គម្រោងសាងសង់រោងចក្រផលិតបន្ទះឈីបដ៏ធំនេះ ត្រូវបានគេចាត់ទុកថា ជាការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុន Samsung នៅក្នុងសហរដ្ឋអាមេរិក។ លោក គីម គីណាម (Kim Ki-nam) នាយកប្រតិបត្តិនៃអាជីវកម្ម ផលិតបន្ទះឈីបរបស់ Samsung បានសម្ដែងការអរគុណចំពោះរដ្ឋបាល លោកចូ ប៉ៃដិន សម្រាប់ការបង្កើតបរិយាកាសគាំទ្រដល់ក្រុមហ៊ុនរបស់លោក ដើម្បីពង្រីកការផលិតបន្ទះឧបករណ៍អេឡិចត្រូនិក ឬបន្ទះឈីប ឈានមុខគេនៅក្នុងសហរដ្ឋអាមេរិក។
ទន្ទឹមនេះ ប្រធានាធិបតីអាមេរិក លោក ចូ ប៉ៃដិន ក៏បានជំរុញឱ្យក្រុមហ៊ុន Samsung នាំយកការផលិតវត្ថុធាតុដើមបន្ទះអេឡិចត្រូនិកបន្ថែមទៀត ចូលមកក្នុងសហរដ្ឋអាមេរិកផងដែរ។ លើសពីនេះទៅទៀត រដ្ឋបាលរបស់លោក បៃឌិន បាននិងកំពុងធ្វើការយ៉ាងដិតដល់ ជាមួយនឹងសភា សម្ព័ន្ធមិត្ត និងដៃគូវិស័យឯកជន ដើម្បីបង្កើនសមត្ថភាពផលិតលោហធាតុបន្ទះអេឡិចត្រូនិកបន្ថែមទៀត ដើម្បីធានាថា នឹងមិនប្រឈមមុខនឹងការខ្វះខាតទៀតនោះទេ។
ការវិនិយោគសាងសង់រោងចក្រផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Samsung នៅអាមេរិកនេះ គឺជារោងចក្រទី ២ ពោល គឺក្រុមហ៊ុនបានដំណើរការរោងចក្រផលិតបន្ទះឈីបមួយរួចហើយនៅក្នុងទីក្រុង Austin ដោយបានផលិតឧបករណ៍បន្ទះអេឡិចត្រូនិកសម្រាប់ក្រុមហ៊ុនធំៗជាច្រើនរួមទាំងក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី Tesla ផងដែរ។
សូមជម្រាបថា Samsung គឺជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេទីពីររបស់ពិភពលោក ដែលបានផលិតវត្ថុធាតុដើមដោយខ្លួនឯងសម្រាប់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនផ្សេងទៀត។ ខណៈក្រុមហ៊ុន TSMC របស់កោះតៃវ៉ាន់ជាក្រុមហ៊ុននាំមុខគេនៅក្នុងទីផ្សារផលិតបន្ទះឈីបពិភពលោក។ជាក់ស្ដែង TSMC គ្រប់គ្រងជិត ៥៣% នៃទីផ្សារសកល ខណៈដែល Samsung មានចំណែកត្រឹមតែជាង ១៧% ប៉ុណ្ណោះ។ ដោយឡែក សម្រាប់ទិន្នផលបន្ទះឈីបដំបូងរបស់ Samsung ដែលបានមកពីរោងចក្រថ្មីគ្រោងនឹងសាងសង់នោះ នឹងអាចបង្កើនចំណែកទីផ្សារផលិតរបស់ក្រុមហ៊ុន Samsung បានដល់ ៣០% ទៅ ៤០% បើធៀបនឹង TSMC ដែលអាចបង្កើនទិន្នផលពី ៦០% ទៅ ៧០%។
យ៉ាងណាក៏ដោយក្រុមហ៊ុន Samsung បានអះអាងថា ខ្លួនគ្រោងនឹងបង្កើនសមត្ថភាពផលិតបន្ទះឈីបឲ្យបានដល់ទៅបីដងនៅត្រឹមឆ្នាំ ២០២៦ ខាងមុននេះ៕
អត្ថបទ៖ ស៊ើង និមល់