

លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “«ចំណុចសំខាន់នៃអាជីវកម្មរបស់យើង គឺការប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការផ្តល់ជូនអតិថិជន នូវបទពិសោធន៍ល្អឥតខ្ចោះ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ ការធ្វើប្រតិបត្តិការបង់ប្រាក់ និងទទួលប្រាក់រហ័ស ហើយមានសុវត្ថិភាព គឺមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មគ្រប់ទំហំ ជាពិសេសនៅក្នុងបរិយាកាសធុរកិច្ចក្នុងតំបន់ និងសកល ដែលកំពុងមានការផ្លាស់ប្តូរមិនឈប់ឈរនាពេលបច្ចុប្បន្ននេះ។ Visa B2B Connect នឹងជួយដល់ប្រតិបត្តិការផ្នែកធុរកិច្ចរបស់ម្ចាស់អាជីវកម្មដែលជាអតិថិជនរបស់ធនាគារ ស្ថាបនាទាំងអស់ ឲ្យទទួលបាននូវអត្ថប្រយោជន៍ពីភាពងាយស្រួលនៃការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេសយ៉ាងរហ័ស និងសុវត្ថិភាព តាមរយៈបណ្តាញសាខាដ៏ច្រើនរបស់យើង»។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “«ការធ្វើអាជីវកម្មនាពេលបច្ចុប្បន្នត្រូវការសមត្ថភាពទូទាត់ដែលមានតម្លាភាព រហ័ស និងងាយស្រួលគ្រប់គ្រង»។ អ្នកស្រីបន្តថា៖ «សេវាកម្ម Visa B2B Connect នឹងផ្តល់សិទ្ធិអំណាចដល់អតិថិជនរបស់ធនាគារស្ថាបនាក្នុងការបោះជំហានចូលទៅកាន់សេដ្ឋកិច្ចពិភពលោកជាមួយនឹងការទូទាត់អន្តរជាតិប្រកបដោយសុវត្ថិភាពខ្ពស់ និងការចំណាយទាបជាងមុន»។

សេវាកម្ម Visa B2B Connect ត្រូវបានដាក់ឲ្យដំណើរការសម្រាប់ប្រតិបត្តិការទូទាត់ប្រាក់ទាំងអាជីកម្មក្នុង និង ក្រៅប្រទេស។ ម្ចាស់ធុរកិច្ចនៅកម្ពុជា កំពុងតែរីករាយជាមួយនឹងការទូទាត់ដែលរលូន មានប្រសិទ្ធភាព ហើយយើងអាចព្យាករណ៍ពីគោលដៅពេញនិយមសម្រាប់ការទូទាត់ រួមមាន ប្រទេសថៃ សិង្ហបុរី ហុងកុង អឺរ៉ុប ចិន ជប៉ុន សហរដ្ឋអាមេរិក និងបង់ក្លាដែស។ Visa B2B Connect ផ្តល់នូវការតភ្ជាប់តែមួយគត់ទៅកាន់ពិភពលោក អនុញ្ញាតឲ្យម្ចាស់អាជីវកម្មអាចផ្ទេរប្រាក់ដោយផ្ទាល់ទៅគណនីអ្នកទទួល។ កត្តានេះដកចេញនូវធនាគារអន្តរការី ដោយកាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗសម្រាប់ប្រតិបត្តិការនីមួយៗ។ ក្នុងពេលជាមួយគ្នានេះ វាផ្តល់របាយការណ៍អាជីវកម្មដែលអាចត្រួតពិនិត្យដោយផ្ទាល់ នូវតំលៃសេវា អត្រាប្តូរប្រាក់ និងពេលវេលាដែលប្រាក់បានទៅដល់អ្នកទទួល។
Visa B2B Connect បំពាក់នូវស្រទាប់សុវត្ថិភាពជាច្រើន ដោយប្រតិបត្តិការនីមួយៗត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់។ លើសពីនេះ សម្រាប់ទិន្នន័យ និងព័ត៌មានលម្អិតរបស់ស្ថាប័ន ត្រូវបានការពារដោយបច្ចេកវិទ្យាបំប្លែងព័ត៌មានទៅជានិមិត្តសញ្ញា (tokenization technology) របស់ Visa ដែលអាចការពារម្ចាស់អាជីវកម្មបាន ក្នុងករណីមានការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មនេះ សូមអញ្ជើញទៅកាន់សាខារបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬ ទូរស័ព្ទទៅផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើងតាមរយៈលេខ ០២៣ ៩៩៩ ០១០ ឬ ០៨១ ៩៩៩ ០១០។ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និង សេវាកម្មរបស់ធនាគារ ស្ថាបនា សូមចូលទៅកាន់គេហទំព័រ www.sathapana.com.kh៕


