន​ជា​ច្រើន​ដល់​ប្រព័ន្ធ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទិ​ក​របស់​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​លោក ហាន ដាក់​ស៊ូ បាន​និយាយ​ទៀត​ថា សកម្មភាព​តវ៉ា​របស់​ក្រុម​អ្នក​តវ៉ា​ទាំងនេះ គឺ​ខុសច្បាប់ ហើយ​មិន​អាច​មានការ​គាំទ្រ​ពី​ប្រជាជន​នោះ​ឡើយ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន The Korea Herald​។

កូដកម្ម​រយៈពេល​ជាង​១​ស​ប្តា​ហ៍​មកនេះ​កំពុង​តែ​ប៉ះពាល់​ការ​ផលិត​បន្ទះ​ឈី​ប​របស់​កូរ៉េ​ខាងត្បូង និង​ធ្វើ​ឱ្យ​វិស័យ​ឧស្សាហកម្ម​របស់​កូរ៉េ​ខាងត្បូង​បាន​ខាតបង់​ជាង ១​ពាន់​២​រយ​លាន​ដុល្លារ​រួច​ទៅ​ហើយ ដោយសារ​តែ​មានការ​កកស្ទះ​មិន​អាច​ដឹក​ជញ្ជូន​ផលិតផល​ចេញ​ទៅ​បាន​ទៅ​កាន់​ទីផ្សារ និង​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​កាត់​បន្ថយ​ការ​ផលិត​របស់​ពួក​គេ​ផង​ដែរ​។

សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (KITA) បាន​និយាយ​ថា ក្រុមហ៊ុន​កូរ៉េ​មួយ​ដែល​ផលិត​ទឹក​សម្អាត​បន្ទះ​ឈី​ប​ហៅ​ថា​ទឹក​សម្អាត IPA នោះ កំពុង​ប្រឈម​នឹង​ភាព​ស្មុគស្មាញ​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​មួយ ដែល​បាន​ផ្គត់ផ្គង់​ទឹក​សម្អាត​នេះ​ដល់​រោងចក្រ Samsung Electronics នៅ​ក្នុង​ប្រទេស​ចិន​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Samsung Electronics នេះ​គឺជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​អង្គ​ចង​ចាំ NAND ដែល​ប្រើ​សម្រាប់​ផ្ទុក​ទិន្នន័យ​នៅ​ក្នុង​មជ្ឈមណ្ឌល​ទិន្នន័យ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​ឧបករណ៍​បច្ចេកវិទ្យា​ផ្សេង​ទៀត​នៅ​ក្នុង​រោងចក្រ​របស់​ខ្លួន​នៅ​ទីក្រុង ស៊ី អាន (Xian) នៅ​ប្រទេស​ចិន​។

សហជីព​អ្នក​រថយន្ត​ដឹក​ទំនិញ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ពួក​គេ​នឹង​បន្ត​ធ្វើ​កូដកម្ម​ទូទៅ​របស់​ខ្លួន និង​ថ្កោលទោស​ក្រសួង​ដឹក​ជញ្ជូន​ថា "​មិន​មាន​ឆន្ទៈ​ក្នុង​ការ​និយាយ ឬ​មិន​អាច​ដោះស្រាយ​ស្ថានភាព​បច្ចុប្បន្ន​"​។

សហជីព​កំពុង​តវ៉ា​ប្រឆាំង​នឹង​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ និង​ទាមទារ​ការ​ធានា​ប្រាក់ខែ​អប្បបរមា​របស់​ពួក​គេ ហើយ​ការ​ចរចា​ចំនួន ៤ លើក​ជាមួយ​រដ្ឋាភិបាល​បាន​បរាជ័យ​ទាំងស្រុង​ក្នុង​ការ​ស្វែងរក​ការ​សម្រុះសម្រួល​គ្នា​។

នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ គេ​បានឃើញ​មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នក​បើករថយន្ត​ធំ និង​ប៉ូលិស​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​ក្នុងអំឡុងពេល​កូដកម្ម​នេះ ដោយ​មានការ​ចូលរួម​ពី​ក្រុម​អ្នក​បើករថយន្ត​ធំ​រាប់​ពាន់​នាក់ ដែល​រំខាន​ដល់​សកម្មភាព​ជា​ច្រើន​នៅ​តាម​មជ្ឈមណ្ឌល​ឧស្សាហកម្ម និង​កំពង់​ផែ​សំខាន់​ៗ​មួយ​ចំនួន ហើយ​ក៏​កំពុង​បង្កក្តី​បារម្ភ​ថា កូដកម្ម​នេះ​អាច​ជះ​ឥទ្ធិពល​ជាស​កល បង្ក​ហានិភ័យ​ថ្មី​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សកល ដែល​មាន​ភាព​តានតឹង​រួច​ទៅ​ហើយ​នោះ​ផង​ដែរ​។

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា យោធា​កូរ៉េ​ខាងត្បូង​បាន​ដាក់​ពង្រាយ​រថយន្ត​ដឹក​ទំនិញ​ប្រហែល ១០០ គ្រឿង​នៅ​តាម​កំពង់​ផែ​សំខាន់​ៗ​រួម​ទាំង​ទីក្រុង​ប៊ូ​សាន​ផង​ដែរ ដើម្បី​ជួយ​ក្រុមហ៊ុន​មួយ​ចំនួន​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​ពួក​គេ ចំ​ពេល​កូដកម្ម​បាន​រាលដាល​នៅ​ទូ​ទាំង​ប្រទេស​នេះ​។

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​ជំរុញ​ឱ្យ​អ្នក​បើករថយន្ត​ធំ​ត្រឡប់​ទៅ​ធ្វើការ​វិញ ហើយ​បាន​និយាយ​ថា នឹង​ស្វែងរក​ដំណោះស្រាយ ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​ក្រុម​អ្នក​តវ៉ា នៅ​ស្រប​ទៅ​តាម​ច្បាប់ និង​បន្ត​ព្យាយាម​បញ្ចប់​ជម្លោះ​នេះ តាម​រយៈ​ការ​សន្ទនា​គ្នា​ជា​បន្ត​ទៀត​៕

អត្ថបទ​៖ សុខ ជា

None



អត្ថបទបន្ទាប់


អាមេរិកបន្តដាក់សម្ពាធលើកូរ៉េខាងជើង ស្របពេលដែលទីក្រុងសេអ៊ូលជំរុញឲ្យទីក្រុងប៉េកាំងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើកូរ៉េខាងជើង

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាតូនី ប្លីនខេន (Antony Blinken) បានបញ្ជាក់នៅថ្ងៃទី ១៣មិថុនា សហរដ្ឋអាមេរិកនឹងរក្សាការដាក់សម្ពាធលើប្រទេស…

មេដឹកនាំបំបែកខ្លួននៅតំបន់ដុនបាស អំពាវនាវឱ្យវិមានក្រឹមឡាំងបញ្ចូនទ័ពឲ្យខ្លួនបន្ថែមទៀត ដើម្បីទប់ទល់ទាហ៊ានអ៊ុយក្រែន

វិមានក្រឹមឡាំងបានថ្លែងកាលពីថ្ងៃច័ន្ទទី ១៣ ថា គោលដៅសំខាន់របស់ប្រទេសរុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែនគឺ ដើម្បីការពារអធិបតេយ្យភាពនៃសាធារណជនដូណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ