ទោះយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា តម្លៃអគ្គិសនីរបស់កម្ពុជា នៅឆ្នាំក្រោយ នឹងចុះថ្លៃប្រមាណ ១០០ ទៅ២០០រៀលទៀត ក្រោយពីស្ថានីយវារីអគ្គិសនីសេសានក្រោម២ ដាក់ឲ្យដំណើរការជាផ្លូវការ។
សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ធ្នូ នេះ បានបញ្ជាក់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទំបន់វារីអគ្គិសនីសេសានក្រោម២ថា តម្លៃអគ្គិសនីនឹងចុះថោកជាងតម្លៃបច្ចុប្បន្នប្រមាណ ១០០ ទៅ២០០រៀលទៀត ឬស្មើនឹងប្រមាណ ២សេនកន្លះ ទៅ៥សេន គិតជាលុយដុល្លារអាមេរិក។
បើតាមសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកប្រើប្រាស់ថាមពលអគ្គិសនីក្នុងវិស័យឧស្សាហកម្ម ដែលបច្ចុប្បន្នកំពុងអនុវត្តន៍មានតម្លៃ ១៦សេន៥០ ក្នុងមួយគីឡូវ៉ាត់សម្រាប់នៅភ្នំពេញ និង ១៦សេន៤០ នៅតាមខេត្ត នឹងចុះទៅដល់ ១៤សេន ៧០ នៅឆ្នាំ២០១៩ និងទៅចុះដល់ ១៤សេន៦០ នៅឆ្នាំ២០២០។
បើតាមការលើកឡើងពីលោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តដល់ម្ចាស់រោងចក្រសហគ្រាសដោយបញ្ចុះតម្លៃអគ្គិសនីនាពេលបច្ចុប្បន្នជាង ១៦សេន ក្នុងមួយគីឡូវ៉ាត់ មកនៅ ជាង ១៤ សេន ក្នុងមួយគីឡូវាត់ នៅឆ្នាំ២០១៩ខាងមុខនេះ។
ទោះយ៉ាងណា លោក ខេន លូ បានគូសបញ្ជាក់ថា ធៀបជាមួយប្រទេសមួយចំនួន តម្លៃអគ្គិសនី ១៤ សេននៅកម្ពុជា ក៏មានខ្ពស់គួរឲ្យកត់សម្គាល់ដែរ តួយ៉ាង ប្រទេសវៀតណាមមានតម្លៃប្រមាណ ៤ ទៅ៥សេន ប្រទេសថៃ ៧ ទៅ៨សេន មីយ៉ាន់ម៉ា ១២ សេន បង់ក្លាសដេស ៨ សេនប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្ដី លោក ខេន លូ បានស្ងើចសរសើរ និងថ្លែងអំណរគុណដល់ការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល ដែលបានខិតខំសម្រួលតម្លៃអគ្គិសនី និងតែងលើកទឹកចិត្តដល់ម្ចាស់រោចក្រសហគ្រាសនាពេលកន្លងមក។
ជាមួយគ្នានេះដែរ តាមរយៈសមត្ថភាព វារីអគ្គិសនីសេសានក្រោម២ ដែលអាចផលិតថាមពល អគ្គិសនី បាន៤០០ម៉េហ្កាវាត់ មានទីតាំងក្នុងខេត្តស្ទឹងត្រែង ដែលបានបើកដំណើរការនេះ គេជឿជាក់ថា វារីអគ្គិសនីមួយនេះ នឹងរួមចំណែកធ្វើឲ្យកម្ពុជាកាត់បន្ថយថ្លៃអគ្គិសនី បានកាន់តែប្រសើរជាងមុន ពិសេស គឺអាចកាត់បន្ថយការទិញអគ្គិសនីពីប្រទេសជិតខាងមកប្រើប្រាស់ផងដែរ។
សូមជម្រាបថា វត្តមាន របស់វារីអគ្គិសនីសេសានក្រោម២ ដែលបានប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិកនេះ បានរួមចំណែកធ្វើឲ្យទំហំអគ្គិសនីក្នុងស្រុកកើនឡើងពីប្រមាណ ១៥០ម៉េហ្កាវាត់ រហូតដល់ជាង ២ពាន់ម៉េហ្គាវាត់ហើយ គិតត្រឹមចុងឆ្នាំ ២០១៨។
វារីអគ្គិសនីសេសានក្រោម២ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy របស់ចិន ដែលបានកាន់កាប់ភាគហ៊ុន ៥១ភាគរយ, ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង មានភាគហ៊ុន ៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម មានភាគហ៊ុន ១០ភាគរយ។ វារីអគ្គិសនីសេសានក្រោម២ ជាការវិនិយោគ តាមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) មានរយៈពេលសម្បទាន ៤៥ឆ្នាំ៕